Saturday, September 28, 2013

CAA បើក​ការ​ហោះហើរ​ថ្មី​ទៅ​ចិន

130927_12
យន្តហោះក្រុម​ហ៊ុន​អាកាសចរណ៍កម្ពុជា​អង្គរអ៊ែរនៅ​ ព្រលានយន្តហោះអន្តរជាតិ​សៀមរាប ក្នុងពិធីបើក​ជើងហោះហើរទៅ​ចិន​កាលពីម្សិលមិញ​​​។ កល្យាណ

សៀមរាបៈ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរអ៊ែរ (CAA) បាន​សម្ពោធ​ជើង​ហោះ​ហើរ​ត្រង់​ទៀង​ទាត់​របស់​ខ្លួន​ពី សៀមរាប ឆ្ពោះ​ទៅ​ទីក្រុង Guangzhou ប្រទេស ចិន។
ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត សៀមរាប។
មន្ដ្រី​ក្រុមហ៊ុន​បាន​និយាយ​ថា CAA គ្រោង​នឹង​ដំណើរការ​ជើង​ហោះ​ហើរ​ត្រង់ ទៀង​ទាត់​ពី​ខេត្ត សៀមរាប ឆ្ពោះ​ទៅ​ទីក្រុង ស៊ាងហៃ នៅ​ខែ វិច្ឆិកា ឆ្នាំ​នេះ។
លោក លឹម កៅ អនុ​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរអ៊ែរ បាន​និយាយ​ថា ប្រតិបត្តិការ​ជើង​ហោះ​ហើរ​លក្ខណៈ​ទៀង​ទាត់​គឺ​ប្រើ​យន្តហោះ​ប្រភេទ Airbus 321 ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​ប្រហែល ១៧៦ នាក់។
លោក​បាន​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ចិន​ចំនួន ១៥៨ ៩០០ នាក់​បាន​មក​ទស្សនា​ប្រាសាទ អង្គរ​​វត្ត នៅ​ខេត្ត សៀមរាប នៅ​ក្នុង​រយៈ​ពេល ៧ខែ ដំបូង​ដោយ​កើន​ឡើង ៦៩ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
យោង​តាម​តួលេខ​ប្រទេស​ចិន​ជា​ប្រភព​ឈាន​មុខ​គេ​ទី​ពីរ​នៃ​ភ្ញៀវ​ទេសចរ​ បរទេស​មក​ទស្សនា អង្គរវត្ត​កន្លែង​មក។ ដូច្នេះ​ក្រុមហ៊ុន​អាកាសចរណ៍ CAA សម្រេច​ចិត្ត​ពង្រីក​ជើង​ហោះ​ហើរ​ត្រង់​របស់​ខ្លួន​ឆ្ពោះ​ទៅ​ទីក្រុង Guangzhou។ លោក​បន្ត​ថា៖ «យើង​អាច​មើល​ឃើញ​ពី​ការ​កើន​ឡើង​ជា​ប្រចាំ​នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា ខេត្ត សៀមរាប ក្នុង​ពេល​ថ្មីៗ​នេះ»។
លោក​បាន​បន្ថែម​ថា នៅ​ឆ្នាំ​នេះ​ប្រទេស​ចិន​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទី ពីរ​របស់​ពិភពលោក ហើយ​ភ្ញៀវ​ទេសចរ​ចំនួន ២៦៧ ៥០៦ បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល ៧ខែ នេះ​។
លោក​បាន​និយាយ​ថា៖ «ជា​រៀង​រាល់​ឆ្នាំ​ប្រជាជន​ចិន​ចំនួន ៨៦ លាន​នាក់​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ហើយ​នៅ​ក្នុង​ចំណោម​នោះ​ប្រជាជន​ចិន ១០ លាន​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​មក អាស៊ី ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ព្រម​ទាំង​ខេត្ត សៀមរាប ក្នុង​ការ​ស្វាគមន៍​ទេសចរ​អន្តរជាតិ»។
លោក តឹក រ៉េតសំរេច រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា CAA និយាយ​ថា ការ​ចាប់​ផ្តើម​ការ​ហោះហើរ​ពី​ខេត្ត សៀមរាប ទៅ Guangzhou ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​ចិន​នៅ​ពេល​ថ្មីៗ​នេះ។ លោក​បន្ថែម​ថា នេះ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ទេសចរ​ចិន​មក​អង្គរវត្ត ហើយ​និន្នាការ​នេះ​នឹង​នៅ​តែ​បន្ត។
បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ CAA មាន​យន្តហោះ​ប្រភេទ Airbus 321 ចំនួន ៣ គ្រឿង ហើយ​ប្រភេទ​យន្តហោះ ATR 72 ចំនួន ៣ គ្រឿង​ប៉ុន្តែ​ពួក​គេ​បាន​គ្រោង​នឹង​បង្កើន​យន្ត​ហោះ​ប្រភេទ Airbus 321 ចំនួន ៥ គ្រឿង​ហើយ​យន្តហោះ​ប្រភេទ ATR 72 ពីរ​គ្រឿង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៥។ ក្រុមហ៊ុន​អាកាសចរណ៍ CAA មាន​បំណង​ពង្រីក​ជើង​ហោះ​ហើរ​ត្រង់​ឆ្ពោះ​ទៅ​ប្រទេស​សំខាន់ៗ​ដូចជា ឥណ្ឌា និង ជប៉ុន៕

No comments:

Post a Comment