ប្រទេសរុស្ស៊ីបានអះអាងថា ខ្លួនមានសព្វាវុធពិសេស
ដែលអាចកាត់ផ្ដាច់ប្រព័ន្ធផ្កាយរណបនិងអាវុធរយៈចម្ងាយឆ្ងាយជាច្រើនទៀតរបស់បណ្ដាប្រទេសលោកខាងលិច។
ក្រុមអ្នកផលិតសព្វាវុធរបស់ប្រទេសរុស្ស៊ីបាននិយាយថា
“ប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិកថ្មី”
អាចប្រតិបត្តិការបាញ់ចេញពីដី អាកាស និងកប៉ាល់លើសមុទ្រ។
តាមការអះអាងបានឲ្យដឹងទៀតថា សព្វាវុធថ្មីនេះ
អាចបញ្ឈប់ប្រព័ន្ធមីស៊ីលនាំផ្លូវដែលបាញ់ចេញពីនាវាចម្បាំង
និងអាវុធទំនើបនានាជាច្រើនទៀតរបស់បណ្ដាប្រទេសលោកខាងលិច។
អនុប្រធានក្រុមបច្ចេកវិទ្យាអេឡិចត្រូនិកវិទ្យុទាក់ទងរបស់ប្រទេសរុស្ស៊ី
លោក Yuri Mayevsky បាននិយាយថា “ប្រព័ន្ធនឹងចាប់យកទីតាំងនាវា
សព្វាវុធរយៈចម្ងាយឆ្ងាយ យន្តហោះចម្បាំង
ប្រព័ន្ធអេឡិចត្រូនិករបស់សត្រូវ
រួចកាត់ផ្ដាច់សកម្មភាពឧបករណ៍វិទ្យុទាក់ទងអេឡិចត្រូនិកនៃប្រព័ន្ធផ្កាយរណបទាហានបរទេស”។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា
ប្រព័ន្ធសព្វាវុធថ្មីនេះ នឹងត្រូវបញ្ចេញពីរោងចក្រ
ដើម្បីសាកល្បងនៅចុងឆ្នាំនេះ។ ទោះយ៉ាងណា
លោកមិនបានបញ្ជាក់លម្អិតទាក់ទងទៅនឹងសព្វាវុធដ៏មានឥទ្ធិពលនេះទេ
ព្រោះអ្វីៗកំពុងស្ថិតនៅក្នុងផែនការនៅឡើយ។
ការសំញែងសាច់ដុំជាថ្មីរបស់រុស្ស៊ី
ធ្វើឡើងបន្ទាប់ពីទំនាក់ទំនងជាមួយបណ្ដាប្រទេសលោកខាងលិចកំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ
ដែលនាំឲ្យមតិជាច្រើនភ័យខ្លាច សង្គ្រាមត្រជាក់កើតឡើងជាថ្មី។
ប្រធានាធិបតី Vlardimir Putin បានប្រកាសថា រុស្ស៊ីនឹងចំណាយជាង
៤០០ពាន់លានដុល្លារពង្រឹងកម្លាំងយោធា។ ចំណែកបណ្ដាប្រទេសលោកខាងលិច
កំពុងធ្វើសមយុទ្ធបន្តបន្ទាប់
ក្រោមការលូកដៃពីមហាអំណាចយោធាអាមេរិក៕
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ Mirror