
ដោយឡែកនៅសួនមុខវត្តបទុមវត្តីនៅព្រឹកថ្ងៃទី៣១ខែឧសភានេះ មានព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំនៃការកំចាត់ជំងឺគ្រុនឈាមក្រោម ប្រធានបទស្តីពី កំចាត់ជំងឺគ្រុនឈាម ដើម្បីការពារអ្នក និងគ្រួសារអ្នក ដែលចូលរួមរៀបចំសហការឡើងជាថ្មីម្តងទៀតរវាងក្រុមហ៊ុន អេស ស៊ី ចនសាន់ និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ។ វាជាព្រឹត្តិការណ៍សង្គមដ៏ធំបំផុតមួយដែលមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ មាតា បិតា មន្ត្រីរាជការ ជាច្រើនទៀតដើម្បីដើរក្បួនផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងការការពារ គ្រួសារពីជំងឺគ្រុនឈាម ។
តំណាងក្រុមហ៊ុន អេស ស៊ី ចនសាន់ (ថ្នាំបាញ់មូសរ៉េដ) លោក ថៃ សៀង បានលើកឡើងថា វាពិតជាមានសារៈសំខាន់ណាស់ចំពោះកិច្ចការពារប្រជាជន ជាពិសេសអ្នកដែលរស់នៅតាមតំបន់ដែលមានការគំរាមកំហែង ដោយសារតែសត្វមូសជាភ្នាក់ងារចំលងមេរោគគ្រុងឈាម។ នេះជាព្រឹត្តិការណ៍ឆ្នាំទី៨ ហើយដែលក្រុមហ៊ុន អេស ស៊ី ចនសាន់ បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម។

លោកបានបញ្ជាក់ថា ឆ្នាំនេះយុទ្ធនាការ (កំចាត់ជំងឺគ្រុនឈាមដើម្បីការពារអ្នក និងគ្រួសារអ្នក) បានរួមបញ្ចូលនូវយុទ្ធការមួយចំនួនទៀតដែលមានដូចជា ការដើរហែក្បួន វគ្គអប់រំ និងការផ្សព្វផ្សាយតាមវិទ្យុអំពីវិធីការពារខ្លួន និងគ្រួសារពីជំងឺគ្រុន ឈាម ។ លើសពីនេះទៀត អ្នកចូលរួមទាំងអស់ក៏បានលេងល្បែងកំសាន្ត និងឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ ។
ជាមួយនោះ លោកសាស្ត្រាចារ្យ ង៉ាន់ ច័ន្ទថា នាយករងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានថ្លែងប្រាប់ឲ្យដឹង ថា នាឆ្នាំ ២០១៣ នេះ ខេត្តដែលទទួលរងគ្រោះធ្ងន់ធ្ងនជាគេ គឺមានខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ រាជធានី ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ស្ពឺ កំពង់ធំ តាកែវ ក្រចេះ និងខេត្តព្រៃវែង តែការរាតត្បាតកន្លែងមានលក្ខណៈប្រមូលផ្តុំ និង កន្លែងខ្លះទៀតមានលក្ខណៈរាយប៉ាយដែលជាការលំបាកក្នុងការឆ្លើយតប ។ តែទោះបីយ៉ាងណាក៏ដោយធនាគារពិភពលោក HSS2_PF ធនាគារអវិឌ្ឍន៍អាស៊ី ABD មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងឧបត្ថម្ភផ្នែកបច្ចេកទសពីអង្គការសុខភាពលោក និងកិច្ចសហការល្អរវាងកម្មវិធីជាតិ និងស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើសភាពការ ណ៏ ជំងឺគ្រុនឈាមនេះគ្រប់ខេត្តក្រុង។
លោកបន្តថា ចាប់ពីដើមឆ្នាំ ២០១៣ រហូតមកដល់ថ្ងៃនេះមានកុមារាកុមារីចំនួន ២៥៤១ ករណីសង្ស័យជំងឺគ្រុនឈាម ហើយបានមកទទួលការព្យាបាលនៅតាមមន្ទីរព្យាបាលសាធារណដែលក្នុងនោះ មានកុមារចំនួន ១៥នាក់បានស្លាប់បាត់បង់ ជីវិតដែលទូរលេខនេះមានកម្រិតទាបជាងឆ្នាំ ២០១២ កន្លងទៅ (៣៦៦៨/១៧) និងទាបជាងឆ្នាំ ២០០៧ (៤៣៣៤/៥៧) រយៈពេល ១៩ អាទិត្យដូចគ្នា។
ក្នុងឱកាសនោះលោកធ្វើការអំពាវនាវដល់ប្រជាជនទាំងអស់ជាពិសេស បងប្អូនប្រជាជនរស់នៅតាមទីជនបទ ដែលតែងតែប្រឈមមុខនឹងគ្រោះគ្រុនឈាម ត្រូវប្រុងប្រយ័ត្នចំពោះបុត្រធីតារបស់លោកអ្នកធ្វើយ៉ាងណា កុំឲ្យមានមូសខាំ និងចូលរួមធ្វើអនាម័យសំអាត ជុំវិញលំនៅដ្ឋានដូចជា ដោយគ្របពាងទឹក អាងទឹក និងរាល់វត្ថុដែលស្តុកទឹកទុកឲ្យបានជិតល្អ កុំឲ្យសត្វមូស ពងបាន កំចាត់កាកសំណល់ សបកកំប៉ុង សំបកដួង-កង់ឡានម៉ូតូចាស់ៗ ។ ពេលថ្ងៃគេងក្នុងមុងជាប្រចាំ បាញ់ថ្នាំគ្រប់ទីងងឹត និងបើសិនសង្ស័យមានជំងឺគ្រុនឈាម ត្រូវប្រញាប់នាំយកទៅមន្ទីរពេទ្យដើម្បីសុំការពិនិត្យព្យាបាលពី ក្រុមគ្រួពេទ្យ៕
ដោយ៖ សំអាត
No comments:
Post a Comment