ភ្នំពេញៈ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារពេញមួយថ្ងៃកាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានសម្រេចច្រានចោលសំណើរបស់លោក សម រង្ស៊ី មេបក្សប្រឆាំង ដែលស្នើសុំចុះឈ្មោះរបស់លោកនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិង បេក្ខជនតំណាងរាស្រ្តផ្លូវការ សម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។
ប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី បានចេញសេចក្តីសម្រេចមួយ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារថា គ.ជ.ប បានពិចារណានិងយល់ឃើញថា សំណើសុំចុះឈ្មោះរបស់លោក សម រង្ស៊ី ឡើងវិញ នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ចូលឈ្មោះរបស់លោក នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ គ.ជ.ប មិនអាចចុះបានទេ ដោយអះអាងថា គ.ជ.ប មិនអាចធ្វើអ្វីដែលប្រាសចាកពីច្បាប់បានឡើយ។
លោក អ៊ឹម សួស្តី បានសរសេរថា៖ «គ.ជ.ប សូមជម្រាបឯកឧត្តមជ្រាបថា បន្ទាប់ពីបានទទួលសំណើរបស់ឯកឧត្តមរួចមក គ.ជ.ប បានពិចារណាយ៉ាងល្អិតល្អន់ ឃើញថា ករណីស្នើសុំចុះឈ្មោះរបស់ឯកឧត្តម ក្នុងបញ្ជីបោះឆ្នោត គ.ជ.ប មិនអាចដាក់បញ្ចូលបានទេ ដោយហេតុថា តាមស្មារតីនៃមាត្រា ៤៩ ថ្មី (បី) នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ (ច.ប.ត.រ) ចែងថា ... រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតត្រូវធ្វើចាប់ពីថ្ងៃទី ០១ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ»។
លោកបន្តថា៖«ពីព្រោះឯកឧត្តម មិនបានបំពេញលក្ខខណ្ឌក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត របស់គណបក្សសង្គ្រោះជាតិទេ»។
លោក សម រង្ស៊ី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ខណៈ ដែលលោក និងអនុប្រធានរបស់លោក គឺលោកកឹម សុខា កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្ត កំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់កាលពីម្សិលមិញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា បន្ទាប់ពីការបរាជ័យក្នុងការស្នើសុំ គ.ជ.ប ចុះឈ្មោះលោក សម រង្ស៊ីឡើងវិញ លោក សម រង្ស៊ី បានសរសេរលិខិតមួយទៅប្រធានសភា លោក ហេង សំរិន នៅថ្ងៃនេះ ស្នើសុំឲ្យជួយលើបញ្ហានេះ។
លោកបានបន្ថែមថា បន្ទាប់ពីព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បានលើកលែងទោសមកលោក សម រង្ស៊ី ក្លាយជាតំណាងរាស្រ្តឡើងវិញ។ លោក បន្តថា៖«នៅពេលគាត់មិនមានទោសដូច្នេះគាត់ត្រូវតែជាតំណាងរាស្រ្ត ម្នាក់ ត្រូវតែមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងត្រូវតែមានឈ្មោះក្នុងបញ្ជីបេក្ខជន[តំណាងរាស្រ្ត]។ បញ្ហានេះគឺជាហេតុផលនយោបាយ ដែលអ្នករាល់គ្នាដឹងទូទាំងប្រទេស និងក្នុងពិភពលោក»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិម្នាក់ទៀត លោក យ៉ែម បុញ្ញឫទ្ធិ បានសម្ដែងការសោកស្តាយចំពោះការច្រានចោលនេះដោយថ្លែងថា គ.ជ.ប គួរតែធ្វើតាមព្រះមហាក្សត្រ ដែលបានផ្តល់ការលើកលែងទោសដល់លោក សម រង្ស៊ី។ «ព្រះមហាក្សត្របានលើកលែងទោសដល់លោក សម រង្ស៊ី...លោកមានសិទ្ធិពេញលេញ ដើម្បីចូលរួមនៅក្នុងការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិកំពុងស្វែងរកវិធីផ្សេងទៀតដើម្បីចុះឈ្មោះលោក សម រង្ស៊ី»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិច លោក ហង្ស ពុទ្ធា បានថ្លែងថា តាមច្បាប់ ឈ្មោះរបស់លោក សម រង្ស៊ី មិនអាចចុះបញ្ជីវិញ ឬដាក់បញ្ជូលនៅក្នុងបញ្ជីឈ្មោះបានទេ គឺមានតែការសម្រុះសម្រួលខាងនយោបាយប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា បានថ្លែង ថា៖«ការច្រានចោលនេះអាចធ្វើឲ្យមានការមិនសប្បាយចិត្តពីអ្នក គាំទ្ររបស់គណបក្សប្រឆាំង ហើយវាអាចបណ្តាលឲ្យមានបញ្ហាណាមួយកើតឡើង»។
អ្នកវិភាគឯករាជ្យ លោក កែម ឡី បានថ្លែងថា នៅពេល គ.ជ.ប មិនចុះឈ្មោះលោក សម រង្ស៊ី ឡើងវិញនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតវាហាក់បីដូចជា គ.ជ.ប ផ្តល់ឱកាសឲ្យគណបក្សសង្គ្រោះជាតិធ្វើការតវ៉ាប្រសិនបើគណបក្សនេះ ចាញ់នៅក្នុងការបោះឆ្នោត។
លោក កែម ឡី បន្តថា៖ «គ.ជ.ប មិនមានឆន្ទៈបញ្ចូល[ឈ្មោះលោក សម រង្ស៊ី]ទេ ខ្ញុំគិតថា គណបក្សប្រឆាំងរីករាយខ្លាំងឡើង។ នៅពេល [គណបក្សសង្គ្រោះជាតិ] ចាញ់ការបោះឆ្នោតពួកគេអាចចោទប្រកាន់ គ.ជ.ប ឬរដ្ឋាភិបាលថា មិនអនុញ្ញាតឲ្យមេដឹកនាំគណបក្សប្រឆាំង ប្រកួតប្រជែងដោយស្មើភាព»៕ PS By Phnom Penh Post
No comments:
Post a Comment