
ប្រធានប្រតិបត្តិក្រុមហ៊ុន First Group (Holdings) លោក ហួន ហេងឥរិយា បានលើកឡើងថា ក្រុមហ៊ុន ហ្វឺសខេមបូឌា (First Cambodia) បានចាប់ផ្តើមវិនិយោគដោយដើមទុនចំនួន ៥.០០០ដុល្លារអាមេរិកក្នុងឆ្នាំ២០០២ ។ ក្រុមហ៊ុន ហ្វឺសខេមបូឌា ជាក្រុមហ៊ុនដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជាផ្នែកបច្ចេកវិទ្យា ព័ត៌មានធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺចង់ក្លាយជាក្រុមហ៊ុននាំមុខគេនៅអាស៊ានលើផ្នែកព័ត៌មានវិទ្យានេះ ។
លោក ហួន ហេងឥរិយា បានបន្តថា អ្វីដែលក្រុមហ៊ុនមានការរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុនបានទទួលនូវការគាំទ្រជាច្រើនពីអតិថិជន ដែលទទួលបានសេវាកម្មដ៏ល្អពី First Cambodia ។
សំរាប់ឆ្នាំ២០១៣នេះ ក្រុមហ៊ុន ហ្វឺសខេមបូឌា បានរឹតចំណងសហប្រតិបត្តិការកាន់តែខ្លាំងជាមួយដៃគូពាណិជ្ជកម្មធំៗជា ច្រើន ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវបច្ចេកវិទ្យាចុងក្រោយថ្មីៗ បំផុតមកកាន់ទីផ្សារកម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការនៃការ ប្រើប្រាស់បច្ចេកវិទ្យាដ៏ទាន់ សម័យ និងទំនើបរបស់ប្រជាជនកម្ពុជា ។

ជាមួយគ្នានោះដែរ លោកស្រី ហូរ សុខគុណ ដែលជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន First Group (Holdings) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងធំរបស់ខ្ញុំតាំងពីដំបូងមកដែលបើកក្រុមហ៊ុន ហ្វឺសខេមបូឌា នេះឡើង គឺដើម្បីផ្តល់ឱកាសការងារដល់និស្សិតកម្ពុជាដែលបានរៀនចប់ផ្នែក ព័ត៌មានវិទ្យាពីសាកលវិទ្យាល័យឲ្យមានការងារធ្វើល្អប្រសើរ ក្រោយពីពួកគេបានបញ្ចប់ការសិក្សារបស់ខ្លួន។
លោកស្រីបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន First Cambodia នឹងមានការរីកចំរើនជឿនលឿនទៅមុខ លើផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសនេះ ក៏ដូចជានៅក្នុងតំបន់ ដោយសារមានការជឿជាក់លើសមត្ថភាពរបស់មនុស្សជំនាន់ក្រោយ(កូនខ្មែរ) របស់យើងដែលពោរពេញទៅដោយសមត្ថភាពបរិបូរណ៍ ខ្លាំងណាស់ទាក់ទងនូវវិស័យព័ត៌មានវិទ្យានេះ ទើបក្រុមហ៊ុនលោកស្រីពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែគ្របដណ្តប់ នៅកម្ពុជា និងក្នុងតំបន់បន្ថែមទៀត។
ក្រុមហ៊ុន ហ្វឺសខេមបូឌា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ គ្រាន់តែរយៈពេល៦ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះ បានក្លាយទៅជាអ្នកផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មានធំជាងគេ លំដាប់ពិភពលោកនៅកម្ពុជា ហើយទទួលបានISO9001:2008 មិនតែប៉ុណ្ណោះមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកចំនួន៣០ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួននាពេល បច្ចុប្បន្ន។ អ្វីដែលជាគោលដៅសំខាន់របស់ក្រុមហ៊ុន គឺផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មានដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងតំបន់អាស៊ាន លើវិស័យសេវាកម្មសាធារណៈរបស់រដ្ឋាភិបាល វិស័យហិរញ្ញវត្ថុនិងធនាគារ និងផ្តល់នូវដំណោះស្រាយឈានមុខគេផ្នែកបច្ចេកវិទ្យាព័ត៌មាននៅអាស៊ាន ។
ជាទូទៅក្រុមហ៊ុនបានផ្តោតទៅលើដំណោះស្រាយជាជាងបញ្ហា នៅពេលមានបញ្ហាប្រឈមវាគឺជាឱកាសរបស់យើងក្នុងការរៀនសូត្រនូវអ្វី ដែលថ្មី។ ធនធានដ៏សំខាន់របស់ក្រុមហ៊ុន គឺបុគ្គលិក ប្រកបដោយសមត្ថភាពនិងក្រមសីលធម៌ រួមទាំងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនផងដែរ។
ផ្តើមចេញពីឆ្នាំ២០០២ដំណើរ នៃប្រតិបត្តិការក្រុមហ៊ុនតម្រូវការទីផ្សារផ្នែកបច្ចេកវិទ្យាព័ត៌មាន មានកំណើនយ៉ាងឆាប់រហ័ស ហើយចំនួនបុគ្គលិក៏មានការរីកច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជា កំណើនសេដ្ឋកិច្ចទីផ្សារដែលចេះតែកើនឡើងឥតឈប់ឈរនៅក្នុងតំបន់ ក្រុមហ៊ុនក៏បានពង្រីសាខាទៅកាន់ខេត្តសៀមរាម ទីក្រុងហូជីមិញ ទីក្រុងហាណូយ ទីក្រុងវៀងច័ន្ទ និងទីក្រុងរ៉ាងហ្គូន។
គួរបញ្ជាក់ថា First Cambodia ជាក្រុមហ៊ុននាំមុខគេនៅកម្ពុជាលើផ្នែក System Integration ដែលទទួលបានពានរង្វាន់៤ឆ្នាំជាប់គ្នាពី IDG ចាប់ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១២ និងជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានវិញ្ញាបនប័ត្រលំដាប់ ISO 9001: 2008 ពីចក្រភពអង់គ្លេស៕ ដោយស្រីផល
No comments:
Post a Comment