នោះគឺជាសារសំខាន់ដែលបង្ហាញឡើងនៅពិធីបើកនៃកិច្ចប្រជុំ ស្តីពីសេរីភាពនៃការបញ្ចេញមតិថ្នាក់ពិភពលោកក្នុងរាជធានី ភ្នំពេញ កាលពីថ្ងៃពុធ។ សន្និសីទយុទ្ធសាស្រ្ត IFEX បាននាំឲ្យមានការជួបជុំគ្នានៃតំណាងនានាពីអង្គការសមាជិកជិត ១០០ នាក់មកពីប្រទេសចំនួន ៦៧ហើយដែលក្នុងនោះក្រុមអ្នកតស៊ូមតិថ្នាក់តំបន់ បានចែករំលែកសាច់រឿងរបស់ខ្លួននៅក្នុងពិធីបើកសន្និសីទ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាសហអ្នករៀបចំសន្និសីទនេះ បានថ្លែងនៅក្នុងពិធីបើកថា៖ «យើងមិនមានបដិវត្តន៍ផ្កាម្លិះ តែយើងមានចលនាមួយដែលអភិវឌ្ឍនៅក្នុងអាស៊ាន»។
លោកស្រី Melinda Quintos de Jesus នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលដើម្បីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងទំនួលខុសត្រូវដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីនបានប្រាប់ទៅ ប្រតិភូថា អាស៊ីអាគ្នេយ៍មាន«ហេតុផលទូទៅមួយ»ក្នុងការប្រយុទ្ធដើម្បីសិទ្ធិ នៃសេរីភាពក្នុងការនិយាយស្តី។ លោកស្រីបន្តថា៖ «ការការពារអ្នកកាសែតត្រូវតែចេញមកពីសហគមន៍ខ្លួនឯងពួកគេមាន អារម្មណ៍ថា ពួកគេក៏កំពុងបាត់បង់អ្វីមួយដែលមានតម្លៃ»។
លោកស្រី De Jesus មកពីប្រទេសហ្វីលីពីនជាកន្លែងដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក សម្រាប់អ្នកកាសែតលោកបានពាក់អាវយឺតដែលមានសរសេរពាក្យថា«ឈប់ សម្លាប់អ្នកកាសែត»។ អ្នកកាសែតចំនួន ៧៣នាក់ត្រូវបានសម្លាប់ក្នុងប្រទេសហ្វីលីពីនចាប់តាំងពីឆ្នាំ ១៩៩២ក្នុងនោះមាន ៣៤ នាក់ ត្រូវបានសម្លាប់នៅខេត្ត Maguindanao ក្នុងឆ្នាំ២០០៩ ដែលត្រូវបានទទួលស្គាល់ថា ជាព្រឹត្តិការណ៍សម្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្រ្តអ្នកកាសែត។
លោកស្រីបន្តថា៖ «លទ្ធិប្រជាធិបតេយ្យនិងសេរីភាពទាំងពីរគឺពាក់ព័ន្ធនឹងការខិតខំ ប្រឹងប្រែងធ្វើការងារអ្នកមិនអាចគ្រាន់តែអង្គុយនៅទីនោះហើយ រំពឹងថានឹងសម្រេចអ្វីៗបាននោះទេ»។
ប្រធានបទនោះត្រូវបានបន្ទរឡើង ដោយអ្នកគូរូបកំប្លែងនយោបាយជនជាតិម៉ាឡេស៊ី លោក Zunar ដែលបានសើចចំអកចំពោះការប្រើប្រាស់យ៉ាងសេរីនៃច្បាប់បង្ក្រាបអ្នក ប្រឆាំង។ លោកបន្តថា៖«អ្នកត្រូវតែចេញមកហើយប្រយុទ្ធនៅក្នុងវិបត្តិមួយ។ អ្នកមិនអាចអព្យាក្រឹតបានទេ។ ហេតុអ្វីក្តិចនៅពេលអ្នកមិនអាចដាល់»។
នៅក្នុងការបើកសន្និសីទនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិង អង្គការសេរីភាពនៃការបញ្ចេញមតិអន្តរជាតិ ARTICLE 19 បានចេញនូវរបាយការណ៍មួយ ដែលពិនិត្យអំពីហានិភ័យ ដែលក្រុមអ្នកការពារសិទ្ធិមនុស្សកម្ពុជាកំពុងប្រឈមមុខ។
លោកស្រី បណ្ឌិត Agnes Callamard នាយកប្រតិបត្តិនៃអង្គការ ARTICLE 19 បានរកឃើញថា៖ «ជនរងគ្រោះចម្បងនៃការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាគឺជា ប្រជាជនដែលរងគ្រោះពីការអភិវឌ្ឍប្រទេស»។
របាយការណ៍បានកំណត់ថាសកម្មជនការពារសិទ្ធិដីធ្លីសកម្មជនសហជីព ស្រ្តីសកម្មជនការពារដីធ្លីដែលនិយាយមិនសំចៃមាត់ជាអ្នករងគ្រោះ ខ្លាំងចំពោះការគំរាមកំហែងដែលរួមមានដូចជាអំពើហិង្សាលើពួកគេ ការចាប់ខ្លួននិងការបៀតបៀនតាមផ្លូវច្បាប់។ ការបាញ់កម្មករកាត់ដេរ៣នាក់ក្នុងបាតុកម្មនៅរោងចក្រកៅវ៉េ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីឆ្នាំមុន ការសម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី កាលពីខែមេសា ឆ្នាំ២០១២ និងការបន្តដាក់ពន្ធនាគារលើសកម្មជនការពារដីធ្លីតំបន់ បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានលើកឡើងជាឧទាហរណ៍នៅក្នុងរបាយការណ៍នោះ។
សកម្មជនដៃគូរបស់អ្នកស្រី យ៉ោម បុប្ផា គឺអ្នកស្រី ទេព វន្នី ក៏បានចូលរួមនៅក្នុងវេទិកាកាលពីថ្ងៃពុធដែរ។ អ្នកស្រីបានប្រាប់សន្និសីទនេះថា៖ «យើងកំពុងតស៊ូមតិដើម្បីជីវិតរបស់យើង។ យើងមិនមានអំណាចយើងគ្រាន់តែចង់បានយុត្តិធម៌»។ អ្នកស្រីបន្តថា៖ «សារព័ត៌មានឯករាជ្យគឺសំខាន់ណាស់។ ប្រសិនបើមិនមានវា យើងនឹងត្រូវបានដាក់នៅដាច់ឆ្ងាយពីគេ»។
សន្និសីទនេះបើកមួយថ្ងៃបន្ទាប់ពី«សេចក្តីប្រកាសភ្នំពេញ»ត្រូវ បានចុះហត្ថលេខា ដោយសហជីពសារព័ត៌មានតំបន់មួយចំនួនដោយប្រកាសអំពីការបង្កើតនៃ សហជីពអ្នកកាសែតអាស៊ីអាគ្នេយ៍ថ្មីមួយ (SEAJU) ដើម្បីការពារសេរីភាពសារព័ត៌មាន។ សហជីពតំណាងអ្នកកាសែតពីហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាទាំងអស់គ្នាបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ។
លោក អ៊ូ វីរៈ ថ្លែងថា មានតែការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ទេ ដែលអាច«ចង»អាស៊ានឲ្យរួមគ្នារយៈពេលយូរ។ ដោយបន្ទរចំពោះអនុសាសន៍នៃសេចក្តីថ្លែងការណ៍ IFEX ដែលចេញផងដែរកាលពីថ្ងៃពុធលោកអ៊ូ វីរៈ បានអំពាវនាវឲ្យអាស៊ាន ផ្តល់អំណាចដល់គណៈកម្មការសិទ្ធិមនុស្សរបស់ខ្លួនទទួលយកបណ្តឹងនិង ស៊ើបអង្កេត ករណីរំលោភបំពាននិងទាមទារឲ្យមានគណនេយ្យភាពពីរដ្ឋសមាជិក។ លោកប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ប្រសិនបើអាស៊ានល្បីចំពោះអ្វីដែលវាមិនគួរល្បីដូចជា ការកេងប្រវ័ញ្ច និងការរំលោភបំពានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យគួរជាស្តង់ដារអប្បបរមានៅក្នុងអាស៊ាន»។
បើទោះបីជាប្លុកនេះអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សក្នុង អំឡុងពេលកម្ពុជាជាប្រធានអាស៊ានកាលឆ្នាំមុនក៏ដោយក៏វាត្រូវបាន រិះគន់ដោយក្រុមសិទ្ធិមនុស្ស ចំពោះភាពខ្វះចន្លោះដែលអាចនឹងដាក់សិទ្ធិមនុស្សរបស់ប្រជាជនស្ថិត នៅក្រោមអត្ថប្រយោជន៍ជាតិ។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងអង្គការ ARTICLE 19 បានជំរុញរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតស្ថាប័នសិទ្ធិមនុស្សឯករាជ្យ ផ្ទាល់ខ្លួនមួយ ដើម្បីការពារអ្នកការពារសិទ្ធិមនុស្ស។ បើទោះបីជាកម្ពុជាបច្ចុប្បន្ន មានស្ថាប័នសិទ្ធិមនុស្សចំនួន ៣ក្តី របាយការណ៍នេះបានរាយការណ៍ថាស្ថាប័នទាំងនោះ មិនទាន់ត្រូវបានចាត់ទុកថា«ស្វយ័តគ្រប់គ្រាន់ទេ»ដើម្បីធ្វើឲ្យ រដ្ឋាភិបាល មានគណនេយ្យភាពចំពោះការរំលោភបំពានសិទ្ធិមនុស្ស៕ PS By Phnom Penh Post
No comments:
Post a Comment