បន្ទាប់ពីបានបើកធ្វើយុទ្ធនាការឃោសនា រយៈពេលមួយខែ ថ្ងៃនេះគណបក្សនីមួយៗបានត្រៀមខ្លួន ធ្វើការហែរក្បួនធំ ជាពិសេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេមើលឃើញថា បានក្លាយទៅជាគូប្រកួតប្រជែងខ្លាំងក្លា ក្នុងការបោះឆ្នោតលើកនេះ នឹងឈានដល់កម្រិតកំពូលក្នុងការឃោសនារកសម្លេងឆ្នោតថ្ងៃចុងក្រោយ។
អ្នកគាំទ្រគណបក្សទាំងពីរ ក្នុងចំនួនរាប់សែននាក់ បានចេញមកបង្ហាញខ្លួនតាមដងផ្លូវនានាដើម្បីធ្វើការឃោសនា។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចយូរឆ្នាំមកហើយនោះ និងមានបុរសជើងខ្លាំងគឺ លោក ហ៊ុន សែន ឈរឈ្មោះជានាយករដ្ឋមន្ត្រីកម្ពុជាយូរជាងគេនៅតំបន់អាស៊ី បានបង្ហាញកម្លាំងរាប់ម៉ឺននាក់ តាំងពីព្រឹកព្រលឹម ដើម្បីធ្វើការឃោសនានៅថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ។ ក្បួនឃោសនាថ្ងៃនេះ ក៏ឃើញមានវត្តមានលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
ដោយឡែកគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការរួបរួមពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សក៏បានបង្ហាញកម្លាំងជាលក្ខណៈទ្រង់ទា្រយធំ ដែលមានលោក សម រង្ស៊ី និងកឹម សុខា ដែលជាបេក្ខជនសំខាន់ក្នុងការប្រកួតប្រជែងនេះ។
លោក សម រង្ស៊ី ដែលបានរស់នៅនិរទេសជាង ៤ ឆ្នាំ ដើម្បីគេចពីការផ្តន្ទាទោស ១១ ឆ្នាំ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមដ៏ចម្រូងចម្រាស ត្រូវបានប្រទានការលើកលែងទោសដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីត្រួសត្រាយផ្លូវឲ្យលោក អាចចូលរួមការបោះឆ្នោតដើម្បីប្រកួតប្រជែងជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេស ២៨ ឆ្នាំមកហើយ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី មិនទាន់ស្ថិតនៅក្នុងបេក្ខជនផ្លូវច្បាប់ដើម្បីឈរឈ្មោះជាតំណាង រាស្រ្តនៅឡើយទេ បន្ទាប់ពី ស្ថាប័នធំៗដូចជា គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រដ្ឋសភាជាតិ និងក្រុមប្រឹក្សាធម្មនុញ្ញ បានច្រានចោលបន្តបន្ទាប់គ្នា លើសំណើររបស់លោកក្នុងការស្នើសុំចុះបញ្ជីបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ី កំពុងធ្វើការឃោសនាបោះឆ្នោតនៅខេត្តកំពង់ចាម ដែល ជាផ្នែកមួយនៃដំណើរទៅខេត្តចំនួន ១៥ ក្រោយពីការវិលត្រលប់របស់លោក ជាមួយនឹងអ្នកគាំាទ្រជាច្រើនម៉ឺននាក់ ហើយលោក សម រង្ស៊ី នឹងវិលត្រលប់មកភ្នំពេញវិញនៅថ្ងៃរសៀលនេះ ដើម្បីហែរក្បួនធំ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅល្ងាចនៅថ្ងៃសុក្រនេះ ស្តីពីការស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោតកន្លងមក និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត។ By Phnom Penh Post
No comments:
Post a Comment