Thursday, September 5, 2013

តម្លៃ​ដី​ក្នុង​ក្រុង សៀមរាប មាន​កំណើន​ប្រហែល ១៥ ភាគរយ

130905_05
ផែនទី​ក្រុង​សៀមរាប ដែល​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​៩​តំបន់​ ។ រូបថត សហការី
ភ្នំពេញៈ ដោយ​សារ​កំណើន​សេដ្ឋកិច្ច និង​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រាសាទ​បុរាណ​កាន់​តែ​កើន​ឡើង​បាន​ធ្វើ​ ឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ក្រុង សៀមរាប មាន​កំណើន ១៥ ភាគរយ នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ។
លោក សន សៀប ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ឃី រៀលអេស្ទេត ដែល​បាន​ធ្វើ​ការ​សិក្សា​ពី​តម្លៃ​ដីធ្លី​ក្នុង​ក្រុង សៀមរាប បាន​និយាយ​ថា តម្លៃ​ដី​ក្នុង​ក្រុង សៀមរាប មាន​កំណើន​ប្រមាណ ១៥ ភាគរយ​នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ ២០១៣ នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​កាល​ពី​ឆមាស​ទី១ ឆ្នាំ ២០១២ កន្លង​មក តម្លៃ​ដីធ្លី​នៅ​ក្នុង​ក្រុង សៀមរាប​មាន​ជា​មធ្យម ៨២៥ ដុល្លារ​ក្នុង ១ ម៉ែត្រ​ការ៉េ ខណៈ​ឆ្នាំ​នេះ​បាន​កើន​ឡើង​ដល់ ៩៥០ ដុល្លារ​អាមេរិក។
លោក​មាន​ប្រសាសន៍​ថា៖ «ការ​ដែល​តម្លៃ​ដីធ្លី​កើន​ឡើង គឺ​ដោយ​សារ​តែ​ទីក្រុង​នេះ​មាន​ទំហំ​តូច និង​ទីផ្សារ​ដីធ្លី​នៅ​តែ​មាន​តម្រូវ​ការ​ខ្ពស់ ស្រប​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»។
លោក​បាន​បន្ត​ថា៖ «ទោះ​បី​ជា​ទីផ្សារ​ដីធ្លី​ខេត្ត សៀមរាប ជា​ទីផ្សារ​តូច​ក៏​ដោយ ក៏​ខ្ញុំ​គិត​ថា វា​ជា​ទីផ្សារ​ធំ​ទី២​បន្ទាប់​ពី​រាជធានី​ភ្នំពេញ​ដែរ ពី​ព្រោះ​នៅ​ខេត្ត សៀមរាប​មាន​គម្រោង​វិនិយោគ​ជាច្រើន​ដូច​ជា គម្រោង​សាងសង់​សណ្ឋាគារ​ថ្មី ព្រលាន​យន្តហោះ ទីលាន​កីឡា​វាយ​កូនគោល​ជា​ពិសេស​ការ​ហូរ​ចូល​ភ្ញៀវ​ទេសចរ​មក​កាន់​តែ​ច្រើន​ នៅ​ក្នុង​ខេត្ត​ដែល​មាន ប្រាសាទ​បុរាណ​ដ៏​ល្អ​មួយ​នេះ»។
ការ​សិក្សា​អំពី​តម្លៃ​អចលន​ទ្រព្យ នៅ​ក្នុង​ក្រុង សៀមរាប នៅ​ពេល​នេះ​គេ​បាន​បែង​ចែក​ជា ៩ តំបន់ (Zone) ខុសៗ​គ្នា ដូចជា តំបន់ A ស្ថិត​ក្នុង​តំបន់ Pub street ដី​មាន​តម្លៃ​ចន្លោះ ២៣០០-៣០០០ ដុល្លារ តំបន់ B គិត​ចាប់​ពី​ផ្សារ​កណ្តាល ទៅ​ផ្លូវ​ជាតិ​លេខ ៦ តាម​ផ្លូវ​ធំ ដី​មាន​តម្លៃ​ចន្លោះ​ពី ១៣០០-២០០០ ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចាប់​ពី ៥០០-១០០០ ដុល្លារ។
តំបន់ C នៅ​តំបន់​ផ្សារ​រាត្រី​អង្គរ​តាម​ផ្លូវ​ធំ​ដី​មាន​តម្លៃ​ចាប់​ពី ៩០០-២០០០ ដុល្លារ និង​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី ៣០០-៦០០ ដុល្លារ តំបន់ D គិត​ពី​ម្តុំ​វត្ត​ដំណាក់​ទៅ​វត្ត រាជបូព៌ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ ៦ តាម​ផ្លូវ​ធំ​ដី​មាន​តម្លៃ​ចន្លោះ​ពី ៥០០-២០០០ ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចាប់​ពី​៣០០ ទៅ ៨០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។
ចំណែក​តំបន់ E គិត​ចាប់​ពី​វត្ត រាជបូព៌​ឆ្ពោះ​ទៅ​ផ្សារ​លើ​តាម​បណ្តោយ​ផ្លូវ​ធំ​មាន​តម្លៃ​ចន្លោះ​ពី​ ៨០០-៣០០០ ដុល្លារ និង​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចាប់​ពី ១០០-៣០០ ដុល្លារ​រីឯ​តំបន់ F គិត​ពី​ផ្លូវ​ជាតិ​លេខ ៦ ផ្សារ​សាមគ្គី​ទៅ​តំបន់​អង្គរ ឃ្យុងយូ ផ្លូវ​ធំ​ដី​មាន​តម្លៃ​ចន្លោះ​ពី ៨០០-៣០០០ ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី ១០០-២៥០ ដុល្លារ ហ្សូន G គិត​ពី​តំបន់​សណ្ឋាគារ សុខា អង្គរ (ផ្លូវ​ជាតិ​លេខ ៦) ទៅ​ផ្សារ​ដើម​ក្រឡាញ់​ផ្លូវ​ធំ​ដី​មាន​តម្លៃ​ចាប់​ពី ៨០០​ទៅ ១៥០០ និង​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចាប់​ពី ១០០-៣០០ ដុល្លារ។ តំបន់ H គិត​ពី​តំបន់​ផ្សារ​ក្រោម​ឆ្ពោះ​ទៅ​ជាយ​ក្រុង​ភាគ​ខាង​លិច​ផ្លូវ​ធំ ដី​មាន​តម្លៃ​ចន្លោះ​ពី ៤០០ ទៅ ៨០០ ដុល្លារ និង​ផ្លូវ​តូច​ដី​មាន​តម្លៃ​ចន្លោះ​ពី ៧០-២០០ ដុល្លារ និង​តំបន់ I នៅ​ជួរ​ខាង​ត្បូង​វិទ្យាល័យ អង្គរ ផ្លូវ​ធំ​ដី​មាន​តម្លៃ​ចន្លោះ​ពី ៤០០-៥០០ ដុល្លារ និង​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី ៥០ ទៅ ៣០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។
ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ឃី រៀលអេស្ទេត បាន​បន្ត​ដោយ​សម្តែង​នូវ​សុទិដ្ឋិ​និយម​ថា នៅ​ឆ្នាំ ២០១៤ ខាង​មុខ​នៅ​ខេត្ត សៀមរាប​តម្លៃ​ដី​ធ្លី​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​តែ​ឡើង ក្នុង​កម្រិត​សន្សឹមៗ​ប្រកប​ដោយ​ស្ថិរភាព ព្រោះ​ប្រជា​ពលរដ្ឋ​ទាំង​អស់​សុទ្ធ​តែ​មាន​បទ​ពិសោធ​ក្រោយ​ពេល​ធ្លាក់​ចុះ​ វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​សកល​ឆ្នាំ ២០០៨ ធ្វើ​ឲ្យ​ពួក​គាត់​យល់​ពី​ទីផ្សារ​ជាក់ស្តែង៕By Phnom Penh Post

No comments:

Post a Comment