អ្នកវិភាគជាទូទៅជឿជាក់ថាគណបក្ស ប្រជាជននឹងឈ្នះឆ្នោតសម្រាប់អាណត្តិនេះទៀត ដោយទទួលបានអាសនៈច្រើនជាងគណបក្សផ្សេងៗទៀត នៅក្នុងរដ្ឋសភា។ នៅក្នុងការបោះឆ្នោត ៤ លើកកន្លងមកគឺនៅឆ្នាំ ១៩៩៣ ឆ្នាំ ១៩៩៨ ឆ្នាំ ២០០៣ និងនៅឆ្នាំ ២០០៨ គណបក្សប្រជាជនធ្លាប់បានចាញ់ឆ្នោតតែម្តងគត់ គឺនៅឆ្នាំ ១៩៩៣។ ក្រៅពីនេះសុទ្ធតែបានឈ្នះឆ្នោត ហើយភាគរយនៃសំឡេងឆ្នោតទទួលបាន មានការកើនឡើងពីអាណត្តិមួយ ទៅអាណត្តិមួយ។ តួយ៉ាងនៅឆ្នាំ ១៩៩៣ ទទួលបាន ៣៨% ស្មើនឹង ៥១ អាសនៈ នៅឆ្នាំ ១៩៩៨ ទទួលបាន ៤១,៤% ស្មើនឹង ៦៤ អាសនៈ នៅឆ្នាំ ២០០៣ ទទួលបាន ៤៧,៣% ស្មើនឹង ៧៣ អាសនៈ និងនៅឆ្នាំ ២០០៨ ទទួលបាន ៥៨,១% ស្មើនឹង ៩០ អាសនៈ។
ការកើនឡើងភាគរយ នៃសំឡេងឆ្នោត និងចំនួនអាសនៈនេះ កើតឡើងដោយសារកត្តាអំណោយផលជាច្រើន ដូចជាការបែកបាក់ផ្ទៃក្នុងនិងការធ្លាក់ចុះប្រជាប្រិយភាពរបស់ គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលជាដៃគូរបស់គណបក្សប្រជាជននៅក្នុងរាជរដ្ឋាភិបាលចម្រុះ ពីអាណត្តិមួយទៅអាណត្តិមួយ និងការបែកខ្ញែកនៃគណបក្សប្រឆាំង។
រីឯគណបក្ស សម រង្សី ដែលជាគណបក្សប្រឆាំងដំបូងគេវិញ ក៏មានការកើនឡើងភាគរយនៃសំឡេងឆ្នោតនិងចំនួនអាសនៈដែរ គឺនៅឆ្នាំ ១៩៩៨ ទទួលបាន ១៤% ស្មើនឹង ១៥ អាសនៈ នៅឆ្នាំ ២០០៣ ទទួលបាន ២១,៩% ស្មើនឹង ២៤ អាសនៈនិងឆ្នាំ ២០០៨ទទួលបាន២១,៩% ស្មើនឹង២៦ អាសនៈ។ ប៉ុន្តែការកើនឡើងភាគរយនៃសំឡេងឆ្នោតនិងចំនួនអាសនៈនេះ មិនមានចំនួនច្រើនដូចគណបក្សប្រជាជនទេ។ចំណែកគណបក្សសិទ្ធិមនុស្ស ដែលទើបចូលរួមបោះឆ្នោតនៅឆ្នាំ ២០០៨ វិញទទួលបាន ៦,៦% ស្មើនឹង ៣ អាសនៈ។
ប្រសិន បើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែលធ្លាប់គាំទ្រគណបក្សប្រឆាំងទាំង ពីរ នៅបន្តគាំទ្រគណបក្សប្រឆាំង និងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហើយគណបក្សថ្មីនេះ អាចអូសទាញយុវជនដែលទើបមានសិទ្ធិបោះឆ្នោតថ្មីពីអតីតអ្នកគាំទ្រ គណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សប្រជាជន នោះនឹងធ្វើឲ្យគណបក្សប្រឆាំងក្លាយជាគណបក្សមួយ ដែលអាចជាគូប្រជែងដ៏ស្រួចស្រាល់នឹងគណបក្សប្រជាជននៅឆ្នាំ ២០១៣ និងពេលអនាគត។ ភាគរយនៃសំឡេងឆ្នោត ៣១,៧% និងចំនួនអាសនៈចំនួន ៤៣ ដែលគណបក្ស ហ៊្វុនស៊ិនប៉ិច ធ្លាប់ទទួលបាននៅឆ្នាំ ១៩៩៨ អាចនឹងត្រូវជំនួសមកវិញដោយគណបក្សសង្គ្រោះជាតិ។
ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្សី និងគណបក្សសិទ្ធិមនុស្សអាចសម្លឹងឃើញពីលទ្ធភាពបែបនេះតាំងពីដំបូង ម៉្លេះមុនពេលដែល សម្រេចចិត្ត បង្កើតគណបក្សសង្គ្រោះជាតិ ពីព្រោះបើពិនិត្យមើលពីសំឡេងឆ្នោតដែលគណបក្សទាំងពីរនេះទទួលបាន នៅឆ្នាំ ២០០៨ គឺស្មើនឹង ២៨,៥% ស្មើនឹង ១៧១៤៥៣០ សំឡេងរួចទៅហើយ។ ដូច្នេះត្រូវការសំឡេងគាំទ្រត្រឹមតែ ៣,២% ទៀតប៉ុណ្ណោះ ពីយុវជនដែលទើបមានសិទ្ធិបោះឆ្នោតថ្មី អតីតអ្នកគាំទ្រគណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សប្រជាជន ដែលនាពេលនេះ មានសមានចិត្តចំពោះការរួបរួមនេះ និងចង់ឲ្យមានការផ្លាស់ប្តូរ។
ម្យ៉ាងទៀតប្រព័ន្ធបោះឆ្នោតសមាមាត្រដែលគិតតាមរូបមន្តមធ្យមភាគ ខ្ពស់បំផុត ក៏នឹងជួយផងដែរដល់គណបក្សប្រឆាំងថ្មីនេះដែលកន្លងទៅប្រព័ន្ធនេះ បានផ្តល់អត្ថប្រយោជន៍ស្ទើរតែទាំងស្រុងចំពោះគណបក្សប្រជាជនជា ពិសេសនៅឆ្នាំ ២០០៨ នៅពេលដែលគណបក្សនានាជាគូប្រជែងសំខាន់នឹងគណបក្សប្រជាជន បានបំបែកខ្លួនរហូតដល់ ៤ គឺមានគណបក្ស សម រង្សី គណបក្សសិទ្ធិមនុស្ស គណបក្ស នរោត្តម រណឫទិ្ធ និងគណបក្ស ហ៊្វុនស៊ិនប៉ិច។ លទ្ធផលនៃការបោះឆ្នោតបង្ហាញច្បាស់ថា គណបក្សប្រជាជនទទួលបានត្រឹមតែសំឡេងឆ្នោត ៥៨,១% នៃសំឡេងឆ្នោតសរុប ប៉ុន្តែទទួលបានអាសនៈនៅក្នុងរដ្ឋសភារហូតជាង ៧៣% នៃអាសនៈសរុប ចំនួន ១២៣ ស្មើនឹង ៩០ អាសនៈ។
ផ្ទុយទៅវិញគណបក្សទាំង ៤ រួមនឹងគណបក្សផ្សេងៗទៀតទទួលបានសំឡេងឆ្នោតដល់ ៤១,៩% នៃសំឡេងឆ្នោតសរុប ប៉ុន្តែទទួលបានអាសនៈនៅក្នុងរដ្ឋសភាត្រឹមតែប្រមាណជាង ២៦% នៃ អាសនៈសរុប ១២៣ ស្មើនឹង ៣៣ អាសនៈប៉ុណ្ណោះ។ ប្រសិនបើគណបក្សសង្គ្រោះជាតិ អាចទទួលបានត្រឹមរង្វង់ ៤៣ អាសនៈ សម្រាប់ការបោះឆ្នោតអាណត្តិនេះ នោះគណបក្សប្រជាជននៅតែរក្សាបានចំនួនអាសនៈភាគច្រើនដាច់ខាតនៅ ក្នុងរដ្ឋសភា និងអាចបង្កើតរាជរដ្ឋាភិបាលតែឯងបាន ប៉ុន្តែមិនមានអាសនៈភាគច្រើនលើសលប់ពីរភាគ បីដើម្បីធ្វើកិច្ចការមួយចំនួន ដូចជា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោតសម្រេចដកអភ័យឯកសិទ្ធិសមាជិករដ្ឋសភាទេ។
ដូច្នេះសម្រាប់គណបក្សប្រជាជន ការបោះឆ្នោតអាណត្តិនេះ បើទោះបីជាខ្លួនអាចរក្សាបានចំនួនភាគរយនៃសំឡេងឆ្នោតប្រហាក់ ប្រហែលនឹងការបោះឆ្នោតអាណត្តិមុនៗក៏ដោយ ក៏ចំនួនអាសនៈដែលខ្លួនធ្លាប់ទទួលបាននឹងមានការធ្លាក់ចុះ។ ការធ្លាក់ចុះចំនួនអាសនៈនេះ គឺបណ្តាលមកពីគណបក្សប្រជាជន មានគណបក្សប្រឆាំងមួយកាន់តែខ្លាំងជាងមុនសម្រាប់ប្រកួតប្រជែង ជាមួយខ្លួន៕
ដោយ វណ្ណ វិរ័ន្ត ភ្នំពេញ ប្រភព ពីៈ Phnom Penh Post
No comments:
Post a Comment