មកដល់ពេលនេះព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Mekong Region Youth U23 International Football Tournament BIDC-Cup លើកទី៣បានឈានចូលដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រហើយ នៅរសៀលថ្ងៃ សុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ស្អែកនេះ ដោយក្រុមជម្រើសជាតិ U23 កម្ពុជា ដែលជាប់ចំណាតថ្នាក់លេខ២ ពូល B ត្រូវប្រជែងជាមួយក្រុមលេខ១ ពូល A គឺក្រុម U-23ថៃ ខណៈក្រុម U23 មីយ៉ាន់ម៉ា ដែលជាប់លេខ២ពូល A ត្រូវជួបជាមួយក្រុម U23ម៉ាឡេស៊ីលេខ១ ពូល B ។
សម្រាប់ជំនួបរវាងក្រុម U23កម្ពុជា និងក្រុម U23ថៃ មិនដឹងថា ក្រុមកម្ពុជា អាចទប់ទល់ជាមួយក្រុមថៃបានប៉ុន្មានគ្រាប់ នោះទេ ព្រោះកាលពីជួបជាមួយ U23ឡាវ ត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់ថា ក្រុមកម្ពុជា លេងមិនបានល្អឡើយ បើទោះបីជាភាគីឡាវ បាត់បង់កីឡាករម្នាក់នៅចុងតង់ទី១ក៏ដោយ ផ្ទុយមកវិញនៅតង់ទី២ ក្រុមឡាវ បែរជាមានឱកាស រកគ្រាប់បាល់បានមុន ហើយថែមទាំងទទួលបានលទ្ធផលស្មើគ្នា ២-២ ទៀត ។
អ្នកគាំទ្រទាំងអស់នោះបានលើកឡើងទៀតថា “បើលេងជាមួយឡាវ យ៉ាប់ប៉ុណ្ណឹងហើយ ចុះទំរាំតែលេងជាមួយថៃ តើយ៉ាប់ប៉ុណ្ណាទៅ បើក្រុមកីឡាករថៃលេងខ្លាំងសឹងអីនោះ?” ។ ប៉ុន្ដែទោះជាយ៉ាងណា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រស្អែកនេះ ត្រូវបានអ្នកស្នេហា វិស័យកីឡាជាច្រើនអះអាងថា “ពួកគាត់នៅតែបន្ដគាំទ្រ និងលើកទឹកចិត្តដល់ក្រុម កីឡាករជម្រើសជាតិកម្ពុជាជានិច្ច ដើម្បីជំរុញឲ្យកីឡាករកម្ពុជាទាំងអស់ត្រូវលេងឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញ បំណងរបស់អ្នកគាំទ្រខ្លួន ដែលខំចំណាយពេលវេលាដ៏មានតម្លៃទៅចូលរួមនោះ” ។
ចំណែកក្រុមថៃ គឺជាក្រុមលេចធ្លោជាងគេ សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលកន្លងមក ដូច្នេះការជួបជាមួយក្រុមកម្ពុជាស្អែកនេះ មិនដឹងថាក្រុមកម្ពុជា មានសង្ឃឹមអាចយកឈ្នះលើក្រុមថៃប៉ុន្មានភាគរយនោះទេ ព្រោះក្រុមកីឡាករថៃ លេងត្រូវគ្នាល្អណាស់ ហើយថែមទាំងមានបច្ចេកលេងខ្ពស់ទៀតផង ។ ដូច្នេះរង់ចាំទស្សនាទាំងអស់គ្នា ថាតើក្រុម U23កម្ពុជា មានសំណាងដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្របានដែរឬទេ បើក្រុមថៃលេងមិនលាក់ជើងនោះ?
រីឯជំនួបរវាងក្រុមម៉ាឡេស៊ី និងក្រុមមីយ៉ាន់ម៉ា គ្មានអ្នកណាហ៊ានទស្សន៍ទាយលទ្ធផលទុកមុននោះទេ ព្រោះក្រុមទាំងពីរនេះ មានសមត្ថភាពលេង ប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ ។ ប៉ុន្ដែសម្រាប់ក្រុមដែលឈ្នះ នឹងមានសំណាងឡើងទៅ ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្របន្ដ ។ ចាំមើល តើម៉ាឡេស៊ី ឬមីយ៉ាន់ម៉ា ដែលអាចសម្រេចបំណងដណ្ដើមយកកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រនោះ?
សូមរំឮកថា លទ្ធផលនៃការប្រកួតជម្រុះ ២ប្រកួតម្នាក់ក្នុងពូលកន្លងមក ពូល A ក្រុមថៃ ឈ្នះទាំង២ប្រកួត(ឈ្នះមីយ៉ាន់ម៉ា ៣-១, វៀតណាម ២-០) ក្រុមមីយ៉ាន់ម៉ា ២ប្រកួតត ចាញ់១ ឈ្នះ១ (ឈ្នះវៀតណាម១-០ និងចាញ់ថៃ ១-៣), ក្រុមវៀតណាម ហាលអាវក្រោយពីចាញ់២ប្រកួតជាប់គ្នា ។ ចំណែកពូល B ក្រុមកម្ពុជា ២ប្រកួត ស្មើទាំង២ (ស្មើឡាវ និងម៉ាឡេស៊ី ២-២ដូចគ្នា), ក្រុមម៉ាឡេស៊ី ២ប្រកួតឈ្នះ១ និងស្មើ១ (ស្មើកម្ពុជា ២-២ និងឈ្នះឡាវ ៣-២) និងក្រុមឡាវ ហាលអាវ ព្រោះ២ប្រកួតមិនស្គាល់ពាក្យថាឈ្នះ ចាញ់១ និងស្មើ១ ៕
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិម៉ាឡេស៊ី
No comments:
Post a Comment