គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Mohamed Salah ក្នុងរយៈពេល៣នាទីចុងក្រោយ បានជួយឲ្យក្រុមម្ចាស់ជើងឯករបស់ស្វ៊ីសទទួលជ័យជម្នះជាលើកទី២ របស់ពួកគេលើក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ បើទោះក្រុមតោខៀវមួយនេះនៅតែទទួលបានកៅអីមួយក្នុងវគ្គ១៦ក្រុម ចុងក្រោយ បន្ទាប់ពីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ របស់ Schalke ជាមួយនឹង Steaua Bucharest ក្នុងប្រទេសរូម៉ានីក៏ដោយ។
ហេតុនេះ មានន័យថា វាជាការងារដែលត្រូវបានចប់សព្វគ្រប់សម្រាប់ Chelsea ដែលបានធ្វើដំណើរទៅកាន់ប្រទេសស្វ៊ីសជាមួយនឹងគោលបំណងក្នុងការ ដណ្តើមកៅអីទៅវគ្គបន្តខណៈនៅសល់១ប្រកួតក្នុងដៃក្នុងពូល E ប៉ុន្តែ លោក Mourinho មិនអាចផ្តល់នូវស្នាមញញឹមឡើយ ក្រោយពីឃើញក្រុមខ្លួនលេងមិនបានល្អ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បាននិយាយប្រាប់ឲ្យដឹងថា៖ «យើងមិនបានឈានទៅវគ្គបន្តព្រោះយើងបានទទួលលទ្ធផលមួយ ប៉ុន្តែ យើងឈានទៅវគ្គបន្តដោយសារតែ Schalke មិនបានទទួលលទ្ធផលមួយ។ សម្រាប់ខ្ញុំ វាមិនមានភាពដូចគ្នានោះឡើយ»។
ខណៈដែលក្រុម Chelsea ដឹងថា ការទទួលជ័យជម្នះមួយក្នុងផ្ទះខ្លួនឯងនៅពេលជួបក្រុម Steaua នាថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ នឹងធ្វើឲ្យពួកគេរក្សាការឈរនៅលើកំពូលតារាងនោះ លោកបានបន្តថា៖ «នៅទីបំផុត យើងបានឈានទៅវគ្គបន្ត ដែលជាគោលដៅទី១របស់យើង ហើយនៅឥឡូវនេះ យើងមានការប្រកួតចុងក្រោយនៅផ្ទះខ្លួនឯងដើម្បីបញ្ចប់វា»។
លោក Mourinho បានធ្វើការកោតសរសើរភ្លាមៗទៅលើការបង្ហាញពីទម្រង់លេងរបស់ក្រុម Basel ប៉ុន្តែ លោកបានទទួលស្គាល់ថា ការសម្រេចចិត្តរបស់លោកក្នុងការធ្វើការផ្លាស់ប្តូរកីឡាករតែម្នាក់ ក្នុងក្រុមនេះ ក្រោយពីការទទួលជ័យជម្នះ ៣-០ នៅលើទឹកដីក្រុម West Ham កាលពីថ្ងៃសៅរ៍ ពិតជាកំហុសមួយ។
អតីតគ្រូបង្វឹករបស់ក្លិប Real Madrid រូបនេះ ដែលបានសម្រេចប្រើប្រាស់ Willian ជំនួស Eden Hazard នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជាចង់កោតសរសើរដល់ក្រុម Basel។ ពួកគេបានទទួលជ័យជម្នះ ពីព្រោះយើងមិនមានការយកចិត្តទុកដាក់ក្នុងការប្រកួតនៅនាទី ចុងក្រោយ។ ប៉ុន្តែ ពួកគេបានទទួលជ័យជម្នះក៏ព្រោះតែពួកគេជាក្រុមដ៏ខ្លាំងមួយផង ដែរ និងពិតជាស័ក្តិសមក្នុងការទទួលជ័យជម្នះ»។
លោកបាន ប្រាប់បន្ថែមទៀតថា៖ «ខ្ញុំគិតថា ចាប់ពីនាទីដំបូង ខ្ញុំបានមើលឃើញថា ក្រុមរបស់ខ្ញុំអស់កម្លាំង។ ក្រុមរបស់ខ្ញុំលេងមិនបានល្អនៅថ្ងៃនេះ ហើយខ្ញុំខ្លាចតែវាបណ្តាលមកពីឥទ្ធិពលក្នុងការប្រកួតជាមួយ នឹងក្រុម West Ham ទេ។
ប្រហែលដោយសារតែការប្រកួតនោះសំខាន់ សម្រាប់យើង ហេតុនេះក្រុមទាំងមូលមានការផ្តោតអារម្មណ៍ ហើយគ្រប់គ្នាបានបង្ហាញពីទម្រង់លេងយ៉ាងល្អ»៕ IS
No comments:
Post a Comment