ការស្នើ បេក្ខភាពលោកស្រី ពុង ឈីវកេក ជាបេក្ខភាពទី៩នៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីសំណាក់គណបក្សជាប់ឆ្នោតទាំងពីរ គឺជាជំរើសដ៏សែនពិបាកសម្រាប់លោកស្រីប្រធានអង្គការ លីកាដូ។ ម្យ៉ាងលោកស្រីចង់ជួយទម្លុះទម្លាយវិបត្តិ ខណៈគណបក្សសង្គ្រោះជាតិប្រកាសថា ពួកគេនឹងមិនចូលរដ្ឋសភាប្រសិនបើរើសបេក្ខជនទី៩នៃ គជប នេះមិនបាន។ ប៉ុន្តែម្យ៉ាងទៀត ប្រសិនបើ គជប មានដំណើរការមិនល្អ វានឹងប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី។ តើអ្វីខ្លះជាយុទ្ធសាស្ត្រ និងទឹកចិត្តរបស់លោកស្រី ពុង ឈីវកេក? ខាងក្រោមជាបទសម្ភាសន៍រវាងលោកលាង ដឺលុច និពន្ធនាយកសារព័ត៌មានថ្មីៗ និងលោកស្រី ពុង ឈីវកេក។
លោក លាង ដឺលុច៖ លោកស្រីបានទទួកយកការស្នើពីគណបក្សជាប់ឆ្នោតទាំងពីរ ដែលចង់បានលោកស្រីជាបេក្ខភាពទី៩នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្មី។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងសោះ គណបក្សទាំងពីរក៏បានឆ្លើយយល់ព្រមតាមលក្ខខណ្ឌនានារបស់លោកស្រី។ តើលោកស្រីគិតថា តើនេះជាចាប់ផ្តើមដ៏ល្អមួយ ក្នុងដំណើរការរៀបចំគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មីដែរឬទេ?
លោកស្រី ពុង ឈីវកេក៖ ខ្ញុំមិនហ៊ានអះអាងយ៉ាងដូច្នេះទេ។ តែខ្ញុំសង្ឃឹមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ នឹងដើរតាមរដ្ឋធម្មនុញ្ញដែលគណបក្សជាប់ឆ្នោតទាំងពីរកំពុងតែជជែកគ្នា ធ្វើវិសោធនកម្មនៅពេលនេះ។ យើងចង់ឃើញ គ.ជ.ប មួយដែលឯករាជ្យ និងមានប្រសិទ្ធភាពខ្ពស់។
លោក លាង ដឺលុច៖ សម្រាប់លោកស្រី គ.ជ.ប សំខាន់ប៉ុណ្ណាក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?
លោកស្រី ពុង ឈីវកេក៖ ចា សំខាន់ណាស់។ លោកឃើញហើយ ទំនាស់នយោបាយមួយឆ្នាំ ក្រោយការបោះឆ្នោតនេះ ពលរដ្ឋបានស្តីបន្ទោសខ្លាំងណាស់ទៅលើការបោះឆ្នោត។ ប្រជាពលរដ្ឋអ្នកបោះឆ្នោតបានបាត់បង់ជំនឿ និងសេចក្តីទុកចិត្តពី គ.ជ.ប ហើយ។ នៅពេលនេះគេត្រូវធ្វើយ៉ាងណា ដើម្បីទាញជំនឿចិត្តរបស់ពលរដ្ឋឡើងវិញ។ ហើយវាជាការងារដ៏លំបាកមួយ។
លោក លាង ដឺលុច៖ សមាជិក គ.ជ.ប ទទួលបានការការពារអភ័យឯកសិទ្ធិ ទទួលបានការធានាស្វ័យភាពក្នុងធ្វើសេចក្តីសម្រេចចិត្ត មានសិទ្ធិរើសមន្ត្រីជំនាញ ផ្នែកគ្រប់គ្រង ចាត់ចែង ការទទួលបានថវិកាដោយឯករាជ្យ និងជំនួយផ្សេងៗពីក្រៅប្រទេស។ ទាំងនេះគឺជាលក្ខខណ្ឌរបស់លោកស្រីដែលលោកស្រីបានដាក់អោយគណបក្ស ទាំងពីរ។ លោកស្រីជឿជាក់ហើយឬ ថាលក្ខខណ្ឌប៉ុណ្ណឹង វាល្មមគ្រប់គ្រាន់នឹងធ្វើអោយ គជប ឯករាជ្យ ហើយ? ឬវាអាចនៅមានលក្ខខណ្ឌបន្ទាប់បន្សំផ្សេងទៀត?
លោកស្រី ពុង ឈីវកេក៖ ត្រូវហើយលោក។ វានៅមានការងារត្រូវកែសម្រួលជាច្រើនទៀត។ ប៉ុន្តែអ្វីដែលខ្ញុំទាមទារ វាគឺជាមូលដ្ឋាគ្រឹះធំៗ ។ នៅពេលយើងចូលធ្វើការងារ យើងនឹងពិនិត្យមើលបន្ថែមទៀត ថាតើត្រូវធ្វើអ្វីថែមទៀត។ ដូចខ្ញុំបាននិយាយពីខាងដើមអម្បិញមិញ នៅពេលនេះ ពលរដ្ឋ ពួកគាត់កំពុងតាមដានមើលយើងសម្បើមណាស់។ ពួកគេអាចយល់ដឹងនូវអ្វីដែលយើងធ្វើមិនត្រឹមត្រូវ។ ដូច្នេះយើងត្រូវស្តារកេរ្តិ៍ឈ្មោះ គ.ជ.ប ឡើងវិញ។
លោក លាង ដឺលុច៖ តើអាចទេ អគារការិយាល័យ គ.ជ.ប ត្រូវដកចេញពីទីតាំងក្រសួងមហាផ្ទៃ?
លោកស្រី ពុង ឈីវកេក៖ ខ្ញុំយល់ថា វាជាគំនិតល្អ។ ពីព្រោះគ្រប់គ្នានិយាយថា គ.ជ.ប ត្រូវឯករាជ្យ។ ដូច្នេះយើងនឹងអាចពិចារណាចំនុចនេះដែរ។
លោក លាង ដឺលុច៖ លោកស្រី ពុង ឈីវកេក លោកស្រីបានមានឈ្មោះ បោះសំឡេង និងមានកិត្តិយសច្រើនក្នុងការងារការពារសិទ្ធិមនុស្សនៅកម្ពុជា។ បើគិតតាមវ័យរបស់លោកស្រី ៧១ ឆ្នាំ គេអាចនិយាយបានថា នេះអាចជាតួនាទីចុងក្រោយមួយរបស់លោកស្រី។ ប្រសិនបើ គជប នេះល្អ កិត្តិយសរបស់លោកស្រី កាន់តែល្អថែមទៀត។ ប៉ុន្តែបើ គជប មានបញ្ហាដូចមានការរិះគន់កន្លងមកនោះ កេរ្តិ៍ឈ្មោះរបស់លោកស្រីនឹងអាចធ្លាក់ចុះវិញ? លោកស្រីមានបានគិតដល់ចំនុចនេះទេ?
លោកស្រី ពុង ឈីវកេក៖ ខ្ញុំចង់ជំរាបលោកថា ខ្ញុំមិនដែលគិតចង់បាន ចង់ធ្វើតួនាទីនេះទេ។ ខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំគួរចូលរួមជួយក្នុងការងារនេះ ឬក៏អត់? ពីព្រោះគណបក្សសង្គ្រោះជាតិបាននិយាយហើយថា បើរើសបេក្ខភាពទី៩មិនបាន ពួកគេមិនស្បថចូលក្នុងរដ្ឋសភាឡើយ។ នៅពេលមានការស្នើពីគណបក្សទាំងពីរកាលពីថ្ងៃទី២៦ និង២៧ កក្កដា ខ្ញុំគិតពិចារណាច្រើនណាស់អំពីការស្នើនេះ។ ខ្ញុំគិតជាមួយក្រុមគ្រួសារ កូនចៅខ្ញុំ។ បន្ទាប់មកនៅថ្ងៃទី២៨កក្កដានេះ ខ្ញុំប្រជុំសួរយោបល់ពីបុគ្គលិករបស់ លីកាដូ គ្រប់ជាន់ថ្នាក់ទាំងនៅភ្នំពេញ និងនៅតាមខេត្ត។ ដូច្នេះខ្ញុំបានរកឃើញដំណោះស្រាយមួយ។ ខ្ញុំបានយល់ព្រម ហើយនិយាយប្រាប់ខ្លួនឯងថា ខ្ញុំនឹងប្រឹងប្រែងបំពេញភារកិច្ចនេះអោយអស់ពីលទ្ធភាព និងពីសមត្ថភាព។ ប្រសិនបើ ដំណើរការស្ថាប័ននេះ មានបញ្ហាផ្នែកឯករាជ្យភាពនោះ ជំរើសចុងក្រោយរបស់ខ្ញុំ គឺ ការលាលែង។
លោក លាង ដឺលុច៖ លោកស្រីបានសម្រេចចាកចេញទៅ គ.ជ.ប ហើយ។ នៅពេលនេះ សំណួរដែលត្រូវសួរនោះគឺ តើអ្នកណា នឹងអាចឡើងកាន់តំណែងរបស់លោកស្រីនៅអង្គការសិទ្ធិមនុស្ស លីកាដូ?
លោកស្រី ពុង ឈីវកេក៖ ខ្ញុំភ្លេចជំរាបលោក។ តាមពិតនៅពេលដែលពួកខ្ញុំបានពិភាក្សាអំពីបេក្ខភាពខ្ញុំនៅ គ.ជ.ប ថ្មីនោះ ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ លីកាដូ បានសម្រេចហើយថា ទុកកន្លែងខ្ញុំឲ្យនៅទំនេរ ដើម្បីរង់ចាំទទួលខ្ញុំត្រឡប់មកវិញ។ ពួកគេគិតថា នៅអង្គការលីកាដូ មានរចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ហើយ។ បន្ទាប់ពីខ្ញុំ គឺមាននាយកមួយ នាយករង៣ មានអ្នកសម្របសម្រួលជាច្រើនទៀត។ ដូច្នេះ ពួកគេថា ពួកគេអាចធ្វើការបាន។
លោក លាង ដឺលុច៖ សំណួរចុងក្រោយរបស់ខ្ញុំ ពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះវង្សត្រកូលរបស់គ្រួសារលោកស្រី ដែលជាក្រុមគ្រួសារអភិជន និងជាឥស្សរជនជាន់ខ្ពស់តាំងពីដើមមក។ នៅពេលនេះ ក្រៅតែពីបានល្បីឈ្មោះ មានកិត្តិយសនៅក្នុងវិស័យការពារសិទ្ធិមនុស្ស វិស័យសង្គមមក តើតួនាទីថ្មីនៅក្នុងស្ថាប័នជាតិ គ.ជ.ប នេះ វាបានបន្ថែមភាពល្បីល្បាញ និងសមិទ្ធិផលថែមទៀតដល់គ្រួសារលោកស្រី មែនដែរឬទេ?
លោកស្រី ពុង ឈីវកេក៖ ខ្ញុំអរគុណឪពុកម្តាយខ្ញុំ ដែលលោកបានទុកកេរ្តិ៍ឈ្មោះឲ្យខ្ញុំ។ ឪពុកខ្ញុំធ្លាប់ជារដ្ឋមន្ត្រីអប់រំ ជារដ្ឋមន្ត្រីព័ត៌មាន និងធ្លាប់ធ្វើការនៅក្នុងវាំងទៀត។ ម្តាយរបស់ខ្ញុំគឺជាតំណាងរាស្ត្រស្ត្រីមួយនៅស្រុកខ្មែរ ក្នុងឆ្នាំ១៩៥៨ ។ ពួកលោកទុកឈ្មោះល្អឲ្យខ្ញុំ។ ដូច្នេះសព្វថ្ងៃនេះ ខ្ញុំក៏កំពុងធ្វើអ្វីៗទាំងអស់ ដើម្បីទុកឈ្មោះល្អឲ្យកូនស្រីខ្ញុំទាំង៣ និងចៅរបស់ខ្ញុំទាំង៦ដែរ៕
រក្សាសិទ្ធិដោយ thmeythmey.com