គណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃសៅរ៍នេះ
បានបើកសន្និសីទសារព័ត៌មានទាក់ទងនឹងដំណើរការរៀបចំការបោះឆ្នោត
ខណៈរឿងបញ្ហាទឹកថ្នាំបានក្លាយជាប្រធានបទមួយដែលនាំឲ្យមានការ
ពិភាក្សាយ៉ាងផុសផុល។
ទោះបីជាកាលពីព្រឹកមិញនេះ សម្ព័ន្ធអង្គការសង្គមស៊ីវិល
បានផ្តល់ភស្តុតាងដែលបង្ហាញថា ទឹកខ្មៅជ្រលក់ម្រាមដៃ
ដែលមន្ត្រីអង្គការខុមហ្វ្រែលពីររូបបានជ្រលក់សាកល្បងនៅ គ.ជ.ប
កាលពីល្ងាចថ្ងៃសុក្រនោះ អាចលុបចេញបានទាំងស្រុងក៏ដោយ ក៏លោក អ៊ឹម
សួស្តី ប្រធាន គ.ជ.ប នៅតែអះអាងពីគុណភាពរបស់ទឹកថ្នាំនេះ។
លោក អ៊ឹម សួស្តី បានបញ្ជាក់ថា ទឹកខ្មៅដែលមានពីប្រទេសឥណ្ឌានេះ
ត្រូវបាន គ.ជ.ប ប្រើប្រាស់តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ
ពោលគឺបានបម្រើឲ្យការបោះឆ្នោតគ្រប់ជាន់ថ្នាក់ចំនួន១០ដងមកហើយ។
លោកបានអះអាងថា ទឹកខ្មៅនេះមានគុណភាពច្បាស់លាស់
និងល្អជាងទឹកខ្មៅមកពីអង់គ្លេស និងកាណាដា។
ប្រធាន គ.ជ.ប បានកត់សម្គាល់ថា៖ «ខុមហ្វ្រែល គេខិតខំជ្រលក់កែវ ពីរ
បីលើក ប៉ុន្តែវាមិនស្អាតទាំងស្រុងទេ ដោយនៅជាប់ចុងក្រចក»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានចាត់ទុកថា
ការលាងជម្រះរបស់ខុមហ្វ្រែល គឺប្រើប្រាស់របាយគីមី
ដែលបញ្ហានេះមិនពិបាកនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ
សម្ព័ន្ធអង្គការសង្គមស៊ីវិល បានបដិសេធថា ការជ្រលក់នេះ
គឺមិនបានឆ្លងកាត់ឡាបូ ឬប្រើជាតិគីមីអ្វីឡើយ
ដោយគ្រាន់តែប្រើថ្នាំធម្មតាប៉ុណ្ណោះ
ប៉ុន្តែតំណាងសង្គមស៊ីវិលបានបដិសេធមិនផ្តល់ប្រភព។
សម្រាប់លោក ទេព នីថា បញ្ហាទឹកខ្មៅគ្រាន់តែជាចំណែកមួយប៉ុណ្ណោះ ព្រោះ
គ.ជ.ប និងភាគីពាក់ព័ន្ធ នៅមានវិធីការពារផ្សេងទៀត
ជាពិសេសការសហការជាមួយភ្នាក់ងារគណបក្សនយោបាយ
និងអ្នកអង្កេតការណ៍នានា។
លោកបានអះអាងថា តាំងពីឆ្នាំ១៩៩៨ មក
មិនដែលមានករណីអ្នកមានឈ្មោះស្ទួននោះឡើយ ប៉ុន្តែនាពេលបោះឆ្នោតខាងមុខ
ប្រសិនបើរកឃើញអ្នកមានឈ្មោះស្ទួនបោះឆ្នោតលើសពីម្តងនោះ គ.ជ.ប
ស្នើឲ្យមានកិច្ចសហការដើម្បីចាប់។ ប្រភពពីៈ Thmey Thmey
No comments:
Post a Comment