អង្គការកសិកម្ម និងអាហាររបស់អង្គការសហប្រជាជាតិបានចេញផ្សាយនូវសេចក្តីរាយការណ៍មួយ របស់ខ្លួន កាលពីម្សិលមិញថាតម្លៃអាហារនៅទូទាំងពិភពលោកនឹងត្រូវឡើងថ្លៃដល់ ទៅ៤០%ក្នុងរយៈពេលមួយទសវត្សរ៍ទៀត(១០ឆ្នាំទៀត)។
តាមរបាយការណ៍ដដែលបានបង្ហាញថា បញ្ហាតម្លៃអាហារនៅទូទាំងពិភពលោកឡើងថ្លៃដល់ទៅ៤០%នេះ គឺដោយសារតែផ្នែកផលិតកម្មកសិកម្មមានតម្លៃកើនឡើងហើយនៅតាមបណ្តា ប្រទេសមួយចំនួនមិនសូវសម្បូរដីធ្វើកសិកម្ម។ បញ្ហានេះហើយបានជាទាមទារឲ្យមានបច្ចេកវិទ្យាថ្មីៗលើវិស័យកសិកម្ម និងទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្មពិភពលោកឲ្យបានរឹងមាំជាងមុន ដើម្បីជួយដោះស្រាយបញ្ហាកង្វះអាហារនេះ។
អង្គការកសិកម្ម និងអាហាររបស់អង្គការសហប្រជាជាតិបានជំរុញឲ្យពិភពលោកត្រូវតែបង្កើន ផលិតកម្មខណៈដែលពិភពលោកនឹងប្រឈមជាមួយស្ថានភាពបែបនេះ។ ពិសេស ជម្រុញដោយយកចិត្តទុកដាក់ដល់បណ្តាប្រទេសដែលផ្តោតលើវិស័យកសិកម្ម ដើម្បីផលិត អាហារបំពេញតម្រូវការទីផ្សារពិភពលោក ។
សូមបញ្ជាក់ថា កម្ពុជាក៏ជាប្រទេសមួយ ដែលមានប្រជាពលរដ្ឋប្រមាណជាង៨០ភាគរយ ជាកសិករ និងជាអ្នកផលិតអាហារដ៏សំខាន់មួយនៅលើទីផ្សារផងដែរ ។ ប៉ុន្តែប្រទេសមួយនេះនៅមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យមានការជួយជ្រុំជ្រែងពីបណ្តាអង្គការ ឬ បណ្តាប្រទេសជឿនលឿនដែលមានធនធានមនុស្សគ្រប់គ្រាន់ មានបច្ចេកទេសទំនើបៗ ជួយបណ្តុះបណ្តាលធនធានលើផ្នែកកសិកម្មនេះ ដើម្បីឆ្លើយតបទៅនឹងកង្វះអាហារ ឬ ក៏ជួយទប់ស្កាត់តម្លៃអាហារនៅលើពិភពលោកបានមួយផផ្នែក។
ប្រទេសកម្ពុជាមានផ្ទៃដីកសិកម្មជាច្រើនហិកតា ដែលនៅមិនទាន់បានប្រើប្រាស់ឲ្យអស់លទ្ធភាព ដោយសារកត្តាធនធានមនុស្ស បច្ចេកទេស ពូជ និងការប្រើប្រាស់ជី ។ ដូច្នេះកម្ពុជាពិតជាត្រូវការដៃគូរបរទេសដែលមានសមត្ថភាពអាចផលិតកម្ម កសិកម្មដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិនិងបានជួយរួមចំណែក កាត់បន្ថយនូវការឡើងថ្លៃខ្ពស់ន អាហារ ក្នុងរយៈពេលមួយទសវត្សរ៍ទៀតនោះ៕ដោយ៖ ស្រីផល
No comments:
Post a Comment