Monday, June 3, 2013

ទំហំ និង​តម្រូវការ​ផ្សារ​ទំនើប​បន្ត​កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ



130530_04
ផ្សារទំនើប​បាន​ក្លាយ​ជាកន្លែង​ពេញ​និយម​សម្រាប់​យុវវ័យ និង​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ មុខ​មាត់​រាជធានី​ភ្នំពេញ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ដែល​ធ្វើ​ឲ្យ​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​លក់​ទំនិញ​លំដាប់​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់​ស្រប​ពេល​ការ​ផ្គត់​ផ្គង់​និង​ទំហំ​នៃ​តម្រូវការ​ផ្សារ​ទំនើប​កំពុង​កើន​ឡើង​ជា​លំដាប់។
លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន អេស៊ា រៀល​អេស្ទេត ដែល​ទើប​បាន​បញ្ចប់​ការ​ស្រាវជ្រាវ​អំពី​ស្ថានភាព​ផ្សារ​ទំនើប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មេសា កន្លង​មក បាន​ប្រាប់​ថា ការ​ផ្គត់​ផ្គង់​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំណែក​តម្លៃ​ក៏​បាន​ប្រែ​ប្រួល​ដែរ​។ បច្ចុប្បន្ន​ផ្សារ​ទំនើប​ដែល​កំពុង​ដំណើរ​ការ​មាន​ក្រឡា​ផ្ទៃ​សរុប​ចំនួន ១៩៥ ៨០៦​ម៉ែត្រ​ការ៉េ។
លោក អ៊ាវគង់ បាន​ថ្លែង​ថា៖​«​ថ្មីៗ​នេះ​តម្រូវ​ការ​ជួល​ផ្សារ​ទំនើប​កំពុង​កើន​ឡើង ដោយ​អ្នក​ជួល​ភាគ​ច្រើន​បាន​ជ្រើស​រើស​ទីតាំង​សម្រាប់​ការ​លក់​រាយ​»​។ លោក​បាន​បន្ត​ទៀត​ថា​៖​«​ឧស្សាហកម្ម​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​កំពុង​ឈាន​ទៅ​កាន់​តែ​កៀក​នឹង​ស្តង់ដារ​ក្នុង​តំបន់​ដូចជា ទីក្រុង​បាងកក និង​គូឡាឡាំពួ ហើយ ប៉ុន្តែ​ទំហំ​អគារ​នៅ​កម្ពុជា​មិន​ធំ​ដូច​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​ទេ ពីព្រោះ​អ្នក​វិនិយោគ​ធ្វើ​ឡើង​ឲ្យ​សមស្រប​នឹង​បរិបទ​សេដ្ឋកិច្ច និង​ចំនួន​ប្រជាជន​នៅ​កម្ពុជា»។
បច្ចុប្បន្ន​ការ​ជួល​ផ្សារ​ទំនើប​នៅ រាជធានី​ភ្នំពេញ​មាន​តម្លៃ​ចន្លោះ​ពី​២០-៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ តែ​បើ​គិត​ជា​មធ្យម​ភាគ​មាន​តម្លៃ​ប្រមាណ​៣៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ លោក​បាន​ប្រាប់​ទៀត​ថា ទីផ្សារ​លក់​រាយ​ពិត​ជា​មាន​សក្តានុពល​ហើយ​ការ​ផ្គង់​ផ្គង់​នឹង​កើន​ឡើង​ដល់​ទំហំ​១៦៥ ៨៧៣​ម៉ែត្រ​ការ៉េ​បន្ថែម​ទៀត​នៅ​៥​ឆ្នាំ​ខាង​មុខ​នេះ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​លក់​រាយ​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​ផ្លាស់​ប្តូរ​មុខ​មាត់ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​លោក ប៉ូ អ៊ាវគង់។
ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក ចំនួន​ស្តង់​ក្នុង​ផ្សារ​ទំនើបៗ​ទាំង​នោះ​មិន​បាន​ប្រើ​ប្រាស់​អស់​នោះ​ទេ​គឺ​នៅ​សល់​កន្លែង​ទំនេរ​ប្រមាណ​២៧​ភាគរយ​។ ការ​ផ្គង់​ផ្គង់​ផ្សារ​ទំនើប​ភាគ​ច្រើន​មាន​នៅ​ក្នុង​ខណ្ឌ​ចំការមន ខណ្ឌ​ដូនពេញ និង​ខណ្ឌ​៧​មករា។
កញ្ញា ហាំង សុពិសី អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា បាន​និយាយ​ថា ចំនួន​អតិថិជន​មក​ជួល​តូប​ក្នុង​ផ្សារ​រតនា​ផ្លាហ្សា បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដោយ​រហូត​មក​ដល់​ពេល​នេះ​ទំហំ​ផ្សារ​ជាង​៨០​ភាគរយ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អាជីវករ​នានា។
កញ្ញា​បាន​អះ​អាង​ថា​៖​«​យើង​បាន​និង​កំពុង​ព្យាយាម​រក្សា​អតិថិជន​ចាស់​និង​ទាក់​ទាញ​អតិថិជន​ថ្មីៗ ខណៈ​ពេល​នេះ​ចំនួន​ប្រជា​ពលរដ្ឋ​មក​ផ្សារ​ទំនើប​កំពុង​មាន​ការ​កើន​ឡើង។ ឥរិយាបថ​របស់​ពួក​គាត់​នៅ​ពេល​នេះ​មាន​ការ​ផ្លាស់​ប្តូរ​ខុស​ពី​មុន​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់ និង​ការ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​»។ កញ្ញា​បាន​បន្ត​ថា​៖«ផ្សារ​ទំនើប​ជា​កន្លែង​មាន​ផាសុកភាព ហេតុ​នេះ​បើ​យើង​ផ្តល់​សេវាកម្ម និង​តម្លៃ​សមរម្យ​ជូន​ដល់​អតិថិជន​គាត់​នឹង​គាំទ្រ​ចំពោះ​ការ​មក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​កាន់​តែ​ច្រើន»។
នៅ​កម្ពុជា​មាន​បើក​ផ្សារ​ទំនើប និង​ផ្សារ​ធម្មតា​ជា​ច្រើន ដែល​ការ​អភិវឌ្ឍ​បែប​នេះ​មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ ចំណុច​វិជ្ជមាន​ត្រង់​ថា ផ្តល់​ឲ្យ​អតិថិជន​នូវ​ជម្រើស​ច្រើន ហើយ​ពួក​គាត់​អាច​ជ្រើស​រើស​មុខ​ទំនិញ​ដែល​គាត់​ចង់​បាន​។ រីឯ​ចំណុច​អវិជ្ជមាន​នៅ​ត្រង់ ការ​បង្កើត​ទីផ្សារ​ច្រើន​វា​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​មាន​ភាព​ចង្អៀត ព្រោះ​ប្រាក់​ចំណូល​របស់​ប្រជាជន​នៅ​មាន​កម្រិត។
លោក ប៊ុត ទីណែត ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ផ្សារ​បឹង​ត្របែក​ផ្លាហ្សា បាន​ប្រាប់​ថា បើ​ទោះ​បី​ជា​ផ្សារ​ទំនើប​កើត​មាន​ច្រើន​តែ​លោក​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​ភាគ​ច្រើន​នៅ​តែ​ចូល​ចិត្ត​ជ្រើស​រើស​ផ្សារ​សេដ្ឋកិច្ច (ផ្សារ​ធម្មតា)​ដដែល​ដោយ​សារ​ការ​ជួល​តូប​នៅ​ផ្សារ​ទំនើប​មាន​តម្លៃ​ថ្លៃ​ជាង​ផ្សារ​ធម្មតា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​លក់​ក្នុង​ផ្សារ​ទំនើប​ថ្លៃ​ជាង​ផ្សារ​សេដ្ឋកិច្ច ខណៈ​គុណភាព​ទំនិញ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។
លោក​បាន​ថ្លែង​ថា៖​«​បើ​យើង​មើល​មួយ​ភ្លែត​ទីផ្សារ​ទំនើប​នៅ​កម្ពុជា​មាន​ភាព​តូច​ចង្អៀត ពីព្រោះ​ប្រជាជន​ដែល​និយម​ចូល​ចិត្ត​ទៅ​ផ្សារ​ទំនើប​ទិញ​ទំនិញ​នៅ​រាជធានី ភ្នំពេញ​មាន​កម្រិត​នៅ​ឡើយ​បើ​ទោះ​បី​ជា​យើង​សង្កេត​ឃើញ​ថា និន្នាការ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​នៅ​កម្ពុជា​នៅ​ពេល​នេះ​កើន​ឡើង​ក៏​ដោយ »។ លោក​បាន​បន្ត​ថា​៖​«​នៅ​ពេល​អនាគត ទីផ្សារ​ទំនើប​នឹង​មាន​ភាព​ល្អ​ប្រសើរ ពី​ព្រោះ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​និង​លំហូរ​ទុន​វិនិយោគ»។
អតិថិជន​ម្នាក់​ដែល​កំពុង​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ស៊ីធីម៉ល បាន​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា កញ្ញា​ចូល​ចិត្ត​មក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ជា​ជាង​ផ្សារ​លក់​ដូរ​ទូទៅ ពី​ព្រោះ​មិន​ពិបាក​ដើរ​ប្រជ្រៀត​គ្នា​ដែល​អាច​ត្រូវ​ចោរ​លួច​យក​វត្តុ​មាន​តម្លៃ​ម៉្យាង​ទៀត​កញ្ញា​ក៏​មិន​ចូល​ចិត្ត​ការ​តថ្លៃ​ផង​ដែរ​។ អតិថិជន​ផ្សារ​ទំនើប​ខាង​លើ​បាន​ថ្លែង​ថា៖​«ខ្ញុំ​មិន​ចូល​ចិត្ត​ទិញ​ទំនិញ​នៅ​ផ្សារ​ទូទៅ​ទេ ពី​ព្រោះ​អ្នក​លក់​តែង​កាត់​ថ្លៃ​ខ្ពស់​ពេក ម៉្យាង​ទៀត​ពេល​ខ្លះ​នៅ​ពេល​តថ្លៃ​ពេក​ធ្វើ​ឲ្យ​អ្នក​លក់​ខឹង​ខ្ញុំ​ទៀត​ផង »។ កញ្ញា​បាន​បន្ត​ថា​៖​«ខ្ញុំ​ក៏​ចូល​ចិត្ត​មក​លេង​កម្សាន្ត​នៅ​ទី​នេះ​ដែរ ព្រោះ​មាន​អាកាសធាតុ​ត្រជាក់ និង​ទូលាយ​»៕

No comments:

Post a Comment