ភ្នំពេញៈ
ស្ថាប័នស្រាវជ្រាវអាមេរិកលំដាប់ថ្នាក់កំពូលមួយបានព្រមានថា
កម្ពុជានឹងកាន់តែអស្ថិរភាពនាប៉ុន្មានឆ្នាំខាងមុខនេះ
ប្រសិនបើកម្ពុជាខកខានមិនបានកែតម្រូវស្ថាប័នប្រជាធិបតេយ្យរបស់
ខ្លួនទេនោះ។
ដោយចង្អុលបង្ហាញអំពីនិន្នាការនៃ«អំពើហិង្សាទាក់ទងនឹងនយោបាយ
អំពើពុករលួយ និងបក្ខពួកនិយម»
ក្នុងរយៈពេលរហូតដល់ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលដើម្បីការសិក្សាអន្តរជាតិ
និងយុទ្ធសាស្រ្ត បានសន្និដ្ឋានថា៖
«កម្ពុជាមិនកំពុងដើរទៅមុខជាមួយនឹងដៃគូក្នុងអាស៊ានទេ
ហើយផ្ទុយទៅវិញ កម្ពុជាគឺជាកន្លែងដែលមានអស្ថិរភាពនយោបាយ
ដែលគួរធ្វើឲ្យប្រទេសជិតខាង និងប្រទេសដទៃទៀតក្នុងអាស៊ាន
រាប់ទាំងសហរដ្ឋអាមេរិកមានការព្រួយបារម្ភ»។
វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈនេះត្រូវបានចាត់ទុកជា
ទូទៅថា ជាវិទ្យាស្ថានជំនាញបំផុតដែលផ្តោតលើអាស៊ីអាគ្នេយ៍។
ក្នុងខែមិថុនា ឆ្នាំមុន លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស
គឺជាវាគ្មិនសំខាន់នៅក្រុមពិភាក្សាដែលរៀបចំឡើងដោយវិទ្យាស្ថាននេះ
ដែលមានការចូលរួមពីលោក អ៊ុច បូររិទិ្ធ និងលោក កៅ
គឹមហួនរដ្ឋលេខាធិការនៃក្រសួងការបរទេសផងដែរ។
នៅក្នុងឯកសារសង្ខេបគោលនយោបាយ ដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍
សប្តាហ៍មុនអ្នកស្រាវជ្រាវបានកោតសរសើរកំណើនសេដ្ឋកិច្ចដ៏រឹងមាំ
របស់កម្ពុជា និងកំណើនការវិនិយោគបរទេស ប៉ុន្តែបានកត់សម្គាល់ថា
ការបែងចែកទ្រព្យមិនល្អបានបណ្តាលឲ្យមានចលាចលកាន់តែខ្លាំងឡើង។
អ្នកស្រាវជ្រាវបានសរសេរថា៖ «ការចាប់យកដីធ្លីដោយហិង្សា
ការសម្លាប់នៅក្រៅប្រព័ន្ធតុលាការ ការបង្ក្រាបលើសកម្មជន
និងអំពើពុករលួយបានបន្តស្របនឹងលទ្ធផលសេដ្ឋកិច្ចល្អប្រសើររបស់
កម្ពុជា។ ប្រវត្តិសាស្រ្តនៅតំបន់ បានបង្ហាញថា
នេះជាមូលហេតុនៃអស្ថិរភាពនយោបាយ»។
ឯកសារបានព្រមានថា៖«លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
មានស្ថិរភាពពេលនេះ
ប៉ុន្តែកូនប្រុសលោកគួរតែយកចិត្តទុកដាក់ខ្លាំងលើដំណើរនយោបាយនៅ
អាស៊ីអាគេ្នយ៍។ ការប្រើកម្លាំង អំពើពុករលួយការបំភិតបំភ័យ
និងការបដិសេធមិនប្រកួតប្រជែងតាមវិធាននឹងមិនទទួលបានសំឡេងឆ្នោត
ជារៀងរហូតទេ សូម្បីតែរយៈពេលវែងក៏មិនអាចកើតឡើងដែរ»។
លោក ផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានច្រានចោលការសន្និដ្ឋាន
ក្នុងរបាយការណ៍នេះ ដោយហៅការសន្និដ្ឋាននេះថា
«មានភាពលម្អៀងយ៉ាងពិតប្រាកដ»។ លោកបានបន្ថែមថា៖
«វាជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងគណបក្សកាន់អំណាចព្រមទាំង
ប្រឆាំងនឹងសមិទ្ធផលរបស់រដ្ឋាភិបាល។
ប្រសិនបើអ្នកប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់
កម្ពុជាគឺមានស្ថិរភាពបំផុត»។
លោកបានបន្តថា៖
«ខ្ញុំកោតសរសើរនូវអ្វីដែលពួកគេបានលើកឡើង។ប៉ុន្តែរដ្ឋាភិបាល
កម្ពុជា ធ្វើបានកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ»។
លោកផៃ ស៊ីផាន ក៏បានកត់សម្គាល់ផងដែរថា
បើគិតពីប្រវតិ្តបង្ហូរឈាមរបស់ប្រទេស
មានមនុស្សតិចតួចណាស់ដែលផ្តល់តម្លៃដល់ចលាចលជាជាងស្ថិរភាព នោះ។
លោកបានគូសបញ្ជាក់ទៀតថា៖«ទោះបីជាការបោះឆ្នោតមានលទ្ធផលអ្វី
ក៏ដោយ ក៏យើងនឹងនៅតែរក្សាសន្តិភាព និងស្ថិរភាព។
យើងបានរៀនសូត្រច្រើនពីសង្គ្រាមស៊ីវិលពីវាលពិឃាត»៕ TK By Phnom Penh Post
No comments:
Post a Comment