អ្នកនាំពាក្យ សាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានឲ្យដឹងកាលពីម្សិលមិញថា បន្ទាប់ពីក្រុមការងារ សាលារាជធានី បានពិនិត្យផ្ទៀងផ្ទាត់ នូវសាលាកបត្រព័ត៌មាន អំពីទំហំផ្ទះ របស់ប្រជាពលរដ្ឋចំនួន ៣២ គ្រួសារ ក្នុងភូមិ ២៤ ភូមិ ២២ និងភូមិ ៦ ហើយនោះ ក្រុមការងារ បានចាប់ផ្ដើម ចុះវាស់វែងសាជាថ្មី ទៅតាមទំហំដីផ្ទះជាក់ស្ដែង របស់ប្រជាពលរដ្ឋ តាមគ្រួសារនីមួយៗ ដើម្បីរៀបចំចេញប្លង់កម្មសិទ្ធិផ្ដល់ជូនពួកគាត់ក្នុងពេលឆាប់ៗ ខាងមុខនេះ។
លោកថ្លែងថា៖ «ក្រោយពីការវាស់វែងទៅតាមទំហំដីជាក់ស្ដែងរួចហើយ ...មិនយូរប៉ុន្មានប្រជាពលរដ្ឋទាំង ៣២ គ្រួសារ នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់»។
អ្នកស្រី ហេង មុំ តំណាងពលរដ្ឋ ដែលនៅសេសសល់ ក្នុងតំបន់ បឹងកក់ ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិបានឲ្យដឹងថា នៅក្នុងដំណើរការចុះវាស់វែងកាលពីម្សិលមិញក្រុមមន្ត្រីជំនាញ សុរិយោដី បានធ្វើការវាស់វែងរួចរាល់ នូវទីតាំងដីលំនៅឋានប្រជាពលរដ្ឋជាង ២០ គ្រួសារក្នុងចំណោម ៣២ គ្រួសារក្នុងភូមិចំនួនបីខាងលើ។ ការវាស់វែងនឹងត្រូវបន្ត នៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកស្រីថ្លែងថា៖ «ផ្ទះខ្ញុំ ត្រូវបានគេវាស់រួចហើយ។ ខ្ញុំសប្បាយចិត្តណាស់ពីព្រោះក្រុមមន្ត្រីទាំងនោះថា យ៉ាងយូរមួយឬពីរសប្តាហ៍ពួកគេនឹងបិទលទ្ធផលបណ្ដោះអាសន្នស្តីពី ទំហំផ្ទះរបស់យើងនៅសាលាសង្កាត់ ស្រះចក ឬនៅសាលាខណ្ឌ ដូនពេញ»។
ដំណើការចុះវាស់វែងនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលអះអាងថា ជាជំហានវិវឌ្ឍន៍វិជ្ជមានថ្មីមួយរបស់សាលារាជធានី ក្នុងការឆ្ពោះទៅរកការផ្ដល់ដំណោះស្រាយបញ្ចប់ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃ នៅក្នុងតំបន់ បឹងកក់ ដែលនៅចំកណ្តាលរាជធានីភ្នំពេញនេះ។
លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋាននៃបេសកកម្មពិសេសសិទ្ធិលំនៅឋាន ថ្លែងថា៖ «យើងអបអរ ចំពោះដំណើរការនេះ។ ទោះជាបែបណា យើងសូមឲ្យអាជ្ញាធររាជធានី ធ្វើយ៉ាងណាផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ បឹងកក់ ដើម្បីកុំឲ្យពួកគេមានអារម្មណ៍ទុក្ខព្រួយ និងចេញដើរតវ៉ាតាមដងផ្លូវតទៅទៀត»៕ By Phnom Penh Post
No comments:
Post a Comment