Wednesday, July 10, 2013

ប្រវត្តិប្រពៃណី ថ្វាយបង្គំ និងសំពះខ្មែរ

គ្រប់ប្រជាជាតិដែលមានអារ្យធម៌និងវប្បធម៌ តែងមានរបៀបឬប្រពៃណី នៃការគោរពគ្នាទៅវិញទៅមក ដោយឡែកៗពីគ្នា ដូចជា សំពះ ចាប់ដៃ ងក់ក្បាល លំអោនកាយ លើកដៃស្ទាបទ្រូង ឬ យកដៃ ទៅស្ទាបស្មាអ្នកដែលខ្លួនគោរព...។ល។
តែរបៀប ឬប្រពៃណីនៃការគោរពនីមួយៗ គឺផ្អែកលើមូលដ្ឋានវប្បធម៌ ទំនៀមទំលាប់ ចរិកលក្ខណៈ ឬ មូលដ្ឋានសាសនារបស់ជនជាតិនោះ។ នៅទីនេះ សូមអនុញ្ញាតមិនធ្វើអត្ថាធិប្បាយ អំពីរបៀបគោរពនៃជនជាតិដទៃឡើយ តែសូមសាកល្បងធ្វើការសិក្សា ស្រាវជាវ និងបកស្រាយត្រួសៗ អំពីរបៀបគោរពតាមបែបខ្មែរ ទុកជូនជាចំណេះដឹង សំរាប់ស្រាវជ្រាវបន្តទៅថ្ងៃក្រោយ។
ការគោរពរបស់ខ្មែរ សំដែងចេញតាមរយៈរូបភាពពីរ ទីមួយគឺតាមរយៈពាក្យសំដី និងទីពីរ តាមរយៈកាយវិការ។ ការគោរពតាមរយៈពាក្យសំដី យើងមិនអាចកំណត់ថាមានប៉ុន្មានបែប ប៉ុន្មានយ៉ាងបាននោះឡើយ គឺអាស្រយ័ដោយសមត្ថភាព និង ចំណេះដឹងរបស់ម្នាក់ៗ បកស្រាយទៅតាមកំរិតយល់ដឹង និងមនោសញ្ចេតនាផ្ទាល់ខ្លួន។
រីឯការគោរពតាមរយៈកាយវិការ គឺជាទង្វើមួយ ដែលគេអាចមើលឃើញដូច្នេះវាទាមទារអោយមានរូបភាពសមរម្យ និងទទួលស្គាល់ជាទូទៅពីជំនាន់មួយទៅជំនាន់មួយ។
សង្គមមនុស្សមានវណ្ណៈនិងឋានៈ។ ហេតុនេះការគោរពគ្នា ក៏ត្រូវបានបែងចែកទៅតាមវណ្ណៈនិងឋានៈផងដែរ។
ការគោរពរបស់ខ្មែរបកស្រាយតាមន័យ និង រូបភាពងាយយល់គឺ "ការថ្វាយបង្គំ និង សំពះ" ដែលស្មេរ សូមសន្មតហៅថា"ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ"។ តាមការសិក្សាស្រាវជ្រាវ គេអាចសន្និដ្ឋានបានថា ការថ្វាយបង្គំ ឬសំពះខ្មែរ គឺផ្តើមចេញពីមូលដ្ឋាននៃសាសនា។
ព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយនៅប្រទេសខ្មែរតាំងពីពុទ្ធសតវត្សទី៣ មកម្លេះ និងចេះតែវិវត្តទៅតាមដំណើរប្រវិត្តសាស្ត្រនៃប្រទេសជាតិរហូតមកដល់សព្វថ្ងៃ ហើយក៏បានក្លាយទៅជាសាសនារដ្ឋដែលមានប្រជាជនភាគច្រើន(ជាង៩០ភាគរយ) ប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ក្នុងរាល់ពិធីពុទ្ធសាសានាផ្សេងៗ ពុំបានទាមទារចាំបាច់ នូវដង្វាយ គ្រឿងសក្ការៈ ឬ ទេយ្យវត្ថុអ្វីដែលថ្លៃថ្នូរ ខ្ពង់ខ្ពស់ ក្រៅពីផ្កាមួយទង ឬ មួយបាច់នោះឡើយ។ ក្នុងពិធីសូត្រមន្ត ឬ ទេសនាណាមួយ វត្ថុចាំបាច់ដែលត្រូវមាន គឺរូបដែលជាតំណាងនៃព្រះពុទ្ធអង្គ និង ផ្កាមួយថូជាការគ្រប់គ្រាន់ទៅហើយ។ ចំពោះផ្កានោះទៀតសោត ពុទ្ធសាសនិកជនទូទៅច្រើនតែនិយមយកផ្កាឈូកសំរាប់ថ្វាយព្រះពុទ្ធអង្គ។ រីឯផ្កាឈូកដែលល្អបំផុត គឺផ្កាឈូកក្រពុំ។
ប្រហែលជាផ្អែកលើមូលដ្ឋាននេះឯង(ផ្កាឈូកបូជាព្រះ) ទើបសាសនិកជនកំណត់យក នូវកិរិយាប្រណម្យបង្គំ និង សំពះព្រះពុទ្ធ ដោយផ្គុំបាទដៃទាំងពីរចូលគ្នា មានសណ្ឋានដូច"ឈូកក្រពុំ" ជានិមិត្តរូបនៃគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធ សន្មត់ទុកជា "កិរិយា" គោរពដ៏ស្មោះស្មគ្រ័ និងខ្ពង់ខ្ពស់បំផុត។ ហើយចំណេរ តរៀងមក ប្រជាជនដែលជាពុទ្ធសាសនិកជនទាំងនោះ ក៏បានឆ្លៀតទាញយកប្រយោជន៍ពី "កិរិយាបង្គំសំពះ"នេះ មកសំដែងមនោសញ្ចេតនា នៃការគោរពគ្នាទៅវិញទៅមក "ហើយបន្តិចម្តងៗ កាយវិការនៃការសំពះ" ក៏បានក្លាយទៅជាប្រពៃណីនៃការគោរពគ្នា ក្នុងចំណោមពុទ្ធសាសនិកជនទូទៅ ដែលយើងតែងសង្កេតឃើញ ប្រជាជននៅតាមបណ្តាប្រទេស ដែលនិយមកាន់ព្រះពុទ្ធសាសនា ដូចជាប្រទេសកម្ពុជា ឥណ្ឌា ភូមា ឡាវ ថៃ សិរីលង្កា បង់ក្លាដេស ចិន ... ជាដើម តែងគោរពគ្នាដោយសំពះ។
ក្រោយពីពុទ្ធសាសនិកជនទាំងនោះ ព្រមទទួលយកនូវកិរិយា "បង្គំសំពះ" នេះហើយ កាយវិការនៃការបង្គំសំពះ ក៏ចាប់ផ្តើមអភិវឌ្ឍន៍គុណភាពរបស់ខ្លួន ទៅតាមដំណើរជីវភាពសង្គម នៃជនជាតិនិមួយៗ រហូតដល់មានរូបភាពខុសប្លែកគ្នា ទៅតាមការនិយមនិងសន្មត់រៀងៗខ្លួន។

អត្ថបទដកស្រង់ចេញពីសៀវភៅ "ប្រពៃណីថ្វាយបង្គំ និង សំពះខ្មែរ" ដែលស្រាវជ្រាវនិងចងក្រងដោយ អ៊ុន ទឹម

No comments:

Post a Comment