ថ្មីៗនេះ គេហទំព័រមួយដែលមានឈ្មោះថា «www.4icu.org/» បានចេញផ្សាយពីចំណាត់ថ្នាក់នៃសាកលវិទ្យាល័យនៅក្នុងប្រទេស កម្ពុជា ដែលបានធ្វើឲ្យយុវជនជាច្រើនមានចម្ងល់ទាក់ទងទៅនឹងវិធីក្នុងការ ចាត់ចំណាត់ថ្នាក់ និងភាពដែលអាចទុកចិត្តបាននៃគេហទំព័រមួយនោះ ព្រមទាំងមានមតិមួយចំនួនទៀតប្រតិកម្មថា ចំណាត់ថ្នាក់នេះគឺមិនសមហេតុផល និងមិនអាចយកជាការបានឡើយ។
LIFT បានព្យាយាមទាក់ទងទៅអ្នកគ្រប់គ្រងគេហទំព័រមួយនេះដើម្បីបកស្រាយ បំភ្លឺបន្ថែមពីវិធីនៃការដាក់ពិន្ទុរបស់គេហទំព័រមួយនោះ ប៉ុន្តែយើងនៅមិនទាន់ទទួលបានចម្លើយនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រមួយនេះបានសរសេរបញ្ជាក់នៅលើទំព័ររបស់ខ្លួនយ៉ាងច្បាស់ ហើយដែរពីវិធីនៃការចាត់ចំណាត់ថ្នាក់នេះថា គោលបំណងរបស់គេហទំព័រនេះគឺដើម្បីផ្តល់ចំណាត់ថ្នាក់តាម ប្រជាប្រិយភាពរបស់សាកលវិទ្យាល័យលើពិភពលោក ដោយផ្អែកទៅលើប្រជាប្រិយភាពនៃគេហទំព័រ (websites) របស់សាកលវិទ្យាល័យនីមួយៗដែលប្រៀបធៀបនឹងសាកលវិទ្យាល័យផ្សេងទៀត ក្នុងប្រទេសមួយ។ មានន័យថា គេធ្វើការប្រៀបធៀបថា តើគេហទំព័ររបស់សាកលវិទ្យាល័យណាដែលមានមនុស្សចូលមើលច្រើន និងនិយាយទាក់ទងពីឈ្មោះសាលានោះច្រើនជាងគេ (ដូចជានៅក្នុងគេហទំព័រ Google search ជាដើម)។
គេហទំព័រនេះ មានគោលបំណងជួយដល់និស្សិតបរទេស ឬក៏បុគ្គលិកសិក្សាទាំងអស់ឲ្យដឹងអំពីប្រជាប្រិយភាពរបស់សាកល វិទ្យាល័យណាមួយនៅបរទេស។
គេហទំព័រដដែល បានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងមិនអះអាងក្នុងការវាយតម្លៃដាក់ចំណាត់ថ្នាក់ពីកម្មវិធី សិក្សា ឬក៏ស្ថាប័នទាំងនោះតាមរយៈគុណភាពនៃការអប់រំ ឬកម្រិតនៃសេវាកម្មដែលសាកលវិទ្យាល័យទាំងអស់ផ្តល់ឲ្យនោះឡើយ»។
គួរបញ្ជាក់ថា គេហទំព័រមួយនេះមិនមែនជាគេហទំព័រសម្រាប់ដាក់ចំណាត់ថ្នាក់សាកល វិទ្យាល័យតាមលក្ខណៈនៃការសិក្សា ឬមុខវិជ្ជាសិក្សាទេ (not an academic ranking) ហើយគេមិនគួរយកចំណាត់ថ្នាក់នេះមកធ្វើជាលក្ខខណ្ឌវិនិច្ឆ័យសំខាន់ បំផុតសម្រាប់ជ្រើសរើសសាកលវិទ្យាល័យមួយដើម្បីសិក្សានោះដែរ»៕ ប្រភពពី៖ Phnom penh post
No comments:
Post a Comment