សៀមរាបៈ គ្រួសារសកម្មជនគណបក្សសង្រ្គោះជាតិក្នុងស្រុក
វ៉ារិនបាននិងកំពុងគេចខ្លួនពីផ្ទះមួយសប្តាហ៍មកហើយ
ព្រោះតែភ័យខ្លាចនឹងបុរសពីរនាក់ស្លៀកពាក់យោធាទៅសួររកដល់ផ្ទះ
ក្រោយពីការផ្តល់បទសម្ភាសឲ្យសារព័ត៌មានក្នុងស្រុកពីរឿងកូន
ទាហានផ្ញើលិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ឈឿម ប៊ុនឆុង សកម្មជននិងក្រុមការងារស្រុក
វ៉ារិនរបស់គណបក្សសង្រ្គោះជាតិបាន
ប្រាប់កាសែតក្នុងស្រុកពីរឿងកូនទាហានខេត្ត
ព្រះវិហារម្នាក់ទម្លាក់សំបុត្រចូលហិបឆ្នោត
ដើម្បីផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយរៀបរាប់ពីអំពើពុករលួយរបស់មេៗ នៅក្នុងជួរកងពល។
លោក ប៊ុនឆុង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា
មានបុរសម្នាក់ទូរស័ព្ទមកគាត់ប្រាប់ថា
មានជនពីរនាក់ស្លៀកខោទាហានពាក់អាវស
កាន់ទូរស័ព្ទពីរគ្រឿងបានមកសួររកគាត់កាលពីម៉ោងជាង ៥ ល្ងាចពី
ថ្ងៃអង្គារ អាទិត្យមុន។
លោក ប៊ុនឆុង បន្តថា៖ «ពួកគេបានសួររកខ្ញុំ
ថាមានលុយប៉ុន្មានបានជាដើរផ្សាយរឿងទាហានបោះឆ្នោតនិងប្រាប់រឿង
ទាហានពុករលួយ។ គេថា បើចង់បានព័ត៌មានល្អៗឲ្យទៅជួបគេនៅកងពលទៅ»។
លោកថា តាំងពីឮមកគាត់មិនហ៊ានទៅផ្ទះទេមួយសប្តាហ៍ហើយ
រីឯប្រពន្ធនិងកូនគាត់តាំងពីវិលមកពីបោះឆ្នោតនៅឯស្រុកកំណើត
នៅខេត្ត សៀមរាប ក៏មិនហ៊ាននៅផ្ទះដែរ យប់ឡើងទៅដេកផ្ទះគេ។
លោកថា ករណីគំរាមកំហែងបែបនេះ
មិនមែនជាលើកទីមួយសម្រាប់គាត់នោះទេ។
កាលពីបួនថ្ងៃមុនយុទ្ធនាការបោះឆ្នោតចាប់ផ្តើម
បងប្រុសជីដូនមួយដែលនៅគណបក្សផ្សេងបានប្រាប់ឲ្យគាត់ប្រយ័ត្ន
ខ្លួនដែរហើយតាំងពីនោះមកគ្រួសារគាត់រស់នៅក្នុងភាពភ័យខ្លាច
រហូត។ ប៉ុន្តែ ថា
លោកបានដាក់បណ្តឹងសុំអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស អាដហុក និង
លីកាដូ ក្នុងខេត្ត សៀមរាប កាលពីថ្ងៃពុធអាទិត្យមុន។
លោកស្រី ឈុយ វ៉ាន់ថា
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការសិទ្ធិមនុស្ស លីកាដូ
បានឲ្យដឹងថា លីកាដូ និងខាងអង្គការ អាដហុក
បានចុះស៊ើបអង្កេតលើករណីនោះកាលពីថ្ងៃសុក្រមុន
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីលោក ឈឿម ប៊ុនឆុង។
លោកស្រី ឈុយ វ៉ាន់ថា បាន បញ្ជាក់ថា៖«យើងបានទៅស៊ើបអង្កេតរឿងនេះ
តែគ្មានតម្រុយណាមួយដែលបញ្ជាក់ថា
ឃើញអ្នកស្លៀកខោទាហានមកកាន់ផ្ទះគាត់ទេ។
យើងក៏សុំអន្តរាគមន៍ពីប៉ុស្តិ៍នគបាលហើយដែរ»។
លោកស្រី ឈុយ វ៉ាន់ថា បន្ថែមថា លោក ឈឿម ប៊ុនឆុង
រស់នៅក្នុងផ្ទះតូចមួយទំហំប្រហែលជា ៣ ម៉ែត្រ គុណនឹង ៤ ម៉ែត្រ
ហើយប្រពន្ធគាត់និងកូនតូចៗ ក៏មិនហ៊ានដេកផ្ទះដែរពេលយប់។
លើសពីនោះពួកគេកាន់តែភ័យខ្លាចថែមទៀត
បន្ទាប់ពីបានឃើញដានជើងមនុស្សចូលក្នុងផ្ទះគាត់នៅពេលយប់។
មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងស្រុក មិនអាចទាក់ទងដើម្បីសុំបញ្ជាក់ករណីនេះបានទេ កាលពីម្សិលមិញ៕ By Phnom Penh Post
No comments:
Post a Comment