ក្នុងបរិយាយហានិភ័យនៃជីវិតពេលឆ្លើយឆ្លងជាមួយភ្នំពេញប៉ុស្តិ៍នៅ រសៀលថ្ងៃទី២៩តុលាម្សិលមិញអ្នកនាងបូនីតា ដាដេណា បានរៀបរាប់ថា៖ «នៅរយៈពេលចុងក្រោយ ក្រោយពីវត្តមាននិងឆន្ទៈខ្ញុំមិនប្រែប្រួលពីការគាំទ្រគណបក្ស សង្គ្រោះជាតិនោះខ្ញុំទទួលបានទាំងការជេរប្រមាថគ្រប់បែបយ៉ាងហើយក៏ មានពាក្យគំរាមសម្លាប់ទៀតផងនៅក្នុងហ្វេសប៊ុក»។
អ្នកនាងបានប្រាប់ឲ្យដឹងថា៖ «ការជេរការប្រមាថ គំរាមសម្លាប់ពីមនុស្សមួយក្រុមតាមហ្វេសប៊ុកនោះ នៅរយៈចុងក្រោយនេះ បន្ទាប់ខ្ញុំបង្ហាញវត្តមានចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ បើកចំហពិសេសក្រោយពីខ្ញុំនិយាយក្នុងហ្វេសប៊ុកអំពាវនាវឲ្យបងប្អូន ចូលរួមគាំទ្របក្សតវ៉ាទាមទារភាពយុត្តិធម៌។ ពេលនោះមនុស្សមួយក្រុមក្នុងហ្វេសប៊ុក ដែលតែងឆាត [chat] ជំទាស់ខ្ញុំ គេថា ខ្ញុំនេះជាតារាស្អី មនុស្សស្រីស្អី ដើរតែញុះញង់ បំផុសបំផុលគេ បង្កការវឹកវរ និងប៉ះពាល់ដល់សង្គម»។
អ្នកនាងបញ្ជាក់ថា៖ «ពេលនោះ ខ្ញុំក៏សួរទៅក្រុមដែលថាខ្ញុំញុះញង់បំផុសបំផុលនោះវិញថា តើច្បាប់រដ្ឋាភិបាល មានបានចែងទេថា មិនឲ្យប្រជាជន ឬអ្នកណាម្នាក់ទៅគាំទ្របក្សណានោះគ្មានទេ នោះជាសិទ្ធិរបស់ប្រជាជន។ ដូចខ្ញុំខ្ញុំចង់ចូលឬគាំទ្របក្សណាដែលខ្ញុំស្រឡាញ់យល់ថា ល្អ នោះក៏ស្រេចតែខ្ញុំដែរ ដូចគ្នាខ្ញុំក៏មានសិទ្ធិឃោសនា តែត្រង់ថាអ្នកណា ឬបុគ្គលណាមកចូលតាមខ្ញុំនោះក៏ជាសិទ្ធិរបស់គាត់មិនមាននរណាទៅ បង្ខំឯណា»។
តារាភាពយន្ត ដែលហាក់មិនខ្វល់ពីការងារសិល្បៈរូបនេះក៏បានឲ្យដឹងទៀតថា៖ «ពេលដែលខ្ញុំលើកឡើងយ៉ាងដូចនោះ ក្រុមនោះមិនបានសរសេរពីហេតុផលច្បាប់ណាមកសំអាងនោះតទៀតទេក្រៅពី សរសេរថា នាងឯងកុំឲ្យជួបយើង ជួបកន្លែងណានាងឯងនឹងជីវិតផុយកន្លែងនោះហើយ»។
យោងតាមអ្នកនាង បូនីតា ដាដេណា ការសរសេរcommentគំរាមក្នុងហ្វេសនោះមិនមែនជាការលេងសើចឡើយ ហើយតារាដែលប្រែមុខមកលេចធ្លោក្នុងឆាកនយោបាយជាមួយបក្សប្រឆាំងរូប នេះបានអះអាងថាមិនបានប៉ុន្មានថ្ងៃផង នាងក៏មានមនុស្សប្រុសពីរនាក់តែងជិះម៉ូតូតាមឃ្លាំមើល តាមដានអ្នកនាងស្ទើរគ្រប់ដំណើរ។
អ្នកនាងប្រាប់ថា៖ «កាលពីពីរថ្ងៃមុននេះ ថ្ងៃទី២៧ ខ្ញុំចេញពីផ្ទះម៉ាក់នៅម្ដុំបឹងសាឡាងទៅរកញុំាបាយ។ពេលទៅដល់ហាង រកចុះពីលើឡានអ្នកការពារខ្ញុំប្រាប់ថាកុំអាលចុះព្រោះមានអ្នក តាមតាំងពីទើបចេញមកម្ល៉េះតែពួកគេអត់ហ៊ានជិះមកជិតទេព្រោះឃើញ ខ្ញុំមានគ្នាដែរហើយឃើញគ្នាខ្ញុំអាយកូមមកទាក់ទងគ្នា គេក៏គេចបាត់ទៅ»។
យ៉ាងណានាងក៏មិនបានបង្ហាញការសន្និដ្ឋានពីមុខសញ្ញាជាក់លាក់និង មិនបានដាក់ពាក្យបណ្តឹងប្តឹងទៅស្ថាប័នច្បាប់ឬអង្គការការពារ សិទ្ធិមនុស្សមួយណាដែរ ដោយអ្នកនាងនិយាយថា៖ «មនុស្សប្រុសដែលតាមឃ្លាំមើលខ្ញុំនោះ ជិតម៉ូតូម៉ាកវីវ៉ា។ ប៉ុន្តែរឿងនេះខ្ញុំគិតថាមិនមែនអ្នកធំជាអ្នកធ្វើទេ ហើយខ្ញុំក៏មិនទាន់បានដាក់ពាក្យបណ្តឹងឬក៏រាយការណ៍ទៅខាងណាដែរ »។
ប៉ុន្តែអ្នកនាងបានបញ្ជាក់ថា «បើរឿងនេះនៅតែបន្តយាយីមកលើខ្ញុំទៀតនោះ ខ្ញុំនឹងដាក់ពាក្យប្តឹងមិនខាន ហើយពេលនោះខ្ញុំនៅមានឯកសារសំខាន់ៗច្រើនសម្រាប់តម្កល់ជាឯកសារ ដាក់បន្ទុកលើក្រុមមនុស្សដែលតាមព្យាបាទខ្ញុំ។ តែមិនទាន់ដល់ពេលបញ្ចេញ»។
ដំណើរចូលរួមសកម្មភាពគណបក្សសង្គ្រោះជាតិដ៏សស្រោកសស្រាំ របស់តារាសម្តែង បូនីតា ដាដេណាត្រូវបានមនុស្សមួយក្រុមលើកមករិះគន់ថាមិនមែនជាទង្វើ ដើម្បីយុត្តិធម៌ដូចដែលនាងប្រកាសទេ នោះគឺជាការទាញយកការគាំទ្រ ដើម្បីសម្រេចបំណងចេញទៅរស់នៅស្រុកក្រៅរបស់នាងប៉ុណ្ណោះ។
ឆ្លើយតបនឹងការរិះគន់នេះអ្នកនាងទទូចសុំឲ្យភ្នំពេញប៉ុស្តិ៍ចុះ ផ្សាយសម្ដីរបស់ខ្លួនកុំឲ្យបាត់ពាក្យមួយម៉ាត់ ដោយនាងថ្លែងថា៖ «ខ្ញុំស្រឡាញ់ប្រទេសខ្មែរ ខ្ញុំស្រឡាញ់ទឹកដីខ្មែរ បានជាខ្ញុំមកចូលរួមបក្សសង្គ្រោះជាតិ ហើយសកម្មភាពនេះមិនមែនខ្ញុំធ្វើដើម្បីរត់ចោលស្រុកទេ ខ្ញុំទោះកាលៈទេសៈបែបណាក៏ខ្ញុំស៊ូស្លាប់លើដីខ្មែរដែរ»។ នាងបានបញ្ជាក់ថា៖ «បើខ្ញុំចង់ចេញរស់នៅក្រៅប្រទេសនោះ មិនចាំបាច់ខ្ញុំចូលបក្សនេះក៏បានដែរ គឺខ្ញុំទៅបានសូមចាំថា នេះខ្ញុំតស៊ូគាំទ្របក្សនេះលុះជីវិតចុងក្រោយ មិនស្តាយទេដើម្បីជាតិរស់»៕
By Phnom Penh Post
No comments:
Post a Comment