ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៨:០៤
មកទល់នឹងល្ងាចថ្ងៃទី២២ មិថុនា ២០១៣
សម្បត្តិបេតិកភណ្ឌរបស់ប្រទេសចំនួន១២ហើយ
ត្រូវបានសម័យប្រជុំពេញអង្គលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
បានអនុម័តចុះបញ្ជីជាផ្លូវការនៅកម្ពុជា ។
បើតាមអ្នកនំាពាក្យសម័យប្រជុំពេញអង្គលើកទី៣៧
នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានឲ្យដឹងថា
នៅក្នុងកិច្ចប្រជុំនៅកម្ពុជាពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ មិថុនា ២០១៣នេះ
មានសម្បត្តិបេតិកភណ្ឌចំនួន៣១ របស់ប្រទេសចំនួន៣០
បានសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក
ប៉ុន្តែក្នុងនោះអាចមានសម្បត្តិបេតិកភណ្ឌរបស់ប្រទេសចំនួន១៥ប៉ុណ្ណោះ
ដែលគេសង្ឃឹមថា
នឹងត្រូវចុះបញ្ជីផ្លូវការក្នុងសម័យប្រជុំលើកទី៣៧នៅប្រទេសកម្ពុជានេះ ។
ជាការកត់សម្គាល់ក្នុងកិច្ចប្រជុំនេះដែរ
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក៏បានសម្រេចលុបឈ្មោះបា្រសាទមួយ
ក្នុងប្រទេសអ៊ីរ៉ង់ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និង
រមណីដ្ឋានចំនួន៦កន្លែងទៀតក្នុងប្រទេសស៊ីរី ត្រូវបានសម័យប្រជុំលើកទី៣៧
អនុម័តចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកស្ថិតក្នុងគ្រោះថ្នាក់
ដោយសារប្រទេសមួយនេះបាននឹងកំពុងជួបនឹងវិបត្តិសង្រ្គាមស៊ីវិលធ្ងន់ធ្ងរ ។
គួរបញ្ជាក់ដែរថា
សម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសចំនួន៣០
ដែលសុំចុះបញ្ជីនៅកម្ពុជានាពេលនេះមាន០៣ប្រភេទគឺ សម្បត្តិធម្មជាតិ
សម្បត្តិជីវៈចម្រុះនិងសម្បត្តិវប្បធម៌ ។
មកដល់ពេលនេះដោយមិនទាន់គិតពីសម្បត្តិបេតិកភណ្ឌ
ដែលត្រូវចុះបញ្ជីនៅកម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន៩៦២ហើយ
ដែលត្រូវបានចុះបញ្ជីជាសម្បត្តិមនុស្សជាតិ ៕
No comments:
Post a Comment