
ភ្ញៀវទេសចរក្នុងស្រុកនាំគ្នាទស្សនា
និងងូតទឹកលេងនៅរមណីយដ្ឋានទឹកជ្រោះធម្មជាតិ
ច្រកល្អៀងនៅថ្ងៃសម្រាក។ រូបថត សហការី
ខេត្តពោធិ៍សាត់មានតំបន់កម្សាន្តបែបប្រវត្តិសាស្រ្តនិងបែប ធម្មជាតិជាច្រើនក្នុងនោះមានដូចជាបូជនីយដ្ឋានប្រវត្តិសាស្រ្តមេទ័ព ឃ្លាំងមឿង តំបន់បាក់ត្រា កំពង់ហ្លួង កំពែង ភ្នំដាក់ព្រះ ព្រះធាតុ និងតំបន់ទឹកជ្រោះធម្មជាតិច្រកល្អៀង។ ប៉ុន្តែយ៉ាងណា តំបន់ដែលភ្ញៀវនិយមទស្សនាទាំងនោះ ត្រូវបានគេមើលឃើញមានលក្ខណៈទាក់ទាញផ្សេងៗគ្នា។
លោក ញ៉ូ សុងប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅខេត្តពោធិ៍សាត់មានតំបន់ដែលភ្ញៀវនិយមទៅទស្សនាកម្សាន្តលម្ហែកាយ នោះ មិនក្រោមដប់កន្លែងទេដែលតំបន់ទាំងនោះមានទាំងតំបន់កម្សាន្តបែប ប្រវត្តិសាស្រ្តនិងតំបន់កម្សាន្តបែបធម្មជាតិ។ លោកក៏បានលើកឡើងថា៖«កន្លែងកម្សាន្តទាំងនោះមានតាមរដូវកាលដែរ។ ប៉ុន្តែមានតំបន់កម្សាន្តបីដែលពេញនិយមជាងគេក្នុងនោះមានកោះ សំពៅមាសបូជនីយដ្ឋានប្រវត្តិសាស្រ្តអ្នកតាឃ្លាំងមឿង និងរមណីយដ្ឋានទឹកជ្រោះច្រកល្អៀង»។
បន្ថែមលើការបញ្ជាក់នោះ លោកប្រធានមន្ទីរក៏បានពន្យល់ឲ្យដឹងផងដែរថា៖«នៅកោះសំពៅមាស មិនថាថ្ងៃសៅរ៍អាទិត្យឬចន្ទទេ ថ្ងៃណាក៏មានភ្ញៀវចេញចូលទស្សនាច្រើនកុះករដែរ ព្រោះនៅក្នុងក្រុង។ ចំណែកឯបូជនីយដ្ឋានប្រវត្តិសាស្រ្តលោកតាឃ្លាំងមឿង ក៏ដូចគ្នាដែរ ស្ទើរពេញមួយសប្តាហ៍មិនដាច់ភ្ញៀវឡើយ ពិសេសនៅថ្ងៃសីលដោយពួកគាត់ភាគច្រើនជាអ្នកទៅបែរបន់សុំសេចក្តី សុខសប្បាយពីបារមីអ្នកតា មេទ័ព។ ប៉ុន្តែដោយឡែករមណីយដ្ឋានដែលបង្កប់ខ្លួននៅកណ្តាលព្រៃដែលមាន ចម្ងាយពីទីរួមខេត្តនេះដល់ទៅជិត១០០គីឡូម៉ែត្រ ទឹកជ្រោះធម្មជាតិច្រកល្អៀង ក៏មានភ្ញៀវជាតិនិងអន្តរជាតិនិយមទៅទីនោះមិនចាញ់តំបន់ទាំងនេះ ដែរគឺពួកគេក្រៅពីបានគយគន់សម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ត្រកាល ហើយ ពួកគេក៏បានងូតទឹកជ្រោះដ៏ត្រជាក់ដូចទឹកអម្រឹតទៀតផង»។
ទឹកជ្រោះធម្មជាតិ ច្រកល្អៀងមានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រភាគអាគ្នេឃ៍ក្រុងពោធិ៍សាត់ និងមានចម្ងាយ៤៣គីឡូម៉ែត្រពីផ្សារក្រគរស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ។ បើភ្ញៀវទៅពីខាងភ្នំពេញឬពីខេត្តកំពង់ឆ្នាំងចង់ទៅទស្សនាតំបន់ ធម្មជាតិដ៏ប្រណីតមួយនេះ គេមិនបាច់ទៅដល់ទីរួមខេត្តពោធិ៍សាត់ទេ ទៅដល់ផ្សារក្រគរនោះនឹងមានផ្លូវមួយបត់ឆ្វេងទៅដោយធ្វើដំណើរតាម ផ្លូវក្រួសក្រហមបានរយៈចម្ងាយ៣៨គីឡូម៉ែត្រ និង៤គីឡូម៉ែត្រទៀតជាផ្លូវលំធម្មតា។
លោកប្រធានមន្ទីរទេសចរណ៍ឲ្យដឹងថា៖«ដំណើរទៅទស្សនាកម្សាន្តនៅ ទឹកជ្រោះធម្មជាតិច្រកល្អៀងនោះបងប្អូនក៏ចំណេញដែរ មិនត្រឹមតែបានទស្សនាទឹកជ្រោះធម្មជាតិគ្មានពីរនៅខេត្តពោធិ៍សាត់ នោះទេ តែមុនចូលដល់គេក៏អាចឡើងលេងភ្នំឡាងត្រាចដែលជាភ្នំមានធម្មជាតិ ត្រជាក់ត្រឈឹងត្រឈៃ និងជាតំបន់ធម្មជាតិដ៏ទាក់ទាញមួយដែរកាលពីមុន»។ ជាមួយនឹងការបង្ហាញនេះ លោក ញ៉ូ សុង ក៏បានរៀបរាប់ពីភាពទាក់ទាញរបស់រមណីយដ្ឋានទឹកជ្រោះធម្មជាតិ ច្រកល្អៀងនេះថា ទឹកជ្រោះច្រកល្អៀងជាតំបន់ទេសចរណ៍មួយដែលសម្បូរដោយទេសភាពធម្មជាតិ មានទឹកជ្រោះនិងព្រៃឈើពណ៌ខៀវស្រងាត់។
ដោយមើលឃើញពីភាពទាក់ទាញនិងមានភ្ញៀវចូលទស្សនាពីមួយសប្តាហ៍ទៅ មួយសប្តាហ៍កាន់តែច្រើនទៅៗនោះ លោកប្រធានមន្ទីររូបនេះក៏បានប្រៀបប្រដូចទឹកជ្រោះធ្លាក់ធម្មជាតិមួយ នេះ ទៅនឹងទឹកជ្រោះប៊ូស្រានៅឯខេត្តមណ្ឌលគិរី ដោយអះអាងថា៖«នៅស្រុកខ្មែរក្រៅពីទឹកជ្រោះប៊ូស្រាមក មានតែទឹកជ្រោះធម្មជាតិច្រកល្អៀងនេះទេ ដែលមានសណ្ឋានជាទឹកជ្រោះចេញពីប្រភពក្រោមភ្នំដូចគ្នានិងមាន សម្រស់ទឹកហូរប្រហាក់ប្រហែលគ្នា»។
លោកបន្តថា៖«ពិតណាស់ទឹកជ្រោះប៊ូស្រា គេមានឈ្មោះល្បីនិងមានគេស្គាល់តាំងពីសម័យបុរាណហើយឈ្មោះវាក៏ មាននៅក្នុងបទចម្រៀងដែរ។ តែដោយឡែកទឹកជ្រោះធម្មជាតិច្រកល្អៀងទើបតែមានឈ្មោះក្នុងបញ្ជី ទេសចរណ៍ខេត្តនៅឆ្នាំ២០០៣ប៉ុណ្ណោះ»។
ប៉ុន្តែលោកក៏អះអាងថា កាលពីពីរបីឆ្នាំមុនទឹកជ្រោះធម្មជាតិច្រកល្អៀងមានភ្ញៀវចូលទៅ ទស្សនា តែថ្ងៃបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យភ្ជុំប៉ុណ្ណោះ តែបច្ចុប្បន្ននេះស្ទើរតែពេញមួយសប្តាហ៍គឺមានភ្ញៀវចូលទៅទស្សនា និងងូតទឹកកម្សាន្តមិនដាច់ដូចតែទឹកជ្រោះប៊ូស្រាដែរ»៕
No comments:
Post a Comment