កាលពីថ្ងៃ សុក្រ ទី ១៩ ខែកក្កដា ឆ្នាំ២០១៣ អស់រយៈពេលជិតពីរម៉ោងនាពេលថ្ងៃត្រង់ ខ្ញុំបានឃើញដោយផ្ទាល់ភែ្នកនូវព្រឹត្តិការណ៍ដ៏ធំមួយជាលើកដំបូង គឺភាពសកម្មរបស់យុវជនខែ្មរក្នុងការចូលរួមក្នុងដំណើរការនយោបាយ។ មានប្រជាជនរាប់ម៉ឺននាក់ ដែលភាគច្រើនជាយុវជនប្រុស-ស្រី បានចូលរួមដងែ្ហការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់មេដឹកនាំ គណបក្សប្រឆាំង លោក សម រង្ស៊ី ក្រោយពីលោកបាននិរទេសខ្លួនពីប្រទេសកម្ពុជាអស់រយៈពេលជិតបួន ឆ្នាំ ដោយសារហេតុផលដែលលោកនិយាយថា ជារឿងនយោបាយ។
ក្បូនដងែ្ហអ្នកគាំទ្រលោក សម រង្ស៊ី បានឈរយ៉ាងកកកុញ ចាប់ពីព្រលានយន្តហោះរហូតតាមដងផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកាន់សួនប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលនោះ មិនមែនមានតែក្បួនយុវជនគាំទ្រគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នោះទេ ក្បួនយុវជនគាំទ្រគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មានវត្តមានដែរ ដែលបានធ្វើដំណើរពីទិសខាងត្បូងឆ្ពោះមកកាន់វត្តភ្នំ។ ខ្ញុំបានឃើញក្បួនដង្ហែយ៉ាងធំរបស់យុវជនគាំទ្រគណបក្សប្រជាជន ជួបប្រទះគ្នាជាមួយក្បួនយ៉ាងធំរបស់យុវជនគណបក្សសង្គ្រោះជាតិនៅ ម្តុំមន្ទីរពេទ្យព្រះអង្គឌួង ដែលមានការស្រែកហ៊ោយ៉ាងខ្លាំងពីក្បួនទាំងពីរក្រុម។
ការស្រែកហ៊ោយ៉ាងខ្លាំងនោះបានធ្វើឲ្យប្រជាជនជាច្រើន ដែលឈរនៅទីនោះ រួមទាំងខ្ញុំផង មានការព្រួយបារម្ភយ៉ាងខ្លាំងថា អាចនឹងមានការប៉ះទង្គិចគ្នា។ ប៉ុន្តែជាកុសលល្អណាស់ ដែលពុំមានការប៉ះទង្គិចគ្នានោះទេ ហើយក្បួនរបស់គណបក្សប្រជាជនក៏បានបន្តធ្វើដំណើរឆ្ពោះទៅប៉ែកខាង លិចវត្តភ្នំ។ ហេតុការណ៍នេះ បានធ្វើឲ្យខ្ញុំមានក្តីរំភើប និងកោតសរសើរ ដល់យុវជនគាំទ្រគណបក្សទាំងពីរ។ ខ្ញុំសងេ្កតឃើញថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាលើកនេះគឺមានភាពខុសគ្នាពីការ បោះឆ្នោតលើកមុនៗ ដោយសារថា មានយុវជនជាច្រើនបានចូលរួមក្នុងដំណើរការនយោបាយ តាមរយៈការគាំទ្រគណបក្ស ទាំងអស់ដែលនឹងប្រកួតនៅថៃ្ងទី២៨ ខែកក្កដា ខាងមុខនេះ។
ទោះជាមានការរាយការណ៍ថា មានអំពើហិង្សាមួយចំនួនតូចនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតក៏ដោយ ក៏ស្ថានភាពជាទូទៅមានលក្ខណៈល្អប្រសើរ។ មានការរាយការណ៍ថា មានការជួបប្រទះគ្នារវាងក្បួនយុវជន របស់គណបក្ស ធំៗទាំងពីរនៅតាមខេត្ត ប៉ុន្តែពុំមានការប៉ះទង្គិចគ្នាជាលក្ខណៈហិង្សានោះទេ។ យុទ្ធនាការសន្តិភាពបែបនេះ កំពុងកើតមាននៅទូទាំងប្រទេស។ ការបោះឆ្នោតលើកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងបំផុតដែលមានការចូលរួម យ៉ាងច្រើនពីយុវជនកម្ពុជា។ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុនៗ ជាពិសេសកាលពីការបោះឆ្នោត ឆ្នាំ ២០០៨ យុវជនកម្ពុជាជាច្រើន មិនបានចាប់អារម្មណ៍នឹងនយោបាយ និងការបោះឆ្នោតនោះទេ។
លើកនេះមានយុវជនប្រុសស្រីជាច្រើន មានសេចក្តីក្លាហាន ក្នុងការបង្ហាញជាចំហពីការគាំទ្រ គណបក្សដែលពួកគេស្រឡាញ់។ ទោះជាមិនទាន់មានតួលេខពីចំនួនពិតប្រាកដរបស់យុវជនដែលចូលរួម ក្នុងការបោះឆ្នោតក៏ដោយក៏មានរបាយការណ៍ជាច្រើនបានបង្ហាញឲ្យឃើញ ពីយុវជននៅតាមខេត្ត-ក្រុង កំពុងចូលរួមយ៉ាងសកម្ម។ មានខ្លឹមសារខ្លីៗដែលយុវជនរបស់គណបក្សធំៗ បាន ផ្សព្វផ្សាយទូទាំងខេត្ត-ក្រុង។
ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៩,៥ លាននាក់ មានយុវជនដែលមានអាយុពី១៨ដល់ ៣០ ឆ្នាំមានចំនួន ៣,៥ លាននាក់ ដែលក្នុងនោះមាន ១,៥ លាននាក់ជាអ្នកបោះឆ្នោតលើកទី១។ នៅសល់រយៈពេលមិនដល់មួយសបា្តហ៍ទៀតទេ ដែលប្រទេសកម្ពុជាត្រៀមនឹងមានការបោះឆ្នោតសភានីតិកាលទី៥។ ខ្ញុំពិតជាសង្ឈឹមថា យុវជនកម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវវប្បធម៌អហិង្សានិងភាពអត់ ធ្មត់ ទោះជាពួកគេគាំទ្រគណបក្សនយោបាយណាមួយក៏ដោយ។ ខ្ញុំសង្ឃឹមថា ភាពសកម្មរបស់យុវជនកម្ពុជា នឹងជំរុញលើកទឹកចិត្តដល់យុវជននៅកម្ពុជាទាំងអស់ដែលមានឈ្មោះ បោះឆ្នោត នឹងសម្រេចចិត្តទៅបោះឆ្នោតនៅថៃ្ង ២៨ ខែកក្កដា ខាងមុខនេះ៕
ដោយ វង្ស សុជាតា និស្សិតសាកលវិទ្យាល័យកម្ពុជា By Phnom Penh Post
No comments:
Post a Comment