បណ្តាប្រទេសជាច្រើននៅពេលឃោសនារកសំឡេងឆ្នោតម្តងៗ
គឺគណបក្សនីមួយៗ តែងតែយកតារាសិល្បៈល្បីៗ មកប្រគំតន្ត្រី
ដើម្បីធ្វើឲ្យបក្សរបស់គេមានប្រជាប្រិយភាព។ សូម្បីតែគណបក្ស
លោកនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក៏បានអញ្ជើញលោក PSY
ម្ចាស់ចម្រៀងបទ ហ្គាងណាំស្តាយ (Gangnam style)
ល្បីជាងគេលើពិភពលោកមកជួយច្រៀងកំដរឆាកឃោសនារកសំឡេងឆ្នោតកាលពី
ដើមខែឧសភាកន្លងទៅនេះដែរ។
ចំណែក ឯគណបក្សប្រជាជន ក៏យកតារាចម្រៀងល្បីៗ
មកច្រៀងលើឆាកឃោសនាឲ្យដែរ មានតំាងពី ឱក សុគន្ធកញ្ញា
និងអ្នកកំប្លែង នាយ កុយ នាយ ក្រឹម នាយ ក្តិប
បើទោះបីជាអ្នកកំប្លែងទាំងនោះត្រូវគេរិះគន់ថា
ជាអ្នកកំប្លែងបែបហិង្សា និងភាសាគ្រោតគ្រាតក៏ដោយ។ យ៉ាងណាមិញ
គណបក្សសង្គ្រោះជាតិវិញ យ៉ាងហោចណាស់ ក៏មានតារាហូលីវូដ អេនជេលីណា
ជោលី ដែលមានសញ្ញាតិកម្ពុជា មានសិទ្ធិបោះឆ្នោត
ក៏គាំទ្រគណបក្សនេះដែរ ដោយលើកដៃសញ្ញាម្រាម៧
ហើយបក្សនេះមើលទៅហាក់បីដូចជាមានសន្ទុះកើនឡើង
បន្ទាប់ពីការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី
បើទោះបីជាគ្មានការផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាតិ
ឬទូរទស្សន៍ក្នុងស្រុកក៏ដោយ
ក៏ប្រជាពលរដ្ឋរាប់ម៉ឺននាក់នាំគ្នាមើលតាមគេហទំព័រពី
www.ustream.tv ដែរ។ ចុះបើបក្សសង្គ្រោះជាតិនេះឈ្នះឆ្នោតលើកនេះ
តើបក្សបានរៀបចំបង្កើតរដ្ឋាភិបាលថ្មីហើយឬនៅ តាមរបៀបណា?
ថាតើអ្នកណានឹងធ្វើអ្វី?
ឬក៏ធ្វើយ៉ាងណាយកម៉ាឈ្នះដៃសិនសឹមគិតគ្នាក្រោយ?
និន្នាការ ទៅរកលទ្ធិប្រជាធិបតេយ្យ
តាមរយៈការបោះឆ្នោតចាប់តាំងពីឆ្នាំ ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់
គណបក្សហ៊្វុនស៊ិនប៉ិចជាអ្នកឈ្នះឆ្នោត
បានចែករំលែកអំណាចតាមរយៈការបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹង
គណបក្សប្រជាជន និងគណបក្សលោកតា សឺន សាន។ ពេលនោះ របៀបធ្វើការ
គឺប្តូរកន្លែងដែលមានតួនាទីជាច្រើន នៅតាមក្រសួង
និងចៅហ្វាយខេត្ត-រាជធានី មួយចំនួន ហើយរបៀបធ្វើការ
គឺជាការប្រជែងគ្នា ទៅតាមខ្សែបក្សរៀងៗខ្លួន
ទៅតាមស្ថាប័នណាបក្សណាកាន់នោះ ហើយការដណ្តើមគ្នាធ្វើប្រជាភិថុត
សាងសង់ហេដ្ឋារចនាសម្ព័ន្ធដាក់ឈ្មោះមេដឹកនាំបក្សរបស់ខ្លួន។
មិនបានប៉ុន្មានផង គឺបក្សទាំង ៣
ត្រូវបែកបាក់រហូតដល់មានព្រឹត្តិការណ៍ផ្ទុះអាវុធនៅថ្ងៃ ៥-៦ កក្កដា
ឆ្នាំ ១៩៩៧ ហើយមន្ត្រីជាន់ខ្ពស់ របស់បក្សហ៊្វុនស៊ិនប៉ិច
និងបក្សលោកតា សឺន សាន ត្រូវបានបក្សប្រជាជនទិញយកមួយចំនួន
ហើយបក្សទាំង២ នេះ ក៏ត្រូវពុះជាពីរដូចគ្នា។ បក្សហ៊្វុនស៊ិនប៉ិច
ត្រូវបំបែកដោយក្រុមលោក ទុន ចាយ និងបក្សលោកតា សឺន សាន
ត្រូវបំបែកដោយ លោកអៀង ម៉ូលី។ នេះក៏មកតែបក្សទាំងពីរ
គឺជ្រើសរើសមន្ត្រីខ្លះចេះតែចាប់ដាក់ៗ យកលុយឲ្យតំណែង
បំពាក់ស័ក្តិ បំពាក់ផ្កាយដោយមិនមានជំនាញបច្ចេកទេសត្រឹមត្រូវ។
មក ដល់ការបោះឆ្នោតអាណត្តិទី ២ ឆ្នាំ១៩៩៨ រួចហើយ
គឺដំបូងបក្សហ៊្វុនស៊ិនប៉ិច ចាប់ដៃគ្នាជាមួយនឹងបក្សសម រង្ស៊ី
តែដល់ពេលបក្សប្រជាជនបបួលបក្សហ៊្វុនស៊ិនប៉ិចចូលគ្នា
ក៏ទៅតាមគេម្តងទៀត ដើម្បីឲ្យបានគ្រប់ ២ ភាគ ៣ នៃសមាជិកសភាសរុប
ទៅតាមរដ្ឋធម្មនុញ្ញ។ នៅពេលបញ្ចូលគ្នា
គឺដើរតាមខ្សែបន្ទាត់បក្សដដែល
គឺមន្ត្រីបក្សហ៊្វុនស៊ិនប៉ិចភាគច្រើននៅកន្លៀតជញ្ជាំង
គឺមន្ត្រីគណបក្សប្រជាជនគាបឡើងក្រញង់
មានចលនាតែមន្ត្រីនៅខាងលើមួយចំនួន។
គូព្រេងមិនព្រាត់ មកដល់ការបោះឆ្នោតអាណត្តិទី ៣ ឆ្នាំ ២០០៣ ទៀត
គឺនៅដូចតែអាណត្តិមុនៗដដែល
ហើយមន្ត្រីបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនធំ
គឺចុះចូលជាមួយបក្សប្រជាជនទៅវិញ។
ឯខ្លះទៀតទៅចូលជាមួយបក្សប្រឆាំងទៅ។
ចំណែកឯការបោះឆ្នោតអាណត្តិទី ៤ ឆ្នាំ ២០០៨
គឺប្តូរប្រព័ន្ធបង្កើតរាជរដ្ឋាភិបាលវិញ ឲ្យតែបក្សណាបានឈ្នះ ៥០
ភាគរយបូកនឹង ១ គឺអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯង
មិនចាំបាច់មានដៃគូ។ តែគណបក្សប្រជាជន ដែលឈ្នះឆ្នោត
នៅតែយកហ៊្វុនស៊ិនប៉ិច ធ្វើជាដៃគូដដែល។ តែគណបក្សប្រជាជន
បានជ្រើសរើសទុកអ្នកដែលពូកែៗមកធ្វើការតិចតួចណាស់
ក្នុងការអភិវឌ្ឍ
ពោលគឺឱបក្រសោបតែមន្ត្រីបក្សខ្លួនឯងនិងក្រុមគ្រួសារកូនចៅរបស់
ខ្លួនទៅវិញ បើទោះបីជាមិនចេះធ្វើការក៏ដោយ
ក៏យកមកត្រួតត្រាគេឯងនៅកន្លែងធ្វើការដែរ។ កន្លែងស្ថាប័នខ្លះ
មានទាំងយកភរិយាមកលូកដៃកកូកកកាយកិច្ចការផ្ទៃក្នុងរបស់ស្វាមីផង
ដែរ។
និយាយជារួមគឺម្នាក់ៗ សុទ្ធតែគិតពីផលប្រយោជន៍ជាតិជាធំ
ដល់ពេលធ្វើការទៅគិតតែពីប្រយោជន៍បក្សជាធំទៅវិញហើយការដឹកនាំ
មើលទៅហាក់បីដូចជា ចាំតែមើលបំណាំគ្នា
ឬក៏ព្យាយាមប្រកួតប្រជែងគ្នាដណ្ដើមអំណាចគ្នា
ធ្វើឲ្យដូចរឿងភាគចិនកាប់ដាវ ល្បិចកញ្ជ្រោង ឬក៏រឿងសាមកុក អ៊ីចឹង
គឺបើកភ្នែកឡើងដឹងតែពីរឿងសងសឹកនិងធ្វើម៉េចចាត់ការឲ្យតែ
បានកាន់ដណ្តើមតំណែងធំតាមបែបបុរាណ
ដោយមិនគិតពីសម័យឥឡូវគេវិទ្យាសាស្ត្រទៅហើយគឺធ្វើអ្វីតាមរយៈ
ការសិក្សាស្រាវជ្រាវ និងវាយតម្លៃច្បាស់លាស់
ឬក៏វិភាគទៅតាមបែបភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយទៀតផង។
បទពិសោធរបស់ហ៊្វុនស៊ិនប៉ិចនេះ
ដែលធ្វើឲ្យបក្សសង្គ្រោះជាតិត្រូវពិចារណា។
ឥឡូវនេះមកដល់សម័យបោះឆ្នោតអាណត្តិទី ៥ នេះវិញម្តង
បន្ទាប់ពីមានការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី ឃើញថា
មានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី
ចុះបើបក្សសង្គ្រោះជាតិដែលជាបក្សប្រឆំាងនេះ
ខំប្រឹងឃោសនាថា៖«ប្តូរៗ!!!» ហើយឈ្នះឆ្នោតមែនវិញម្តង
តើបើពាក្យថា«ប្តូរៗ»នោះប្តូរត្រឹមកម្រិតណា?
ឬប្តូរត្រឹមតែនាយករដ្ឋមន្ត្រីទេ?
ឬក៏មួយក៏រើគណៈរដ្ឋមន្ត្រីទាំងអស់?
ឬមួយក៏ប្តូរដល់មន្ត្រីបច្ចេកទេសទៀត
ដែលជាអគ្គនាយកឬក៏ប្រធាននាយកដ្ឋានទៀត?
ត្រង់នេះការឃោសនារបស់គណបក្សប្រឆាំងមួយនេះ
ហាក់បីដូចជាមិនបញ្ជាក់យ៉ាងមុតមាំសោះថា មន្ត្រីរាជការស៊ីវិល
កងទ័ព និងប៉ូលិសត្រូវរក្សាដដែល។ ឬក៏ចង់ប្តូរមុនគេនោះ
គឺប្រព័ន្ធតុលាការ និងប្រព័ន្ធព័ត៌មាន
ដែលបក្សប្រឆាំងតែងតែចោទប្រកាន់ថា មិនមានភាពយុត្តិធម៌នោះ?
ក្នុង ប្រវត្តិសាស្ត្រ ៤០ ឆ្នាំ ចុងក្រោយនេះ របត់នៃការប្តូររបប
គឺជាការបរាជ័យទាំងអស់ ហើយធ្វើឲ្យប្រទេសកើតកលិយុគ
ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលរាំរ៉ៃជិត ៣
ទសវត្សរ៍កន្លងមកនេះ។ គឺធនធានមនុស្សក៏អស់ ធនធានធម្មជាតិក៏រលាយ
ជាតិក៏លិចលង់ស្តារឡើងវិញមិនចង់រួច ដោយសារតែប្តូររបបនេះឯង។
ចាប់តាំងប្តូររបបសម្តេចឪ មករបបលន់ នល់ ពីរបប លន់ នល់ មករបប ប៉ុល
ពត ហើយប្តូរមករបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មករដ្ឋកម្ពុជា
មកដល់សម័យតេជោសែនវិញម្តង។ តើការប្តូររបស់បក្សប្រឆាំងនេះ
ប្តូររបបមួយតែម្តងដូចប្តូររបបមុនៗ
ឬយ៉ាងដូចម្តេច?បើប្តូររបបទាំងស្រុងគឺជាចំណុចមួយគ្រោះថ្នាក់
ខ្លាំងណាស់សម្រាប់ប្រទេសជាតិ។
តិចលោកយកអ្នកច្បាប់មកធ្វើប្រធានមន្ទីរពេទ្យ
ឬក៏កូនទាហានស័ក្តិតូច ទៅធ្វើជាមេទ័ពកាន់តំបន់ចុះ។ ចំនុចនេះ
ជាបទពិសោធបរាជ័យ របស់បក្សហ៊្វុនស៊ិនប៉ិច
អ្នកខ្លះមិនដែលរៀនច្បាប់ទាហាន ឬក៏ប៉ូលិសអីផង
ចេញមកសុទ្ធតែកងរក្សាព្រះអង្គ ឬក៏បំពាក់ផ្កាយឲ្យទៀតផង
ទីបំផុតរលាយ។
តាមចលនាការវិវត្តរបស់ពិភពលោក
និងបទពិសោធរបស់អ្នកដឹកនាំលើពិភពលោក ដូចនៅសហរដ្ឋអាមេរិក
ការប្តូររបស់លោក អូបាម៉ា នៅពេលដែលលោកជាប់ឆ្នោតជាប្រធានាធិបតី
ក៏លោកទុក ទ័ព និងប៉ូលិសនៅដដែលទាំងអស់
និងមានតែយកមន្ត្រីជំនាញដែលពូកែៗ ពីបក្សសាធារណរដ្ឋដែរ
មកធ្វើការជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ
ដោយស្មោះត្រង់ គឺនេះហើយ បានគេហៅថា គិតផលប្រយោជន៍ជាតិជាធំនោះ។
នៅស្រុកបារំាងក៏ដូចគ្នាដែរ អតីតប្រធានាធិបតី លោក សាកូស៊ី
បក្សស្តាំនិយមសោះក៏យក លោក ដូមីនិច ស្ត្រូសកាន់
ដែលនៅបក្សឆ្វេងនិយមមកកាន់តំណែង IMF ផងដែរ។
នេះហើយគេហៅថាវប្បធម៌ចែករំលែក
និងធ្វើការអភិវឌ្ឍជាតិតាមបែបប្រជាធិបតេយ្យពិតៗ។
ចំណុចនេះ បក្សសង្គ្រោះជាតិ
ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ហើយឲ្យច្បាស់ថា
ប្តូររបៀបណា។ ហើយគួរពិចារណាទៅលើរបត់ពិភពលោក ដើរដល់ណាហើយ
ដែលគួរតែយកគំរូតាមនៃការប្តូរបែបប្រជាធិបតេយ្យដូចសុភាសិត
ខ្មែរមួយនិយាយថា៖ «ឈើវៀចយកធ្វើកង់ ឈើត្រង់យកធ្វើកាំ!»។
មិនមែនប្តូរហ្នឹង គឺប្តូរទាំងអស់នោះទេ
បទពិសោធប្តូរដ៏ជូរចត់កន្លងមក មិនគួរយកតម្រាប់តាមទេ
ហើយត្រូវរៀបចំមន្រ្តីរបស់ខ្លួនឲ្យច្បាស់លាស់ថា
អ្នកណានឹងធ្វើអ្វីនោះ៕ ប្រភព ពីៈ Phnom Penh Post
No comments:
Post a Comment