ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានស្នើអោយគណបក្សចូលរួមប្រកួតប្រជែងបោះឆ្នោតនីតិកាលទី៥ទាំង៨ គណបក្សត្រៀមស្បតវីដេអូ និងខ្សែអាត់សម្លេងរបស់ខ្លួនដាក់ទៅគ.ជ.ប មុនយុទ្ធនាការឃោនាមកដល់ចំនួន៧ថ្ងៃ ដើម្បីអោយអ្នកជំនាញត្រួតពិនិត្យមុននឹងចាក់ផ្សាយតាមវិទ្យុនិង ទូរទស្សន៍ជាតិ។
ក្នុងកិច្ចប្រជុំស្តីពីការណែនាំនីតិវិធីឃោសនាបោះឆ្នោតកាលពីព្រឹក ថ្ងៃទី៧ឧសភានេះ លោក សោម ច័ន្ទឌីណា ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា រយៈពេលនៃការឃោនាមានចំនួន៣០ថ្ងៃគឺចាប់រាប់ពី២៧មិថុនាដល់ថ្ងៃ ទី២៦កក្កដាពោលគឺត្រូវបញ្ឈប់ការឃោនា២៤ម៉ោងមុនថ្ងៃបោះឆ្នោត ចូលមកដល់។ ក្នុងច្បាប់ បទបញ្ជា នីតិវិធីនិងក្រមសីលធម៌ នៃការបោះ ឆ្នោតបានបញ្ជាក់ថា គណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះតំណាងគណបក្សនយោបាយត្រូវជៀសវាងនូវ ការប្រព្រឹត្តអំពើគំរាមកំហែង បំភិតបំភ័យរឺប្រើហិង្សាដល់អ្នកគាំទ្ររឺបេក្ខជនគាំទ្រគណបក្សនយោបាយ ជាដាច់ខាត។
លោក សោម ច័ន្ទឌីណា បានបញ្ជាក់ថា ថ្វីត្បិតតែគណបក្សនយោបាយមានសិទ្ធិដង្ហែក្បួនចល័តពីកន្លែងមួយទៅ កន្លែងមួយដើម្បីបង្ហាញកម្លាំងគាំទ្រពិតមែន ប៉ុន្តែគណបក្សត្រូវគោរពច្បាប់ជាគោល ។ការប្រមូលផ្តុំអ្នកគាំទ្រពីមូលដ្ឋានមួយទៅមូលដ្ឋានមួយត្រូវ ទំនាក់ទំនងជាមួយអាជ្ញាធរអោយបានត្រឹមត្រូវ។ ជៀសវាងការបង្កហេតុណាមួយឈានដល់ហិង្សាបង្កចលាចលប៉ះពាល់អ្នកដទៃ។
មធ្យោបាយនៃការឃោសនារបស់គណបក្សនយោបាយអាចប្រើប្រាស់ចម្រៀង ល្ខោន រឺការលើកបដា ក៏បាន។ ដោយឡែកមន្ត្រីរាជការមិនអាចចូលរួមឃោសនាបានទេ ក្នុងអំឡុងជាប់ម៉ោងកំពុងបំពេញកិច្ចការរដ្ឋ។
យ៉ាងណាក៏ដោយពាក់ព័ន្ធ ករណីនេះត្រូវបាន លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប លើកឡើងថា មន្ត្រីរាជការអាចចូលរួមឃោនាបានក្នុងករណីសុំច្បាប់ពិសេសណាមួយ។ លោក សោម ច័ន្ទឌីណា បានព្រមានថា គណបក្សណាប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ មានដូចជា រថយន្ត ម៉ូតូ ជាដើមជាការខុសច្បាប់ ដែលគេអាចប្តឹងបាន។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រព្រឹត្តិទៅនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ដែលមានអ្នកបោះឆ្នោតចំនួនជាង៩លាននាក់៕ ជែម
No comments:
Post a Comment