Tuesday, August 6, 2013

អ្នក​លេង ហ្វេសប៊ុក ពិភាក្សា​ពី​វាគ្មិន​របស់​វិទ្យុ អាស៊ីសេរី

130806_07
លោក​ឈាង វុន ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។ រូបថត ហុង មិនា
ភ្នំពេញៈ កិច្ច​ពិភាក្សា​ផ្សាយ​បន្ត​ផ្ទាល់ របស់​វិទ្យុ អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដែល​វាគ្មិន​មក​ពី​គណបក្ស​ប្រជាជន បាន​ព្យាយាម​និយាយ​កាត់​អ្នក​សម្រប​សម្រួល​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​មាន​ភាព​រញេ​រញ៉ៃ​យ៉ាង​ខ្លាំង​នោះ បាន​ក្លាយ​ទៅ​ជា​ការ​ពិភាក្សា​យ៉ាង​ផុល​ផុស នៅ​ក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក កាល​ពី​ម្សិលមិញ។
វាគ្មិន​ដែល​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​លោក ឈាង វុន មាន​ការ​ខឹង​សម្បា ជាមួយ​អ្នក​សម្រប​សម្រួល​កម្មវិធី​នៃ​កិច្ច​ពិភាក្សា​របស់​វិទ្យុ អាស៊ីសេរី ដែល​លោក​ជឿ​ថា​បាន​ផ្តល់​ឱកាស​ឲ្យ​ភាគី​ម្ខាង​ទៀត​គឺ​លោក សុន ឆ័យ តំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​បញ្ចេញ​មតិ​ច្រើន​ជាង​ លោក ក្នុង​ការ​ពិភាក្សា​ប្រមាណ ៥០ នាទី​ក្រោម​ប្រធានបទ​ស្តីពី «នីតិវិធី​នៃ​កិច្ច​ប្រជុំ​សភា​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​នីតិកាល​ ទី៥»។
លោក​វាគ្មិន​ទាំង​ពីរ សុទ្ធ​តែ​មាន​អំណះ​អំណាង​រៀងៗ​ខ្លួន ក្នុង​កិច្ច​ពិភាក្សា​នេះ​ទាក់ទង​ទៅ​នឹង​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្ត្រ និង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ដែល​គណបក្ស​ប្រជាជន​គិត​ថា រដ្ឋសភា​នឹង​មិន​អាច​ជាប់​គាំង​ឡើយ បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ប្រជុំ​រដ្ឋសភា ឬ​សមាជិក​សភា តិច​ជាង ១២០ រូប​ក្តី​។
លោក វុន បាន​បក​ស្រាយ​ថា កាល​ពី​អាណត្តិ ទី៤ មាន​ការ​ប្រជុំ​សភា​លើក​ដំបូង ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០០៨ ក្រោម​ព្រះ​រាជាធិបតី​ព្រះ​មហាក្សត្រ​ដែល​ពេល​នោះ​មាន​តែ​តំណាង​រាស្ត្រ ១១៩ រូប​ប៉ុណ្ណោះ ដោយ​មួយ​រូប​ឈឺ និង​បី​រូប​ទៀត​ពី​បក្ស​សិទ្ធិ​មនុស្ស​មិន​ចូល​ប្រជុំ «ដូច្នេះ​អ្វីៗ​ធ្វើ​ផ្អែក​តាម​ច្បាប់»។
លោក វុន គូស​បញ្ជាក់​ថា​៖ «បើ​សភា ១២០ រូប ទើប​ដំណើរ​ការ​បាន មាន​ន័យ​ថា សភា​អាណត្តិ​ទី៤ នេះ ខុស​ទាំង​អស់ ដើរ​លែង​កើត»។
ប៉ុន្តែ​លោក សុន ឆ័យ បាន​បក​ស្រាយ​ថា ទាល់​តែ​តំណាង​រាស្ត្រ​យ៉ាង​តិច ១២០ រូប​ធ្វើ​ពិធី​ស្បថ​រួច ទើប​អាច​ដំណើរការ​រដ្ឋសភា​បាន ហើយ​ថា អ្វី​ដែល​រដ្ឋសភា​អាណត្តិ​ទី៤ បាន​ធ្វើ​កន្លង​ទៅ «មាន​ការ​រំលោភ​ច្បាប់ មិន​ធ្វើ​ទៅ​តាម​ច្បាប់​ប្រើ​តែ​អំណាច» ជាដើម។ លោក ឆ័យ ចង់​ឲ្យ​សភា​អាណត្តិ​ទី៥​ធ្វើ​អ្វីៗ​ត្រូវ​តែ​គោរព​តាម​ច្បាប់។
លោក ជុន ច័ន្ទបុត្រ នាយក​រង​វិទ្យុ អាស៊ី​សេរី ដែល​ជា​អ្នក​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នេះ បាន​ព្យាយាម​បិទ​មីក្រូ​របស់​លោក ឈាង វុន ពីរ​ដង នៅ​ពេល​ដែល​លោក​កំពុង​តែ​អាន​ពី​មាត្រា​ច្បាប់ ទាក់ទង​ទៅ​នឹង​ដំណើរការ​បើក​កិច្ច​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​។ នៅ​ពេល​ដែល​លោក វុន ព្យាយាម​និយាយ​កាត់​ម្តង​ហើយ​ម្តង​ទៀត លោក ច័ន្ទបុត្រ បាន​សុំ​ឲ្យ​លោក វុន ស្តាប់​ទៅ​តាម​ការ​សម្រប​សម្រួល​របស់​លោក ដោយ​ថ្លែង​ថា៖ «ទីនេះ​មិន​មែន​ជា​រដ្ឋសភា» ដែល​តំណាង​រាស្ត្រ​មាន​សិទ្ធិ​និយាយ​បាន​តាម​ចិត្ត​នោះ​ទេ។ កិច្ច​ពិភាក្សា​នេះ​ក៏​បាន​ចាក់​ផ្សាយ​សំឡេង​ដើម​របស់​លោក​មេធាវី សុក សំអឿន ដែល​បាន​ធ្វើ​ការ​បញ្ជាក់​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ ទាក់​ទង​ទៅ​នឹង​ការ​បើក​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​ផង​ដែរ​ដែល​ផ្ទុយ​ទៅ​ នឹង​អ្វី​ដែល លោក ឈាង វុន បាន​បកស្រាយ។
កិច្ច​ពិភាក្សា នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​ព្រោង​ព្រាត​នៅ​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក កាល​ពី​ម្សិលមិញ ដោយ​មាន​ប្រិយមិត្ត​ជាច្រើន បាន​ធ្វើ​ការ​ដៀម​ដាម​ឲ្យ​លោក ឈាង វុន ថា លោក​និយាយ​មិន​ស្តាប់​អ្នក​សម្រប​សម្រួល​កម្មវិធី និង​និយាយ​ចាក​ប្រធានបទ ដោយ​ព្យាយាម​ដណ្តើម​គេ​និយាយ។
អ្នក​ប្រើ​ប្រាស់ ហ្វេសប៊ុក ម្នាក់ ឈ្មោះ ខួច បាន​សរសេរ​រិះគន់​លោក វុន ថា៖ «យើង​ពិត​ជា​អស់​សង្ឃឹម​នឹង​លោក ឈាង វុន ដោយ​សារ​តែ​លោក មាន​អាកប្បកិរិយា​ក្មេង​បំផុត​។ យើង​មិន​គួរ​គោរព​គាត់​ឡើយ»។ អ្នក​ផ្សេង​ទៀត​ប្រៀប​ប្រដូច​លោក វុន ទៅ​នឹង​អ្នក​កំប្លែង ឬ​ពូកែ​និយាយ​ជាង​អ្នក​កំប្លែង​ល្បី​ឈ្មោះ ពែកមី ដែល​អាច​ធ្វើ​ឲ្យ​គេ​ផ្ទុះ​សំណើច​បាន។ លោក បញ្ញា ពៅ សរសេរ​ថា៖«គួរ​ឲ្យ​ចង់​សើច​ណាស់​គឺ​ល្អ​ជាង ពែកមី ទៅ​ទៀត»។
ម្នាក់​ទៀត​សរសេរ​បែប​ចំអក​ថា៖ «ខ្ញុំ​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់​សិន ទើប​បើក​ស្តាប់ RFA បើ​មិន​អ៊ីចឹង​ទេ មាន​ទូរស័ព្ទ​ឯ​ណា​សង office ខ្ញុំ»។ ទំព័រ ខ្ញុំ​ស្រឡាញ់​កម្ពុជា​ក៏​បាន​ដាក់​រូប​លោក វុន និង​លោក ឆ័យ នៅ​ទន្ទឹម​គ្នា ប្រៀប​ប្រដូច​កិច្ច​ពិភាក្សា​នេះ​ជា វេទិកា «សង្គ្រាម​នយោបាយ​ក្លែម​សម្ដី» រវាង​វាគ្មិន​ទាំង​ពីរ រហូត​ដល់​ដាក់​ឲ្យ​ប្រិយមិត្ត​បញ្ចេញ​មតិ​ថា​តើ​គួរ​គាំទ្រ A ឬ B ។
ទោះ​យ៉ាង​ណា លោក ថៃ សុធា ក៏​បាន​សរសេរ​ថា៖ «គួរ​ឲ្យ​ចាប់​អារម្មណ៍។ វេទិកា​បែប​នេះ​ជា​រឿង​ល្អ!»។ មាន​អ្នក​បន្ថែម​សម្ដី​ម្នាក់​ទៀត​គឺ​កញ្ញា អ៊ុង ចន្ទសោភា ដែល​ធ្លាប់​រស់​នៅ​ប្រទេស​បារាំង​សរសេរ​ថា៖ «នេះ​ដូច​ជា Debate (ការ​ពិភាក្សា) នៅ​ស្រុក បារាំង​ដែរ ទោះ​និយាយ​កាត់​គ្នា​ខ្លះ ក៏​មិន​អី​ដែរ​ម្នាក់ៗ ហាក់​ដូច​មាន​សេរីភាព ក្នុង​ការ​និយាយ​ប្រឆាំង​គ្នា។ វា​ជា​រឿង​ល្អ ហើយ​ទុក​ឲ្យ​អ្នក​ស្តាប់​ជា​អ្នក​ថ្លឹង​ថ្លែង»។
នៅ​ក្នុង​កិច្ច​ពិភាក្សា លោក វុន បាន​ចោទ​វិទ្យុ អាស៊ី​សេរី​ថា «គ្រប់​គ្រង​លម្អៀង» គឺ​កាន់​ជើង​លោក ឆ័យ យក​មតិ​គ្នា​ច្រើន​មក​ព្រួត​វាយ​ប្រហារ​លើ​លោក​តែ​ម្នាក់​ឯង។
លោក ឈាង វុន បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា នេះ​ជា​លើក​ទី ២ របស់​លោក ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី តែ​លោក​ហាក់​អល់​អែក​ក្នុង​ការ​ឆ្លើយ​ថា តើ​ត្រូវ​ទៅ​ចូល​រួម​វេទិកា​បែប​នេះ​ម្តង​ទៀត​ឬ​យ៉ាង​ណា បើ​មាន​ការ​អញ្ជើញ? លោក​ថា៖ «វិទ្យុ​អាស៊ី​សេរី មិន​សុក្រឹត និង​មិន​យុត្តិធម៌​ឡើយ។ តាម​សុជីវធម៌ គេ​តម្រូវ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​នៅ​កណ្តាល​មិន​ត្រូវ​បក​ស្រាយ​លម្អៀង ទេ តែ​នេះ​គាត់​មាន​គ្នា​បី​នាក់ និង​បិទ​មីក្រូ​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​និយាយ​។ នោះ​មាន​ន័យ​ថា ១ ទល់ ៤ ហើយ»។
ប៉ុន្តែ​លោក ជុន ច័ន្ទបុត្រ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មុន​នឹង​ចូល​កម្មវិធី លោក​បាន​ប្រាប់​វាគ្មិន​រួច​ហើយ​ថា សូម​ឲ្យ​ស្តាប់​ទៅ​តាម​ការ​សម្រប​សម្រួល​របស់​លោក បើ​ពុំ​នោះ​ទេ លោក​នឹង​បិទ​មីក្រូ។ លោក​បាន​លើក​ឡើង​ថា៖ «ច្បាប់​ដែល​ខ្ញុំ​អាន​នៅ​ក្នុង​ការ​ពិភាក្សា គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​លោក សុន ឆ័យ បាន​លើក​ឡើង​ដែរ ដែល​ធ្វើ​ឲ្យ​លោក ឈាង វុន គិត​ថា ជា​សំឡេង​តែ​មួយ តែ​តាម​ពិត​ខ្ញុំ​ជា​អាជ្ញាកណ្តាល​ឯករាជ្យ​ទេ​»៕ By Phnom Penh Post

No comments:

Post a Comment