ភ្នំពេញៈ កងកម្លាំងនគរបាលនឹងត្រូវដាក់ពង្រាយជាពិសេស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅជុំវិញរាជធានី នៅថ្ងៃសុក្រ ដើម្បីរក្សាសណ្តាប់ធ្នាប់ ដោយសារមានមនុស្សប្រមាណ៤ម៉ឺននាក់នឹងទៅទទួលស្វាគមន៍ ការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួន។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក សម រង្ស៊ី បានទទួលការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលលើកទោសជាប់ពន្ធនាគាររយៈពេលជាងមួយទសវត្សរ៍ និងដែលបានត្រួសត្រាយផ្លូវឲ្យប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។ មួយថ្ងៃក្រោយមក លោកសម រង្ស៊ី បានប្រកាសតាម Facebook ថា លោកនឹងមកដល់កម្ពុជានៅថ្ងៃសុក្រ វេលាម៉ោង ៩ និង ០៥ នាទីព្រឹក តាមជើងយន្តហោះ Thai Airways។
យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា អ្នកគាំទ្រ ២ ម៉ឺន នាក់ ត្រូវបានរំពឹងថា នឹងទៅទទួលស្វាគមន៍លោក សម រង្ស៊ី នៅអាកាសយានដ្ឋាន នៅពេលលោកមកដល់ ដោយ ២ ម៉ឺននាក់ទៀត នឹងរង់ចាំជួបលោកនៅសួនសេរីភាព។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលប្រដាប់អាវុធ នឹងត្រូវដាក់ពង្រាយនៅអាកាសយានដ្ឋានដើម្បីធានាសុវត្ថិភាពរបស់ លោក សម រង្ស៊ី ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ពីតួលេខទេ។
លោកបន្ថែមថា៖ «ខ្ញុំមិនអាចនិយាយបានទេថា តើនគរបាលប៉ុន្មាននាក់នឹងនៅទីនោះ ប៉ុន្តែយើងមានចំនួនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសន្តិសុខទាំងនៅ អាកាសយានដ្ឋាន និងតាមផ្លូវដែលគាត់ធ្វើដំណើរ។ យើងមិនព្រួយបារម្ភអំពីភាពចលាចលទេ យើងអាចគ្រប់គ្រងស្ថានការណ៍បានកុំព្រួយ»។ លោក គៀត ច័ន្ទថារិទ្ធ បានបន្តថា នគរបាលប្រឆាំងកុបកម្ម នឹងមិនត្រូវដាក់ពង្រាយទេ ព្រោះនគរបាល មិនចាត់ទុកការវិលត្រឡប់របស់លោក សម រង្ស៊ី ជាការធ្វើបាតុកម្មឡើយប៉ុន្តែលោកបានព្រមានអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិកុំឲ្យបង្កបញ្ហា។
លោក យឹម សុវណ្ណ បានបន្ថែមថា គណបក្សបានរំពឹងថា អ្នកគាំទ្រនឹងនៅស្ងៀមស្ងាត់ ប៉ុន្តែបានអំពាវនាវឲ្យរដ្ឋាភិបាល«ផ្តល់ការការពារដល់អ្នករាល់ គ្នា»។
កាលពីថ្ងៃសុក្រ ស្របពេលដែលឪពុករបស់លោក ហ៊ុន សែន បានទទួលមរណភាព លោក ហ៊ុន សែន បានចុះហត្ថលេខា លើលិខិតស្នើសុំព្រះរាជទានលើកលែងទោស «ដើម្បីការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការបោះឆ្នោត ... ដែលត្រូវរៀបចំអនុលោមតាមគោលការណ៍លទិ្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលគណបក្សទាំងអស់អាចចូលរួមបាន»។
សំណើដែលនាំឲ្យមានការលើកលែងទោសនេះបានធ្វើឡើង ខណៈមានសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលបរទេស ជាពិសេសសហរដ្ឋអាមេរិកដែលចង់ឲ្យលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញមុនពេលបោះឆ្នោត។ កាលពីសប្តាហ៍មុនព្រឹទ្ធសមាជិករបស់សហរដ្ឋអាមេរិក ក្នុងសវនាការមួយបានអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិកកាត់ជំនួយដល់ រដ្ឋាភិបាលកម្ពុជា ប្រសិនបើការបោះឆ្នោតមិនសេរី និងយុតិ្តធម៌ទេនោះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយនឹងភារធារីសហរដ្ឋអាមេរិកលោក Jeff Daigle លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាល ពុំពាក់ព័ន្ធនឹងរដ្ឋាភិបាលបរទេសទេ។
លោកបានថ្លែងថា៖« ខ្ញុំបានប្រាប់ស្ថានទូតអាមេរិកថា ចំណុចទាំងអស់នេះ បញ្ជាក់ថា គណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុន សែន ដឹងច្បាស់ថា តើត្រូវដោះស្រាយបញ្ហារបស់ខ្លួនដោយរបៀបណា ថាតើត្រូវដោះស្រាយការឯកភាពជាតិដោយរបៀបណា ថាតើត្រូវធ្វើឲ្យការបោះឆ្នោតមានលក្ខណៈប្រជាធិបតេយ្យដោយរបៀបណា »។ លោកបន្ថែមថា៖ «មិនចាំបាច់មានអន្តរាគមន៍ពីក្រៅប្រទេស ឬមិនចាំបាច់មានមេរៀនពីក្រៅប្រទេសទេ។ យើងចេះធ្វើដោយខ្លួនឯង។ យើងចេះធ្វើជាម្ចាស់ខ្លួនយើង»។
លោក ណាំហុង បានឲ្យដឹងទៀតថា លោកក៏បានស្នើរដ្ឋាភិបាលអាមេរិក ត្រូវមានចក្ខុវិស័យមកលើកម្ពុជាដោយផ្អែកលើការពិតដោយមិនត្រូវ មើលកម្ពុជាតាមប្រព័ន្ធផ្សព្វផ្សាយប្រឆាំង ឬតាមរយៈគណបក្សប្រឆាំងឡើយ។
លោកស្រី Jen Psaki អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោនថា អាមេរិក «ស្វាគមន៍សេចក្តីសម្រេចរបស់លោកហ៊ុន សែន ក្នុងការទទួលយកសំណើ ឲ្យមានការលើកលែងទោសលោកសម រង្ស៊ី ដើម្បីឲ្យលោកសម រង្ស៊ី វិលត្រឡប់មកកម្ពុជា ដោយគ្មានការជាប់ឃុំឃាំង»។
លោកស្រីបានបន្តថា៖ «យើងស្នើសុំរដ្ឋាភិបាលកម្ពុជា សម្រួលធ្វើឲ្យមានសុវត្ថិភាព សម្រាប់ការវិលត្រឡប់របស់គាត់ ហើយអនុញ្ញាតឲ្យគាត់ចូលរួមក្នុងការបោះឆ្នោតដោយមានន័យ និងគ្មានការកំហិត»។ លោកស្រីបានបន្ថែមថា ខណៈដែលការវិលត្រឡប់របស់លោកសម រង្ស៊ី នឹងជាជំហានសំខាន់ឆ្ពោះទៅទិសដៅត្រឹមត្រូវ មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។
ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹង ថា៖ «ការលើកលែងទោសនេះ មិនមានន័យថា លោក សម រង្ស៊ី នឹងត្រូវបញ្ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតវិញដោយស្វ័យប្រវតិ្ត ឡើយ...ដោយសារបញ្ជីឈ្មោះអ្នកបោះឆ្នោតបានបិទរួចហើយ ហើយការចុះឈ្មោះបេក្ខជនតំណាងរាស្រ្តក៏បានបិទផងដែរ។ នេះធ្វើទៅតាមច្បាប់ដែលយើងកំពុងអនុវត្ត»។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងចាប់ផ្តើមពិភាក្សាជាមួយនឹង គ.ជ.ប បន្ទាប់ពីលោក សម រង្ស៊ីមកដល់កម្ពុជា។
លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតអាមេរិក បានបន្ទរសម្តីរបស់លោកស្រី Psaki ដោយហៅព្រះរាជទានលើកលែងទោសឲ្យលោកសម រង្ស៊ី គឺជាជំហានសំខាន់ឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍ លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា»។
យោងតាមលោក នីថា បានឲ្យដឹងថា លោក សម រង្ស៊ី នឹងត្រូវអនុញ្ញាតឲ្យចុះឈ្មោះជាអ្នកបោះឆ្នោតឡើងវិញ និងជាបេក្ខជន តែក្នុងករណីដែលច្បាប់ត្រូវបានធ្វើវិសោធនកម្មប៉ុណ្ណោះ។
ប៉ុន្តែ លោកហង្ស ពុទ្ធា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ NICFEC បានថ្លែងថា វាអាចដែលនឹងមានការពិភាក្សាលើដំណោះស្រាយនយោបាយ។ លោក ពុទ្ធា បានបន្តថា៖ «គ.ជ.ប បានលុបឈ្មោះលោក សម រង្ស៊ី នៅពេលលោកជាជនជាប់ទោស។ ដូច្នេះ ឥឡូវនេះ គាត់មិនមែនជាជនជាប់ទោសទៀតទេ គេគួរចុះឈ្មោះគាត់ឡើងវិញ»។ លោកបានឲ្យដឹងទៀតថា ជំហានចុងក្រោយនេះនឹងការពាររដ្ឋាភិបាលពីការរិះគន់បន្តទៀត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលព្រះមហាក្សត្រលើកលែងទោស លោក សម រង្ស៊ី លោក យឹម សុវណ្ណ បានថ្លែងថា គណបក្សសង្គ្រោះជាតិ បានធ្វើការដើម្បីធានាថា រយៈពេល ៩ ថ្ងៃក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលនៅសល់ ត្រូវធ្វើឲ្យមានប្រសិទ្ធភាពបំផុតនៅពេលមានវត្តមានលោក សម រង្ស៊ី។ លោកបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២០ ដល់២៦ ខែកក្កដា យើងនឹងធ្វើដំណើរទៅតាមខេត្ត ... មាន ២៤ ខេត្ត ប៉ុន្តែផ្តោតលើ១៥ ខេត្ត»។ លោកបានបន្ថែមថា គណបក្សមានបំណងផ្តោតលើរាជធានីភ្នំពេញ និងខេត្តជុំវិញព្រមទាំងខេត្តនៅភាគខាងលិច។
លោក សុវណ្ណ បានឲ្យដឹងទៀតថា គណបក្សសង្គ្រោះជាតិនឹងស្នើសុំចូលក្រាបថ្វាយបង្គំព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍ ភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ធ្វើដំណើរមកដល់កម្ពុជា។
លោក សឺន ស៊ូប៊ែរ្តិ៍ ទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ បានថ្លែងកាលពីម្សិលមិញថា លោកមិនអាចនិយាយបានទេ ថាតើ មានផែនការសម្រាប់លោក សម រង្ស៊ី ចូលថ្វាយបង្គំព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ឬយ៉ាងណា។ ប៉ុន្តែលោកថា៖ «វានឹងជាការល្អសម្រាប់ [លោក សម រង្ស៊ី] នឹងទៅថ្លែងអំណរគុណព្រះមហាក្សត្រ ចំពោះការលើកលែងទោស»។ លោក ស៊ូប៊ែរ្តិ៍ បន្តថា៖«ខ្ញុំគិតថា ប្រសិនបើគាត់ស្នើក្រាបថ្វាយបង្គំ ព្រះមហាក្សត្រនឹងព្រះរាជាអនុញ្ញាត»៕TK
រាយការណ៍បន្ថែមដោយ ABBY SEIFF
No comments:
Post a Comment