ក្នុងសន្និសីតសារព័ត៌មានរយៈពេលខ្លីមួយកាលពីម្សិលមិញ លោក Jose Mourinho បានបង្ហាញពីគម្រោងច្បាស់លាស់របស់ក្លឹបមួយថា នឹងនាំយកកីឡាករ Thibaut Courtois អ្នកចាំទីវ័យ ២១ ឆ្នាំ ដែលជាអ្នកចាំទីរបស់ Chelsea ដែលបានប្រគល់ទៅឲ្យក្លឹបជើងខ្លាំងនៅក្នុងអេស្ប៉ាញ Atletico Madrid ខ្ជីជើងអស់រយៈពេល ៣ រដូវកាលជាប់ៗគ្នាមកហើយ មកកាន់ទឹកដី Stamford Bridge សារជាថ្មីនៅរដូវក្ដៅនេះ។
កីឡាករ Thibaut Courtois កំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងក្លឹប Atletico Madrid ដែលធ្វើឲ្យលោក Jose Mourinho មានការពេញចិត្តចំពោះទម្រង់លេងដ៏ល្អនេះណាស់ តាំងពីលោកនៅជាគ្រូបង្វឹករបស់ Real Madrid មកម៉េ្លស ហើយកាលនោះលោកក៏បានសាកល្បងចង់ទិញមកកីឡាកររូបនេះទៅរួមក្លឹបផងដែរ។
លោក Jose Mourinho បាននិយាយថា Courtois ជាកីឡាករអ្នកចាំទី ដ៏ល្អមួយរូបក្នុងចំណោមអ្នកចាំទីវ័យក្មេងៗនានា នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយគេពិតជាសាកសមនឹងជំនួសដំណែងកីឡាករ Petr Cech នៅ Chelsea ដែលមានវ័យកាន់តែជ្រេរណាស់ទៅហើយ។
កន្លងមកកីឡាករ Thibaut Courtois ធ្លាប់បានប្រកាសថានឹងមិនវិលមក Chelsea ជាថ្មីទេ បើគេមិនបានលេងជាជម្រើសទី ១ ហើយគេក៏កំពុងរីករាយនឹងជិវិតជាមួយក្លឹប Atletico Madrid ផងដែរ។ Courtois បានបន្ថែមទៀតថា គេត្រូវការពេលវេលាដើម្បីបង្ហាញសមត្ថភាព មិនត្រូវការអង្គុយលើបង់មើលគេលេងនោះឡើយ។
លោក Mourinho ក៏គ្រោងត្រៀមអាវលេខ ១ សម្រាប់កីឡាករ វ័យ២១ ឆ្នាំនេះផងដែរ ប៉ុន្ដែគេនៅមិនទាន់ច្បាស់លាស់ពីអនាគតរបស់កីឡាករអ្នកចាំទីដៃ ស្វិតរបស់ Chelsea គឺកីឡាករវ័យ ៣១ ឆ្នាំ Petr Cech នៅឡើយ។
យោងតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា Courtois នឹងត្រូវដាក់សាកល្បងឲ្យលេងជាជម្រើសទី១ របស់ក្លឹបតោខៀវ Chelsea នៅក្នុងអំឡុងពេលការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ មុនរដូវកាលថ្មីចាប់ផ្ដើម (Pre-season International Club Friendly Matches) ដើម្បីធ្វើតេស្ដសមត្ថភាព របស់គេថានឹងអាចទទួលបានដំណែងជាអ្នកចាំទីដៃទី១ របស់ក្លឹបនាពេល Barclays english Premier League រដូវកាលថ្មីបានឬអត់? DC
No comments:
Post a Comment