
ចាកចេញឆ្ងាយពីផ្ទះពីស្រុកកំណើតពីមាតុភូមិកំណើតពិតជាមិនងាយ ស្រួលនោះទេពីព្រោះពួកគេត្រូវប្រឈមនឹងរឿងថ្មីៗជាច្រើននៅពេល ពួកគេទៅដល់បរទេស។
លោក ហ៊ុយ រតនៈ ជានិស្សិតអាហារូបករណ៍នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រអេឡិចត្រូនិក និងបច្ចេកវិទ្យានៅខេត្ដស៊ីឈួនប្រទេសចិន ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។
មិត្តអ្នកអានទាំងអស់ដឹងថា នៅខេត្តស៊ីឈួនមានការរញ្ជួយដីពីរដងមកហើយ។ ការរញ្ជួយដីលើកទីមួយបានកើតឡើងក្នុងឆ្នាំ២០០៨ដែលសម្លាប់មនុស្ស ជាច្រើនម៉ឺននាក់ហើយនៅក្នុងឆ្នាំ២០១៣នេះការរញ្ជួយដីបានកើត ឡើងម្ដងទៀតដែលបើតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរបានឲ្យដឹងថា មានមនុស្សស្លាប់យ៉ាងហោចណាស់១៩២នាក់រងរបួសជាង ១១,០០០នាក់ និងបាត់ខ្លួនប្រហែល២៣នាក់។
លោក រតនៈ បានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំបានជាប់អាហារូបករណ៍ទៅសិក្សានៅខេត្តស៊ីឈួន ខ្ញុំមានការស្ទាក់ស្ទើរក្នុងចិត្តថាតើគួរតែទៅឬមួយក៏អត់ដោយ សារតែបញ្ហារញ្ជួយដីកាលពីឆ្នាំ២០០៨ហើយប៉ាម៉ាក់មានការព្រួយ បារម្ភទៀត។ ប៉ុន្តែចុងក្រោយខ្ញុំក៏សម្រេចចិត្តថាខ្ញុំត្រូវតែទៅពីព្រោះវា គឺជាឱកាសរបស់ខ្ញុំ»។
លោកបានបន្ដថា៖ «កាលពីខែមេសាកន្លងទៅមានការរញ្ជួយដីម្តងទៀតប៉ុន្តែវាមិនស្ថិត នៅកន្លែងដែលខ្ញុំកំពុងរៀននោះទេ ទើបខ្ញុំលែងមានការភ័យខ្លាចទៀត»។
ថ្មីៗនេះព័ត៌មានទាក់ទងនឹងទឹកជំនន់ធំមួយបានកើតឡើងនៅប្រទេស ចិនហើយនេះក៏ជារឿងមួយដែលគួរឲ្យព្រួយបារម្ភសម្រាប់អ្នកដែលរស់ នៅទីនោះ។ លោក រតនៈ បានលើកឡើងថា៖ «ខ្ញុំមានការព្រួយបន្តិចបន្តួចដែរប៉ុន្តែទឹកជំនន់នោះមិនមកដល់ ស៊ីឈួនទេ»។
ក្រៅពីបញ្ហាបាតុភូតធម្មជាតិនេះចំពោះការសិក្សារបស់លោកវិញលោក មានការលំបាកក្នុងការប្រើប្រាស់ភាសាទំនាក់ទំនង និងការសម្របខ្លួនទៅនឹងអាកាសធាតុនៅទីនោះ។យុវជនរតនៈដែលចេះ និយាយភាសាអង់គ្លេសច្រើនជាងភាសាចិនបានបន្ថែមថា៖ «ជាការពិតណាស់នៅពេលទៅដល់ប្រទេសចិនដំបូងវាលំបាកទាក់ទងជាមួយ ពួកគេត្រង់ថា ភាសាចិនរបស់ខ្ញុំនៅមានកម្រិត។ ដូច្នេះនៅពេលរៀនមានការពិបាកបន្តិចបន្តួចដោយសារតែនៅទីនោះ ត្រូវរៀនជាភាសាចិន ប៉ុន្តែនេះលែងជាការលំបាកទៀតហើយនៅពេលបច្ចុប្បន្ន»។
ចំពោះមុខវិជ្ជាសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មលោកក៏ជួបការ លំបាកខ្លាំងគួរសមដែរ ដោយប្រព័ន្ធសិក្សានៅទីនោះមានលក្ខណៈខុសគ្នាខ្លាំងបើប្រៀបធៀប នឹងប្រព័ន្ធសិក្សានៅកម្ពុជា ដោយលោកបានឲ្យដឹងថា៖ «ការសិក្សានៅចិនពិតជាមានភាពខុសគ្នាពីការសិក្សានៅកម្ពុជាណាស់ ពីព្រោះសាកលវិទ្យាល័យនៅទីនោះតែងតែធ្វើការផ្លាស់ប្ដូរកែប្រែ សៀវភៅជារៀងរាល់ឆ្នាំហើយវាពិតជាជ្រៅជាងរៀននៅកម្ពុជា»។
ទោះបីជាយ៉ាងណាលោក រតនៈ នៅតែតស៊ូបន្តការសិក្សានៅប្រទេសចិនដដែលហើយភាសាចិនរបស់លោកក៏ មានការរីកចម្រើនដោយសារតែលោកខិតខំរៀនបន្ថែមនិងការជួយពី មិត្តភក្តិជនជាតិចិន។ លោករៀននៅប្រទេសចិនមិនដែលមានបញ្ហាទាក់ទិននឹងការរើសអើងនោះឡើយ បើទោះបីជាពេលដំបូងលោកមិនសូវចេះភាសាចិនក្នុងការទាក់ទងក៏ ដោយ។ចំណែកឯការសម្របខ្លួននឹងអាកាសធាតុវិញ វាមិនជះឥទិ្ធពលអាក្រក់ចំពោះលោកខ្លាំងណាស់ណាទេ។ ជាការពិតណាស់អាកាសធាតុប្រទេសចិនត្រជាក់ជាងកម្ពុជាប៉ុន្តែយុវជន រតនៈ អាចសម្របខ្លួននឹងអាកាសធាតុនេះបានឆាប់។
និស្សិតទាំងអស់តែងតែជួបការលំបាកផ្សេងៗពីគ្នាដោយផ្អែកទៅលើ ប្រទេសដែលពួកគេទៅដល់ប៉ុន្ដែឧបសគ្គទាំងអស់នោះមិនអាចរារាំងការ ខិតខំសិក្សារបស់ពួកគេដើម្បីត្រឡប់មកវិញជួយអភិវឌ្ឍប្រទេសជាតិ វិញបានឡើយ៕By Phnom Penh Post
No comments:
Post a Comment