ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង
បានប្រកាសពេលលោកចុះទៅសហគមន៍ បឹងកក់ កាលពីម្សិលមិញ ថា
គណបក្សរបស់លោកនឹងបន្តជំរុញឲ្យមានការចូលរួមពីសំណាក់អង្គការ
សហប្រជាជាតិ
ក្នុងការពិនិត្យលើភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែមុន
ដែលគណបក្សសង្គ្រោះជាតិអះអាងថា ពោរពេញទៅដោយភាពមិនប្រក្រតី។
បន្ទាប់ពីការស្វាគមន៍យ៉ាងក្លៀវក្លា
នៅច្រកចូលនៃមហាវិថីព្រះមុនីវង្ស លោក សម រង្ស៊ី
បានដើរឆ្ពោះទៅផ្ទះសកម្មជនលោកស្រី ទេព វន្នី ក្នុងភូមិ ២២
ដោយមានមហាជនរាប់រយនាក់ដើរតាមក្រោយ។
នៅទីនោះ លោក សម រង្ស៊ី
សន្យាថានឹងធ្វើការប្រមូលផ្តុំដើម្បីបន្តប្រយុទ្ធដើម្បីជ័យជម្នះ
ហើយក៏បានសន្យាជាច្រើនទៀតចំពោះមុខអ្នកគាំទ្រ។
លោក សម រង្ស៊ី បានថ្លែងថា៖ «នៅរសៀលម៉ោង ៤ ថ្ងៃអង្គារនេះ
យើងនឹងជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ មហាមិទិ្ទញដ៏ធំមួយ
ដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិចូលរួមដោះស្រាយបញ្ហាបោះឆ្នោត
និងការពារជ័យជម្នះរបស់យើង។
សូមបងប្អូនចូលរួមទាំងអស់គ្នា...យើងឈ្នះហើយ»។
បន្ទាប់ពីច្រានចោល លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី ២៨
ខែកក្កដា
គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យមានការត្រួតពិនិត្យជាលក្ខណៈ
អន្តរជាតិលើភាពមិនប្រក្រតី។ ទោះយ៉ាងណា
គណបក្សសង្គ្រោះជាតិបានធ្វើពហិការចំពោះការស៊ើបអង្កេតកាលពីថ្ងៃ
ចុងសប្តាហ៍ ដោយលើកមូលហេតុថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ស្ទាក់ស្ទើរក្នុងការទទួលយកការចូលរួមពីអ្នកខាងក្រៅដូចជា
អង្គការសហប្រជាជាតិ។
ថ្លែងបន្ទាប់ពីលោក សម រង្ស៊ី ចេញពីបឹងកក់ លោក ហូ វ៉ាន់
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានជំរុញអ្នកទាំងឡាយដែលមិនត្រូវ
បានអនុញ្ញាតឲ្យបោះឆ្នោតឲ្យចូលរួមក្នុងការប្រមូលផ្តុំនោះ។
លោកបានបន្ថែមថា៖
«កិច្ចប្រជុំនេះនឹងផ្តោតលើថាតើយើងរៀបសន្លឹកឆ្នោតឡើងវិញដោយ
របៀបណា និងថាតើយើងអាចបោះឆ្នោតឡើងវិញដោយរបៀបណា?»។
ក្នុងអំឡុងសុន្ទរកថា ដែលដូចជាយុទ្ធនាការឃោសនាផង និងជាសុន្ទរកថា
ជ័យជម្នះផងនោះ លោកប្រធានគណបក្សរូបនេះបានសន្យាជាមួយអ្នកភូមិថា
លោកនឹងដោះស្រាយវិវាទដីធ្លី និងបញ្ហាដទៃទៀតនៅទូទាំងប្រទេស «ភ្លាមៗ
បន្ទាប់ពីអង្គការសហប្រជាជាតិប្រកាសថា យើងបានឈ្នះ
ហើយខ្ញុំបានក្លាយជានាយករដ្ឋមន្រ្តី»។
នៅពេលនោះ លោក សម រង្ស៊ី បានថ្លែងថា៖
«ខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះ
ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងតំបន់បឹងកក់ បុរីកីឡា
និងជូនបងប្អូនក្នុងតំបន់ដែលមានជម្លោះទាំងអស់ទូទាំងប្រទេស
ដើម្បីទទួលបានសេចក្ដីសុខសាន្តទាំងអស់គ្នា»។
លោកបានបន្ថែមថា៖
«ការដោះស្រាយគឺត្រូវទាមទារឲ្យក្រុមហ៊ុនផ្ដល់សំណងពេញលេញតាម
តម្លៃទីផ្សារសេរី ឬ
តាមការសំណើសមស្របណាមួយរបស់បងប្អូនប្រជាពលរដ្ឋ
ព្រោះការអភិវឌ្ឍគឺទាមទារឲ្យមានការបង្កើនប្រាក់ចំណូល
និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
យើងនឹងធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថា
តើនរណាជាអ្នកផ្ដើមគំនិតឲ្យមានការលុបបឹងកក់ ដែលជាបឹងធម្មជាតិ
ហើយយើងនឹងចាប់ជននោះយកទៅដាក់គុក»។
លោកថ្លែងបន្តថា ៖ «យើងនឹងទាមទារឲ្យមានការដោះលែង អ្នកស្រី យ៉ោម
បុប្ផា។ ពិតជាអយុត្តិធម៌ណាស់បងប្អូនយកដីគេហើយ យកដំបងឆក់ មកឆក់
និងវាយដំ ព្រមទាំងប្រើឡានទឹកបាញ់ទៅលើគេទៀត
ហើយថែមទាំងចាប់គេដាក់គុកទៀត»។
លោក សម រង្ស៊ី
មិនមែនជាមនុស្សតែម្នាក់ដែលគេចោមរោមពេលទៅដល់នោះទេ។
អ្នកភូមិគ្រប់វ័យបានរត់ទៅថតរូបជាមួយនឹងលោកស្រី មូរ សុខហូរ
តំណាងរាស្រ្ត និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
បេក្ខជនតំណាងរាស្រ្តក្នុងខេត្ត ព្រះសីហនុ។
លោកស្រី មូរ សុខហួរ បានថ្លែងថា ស្ថានការណ៍នៅបឹងកក់ជាវិវាទដីធ្លីមួយដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់។
លោកស្រី បាននិយាយថា៖ «ការវាយតម្លៃឡើងវិញលើសម្បទាន
មិនត្រឹមតែនៅភ្នំពេញទេគឺនៅគ្រប់ទីកន្លែងវាងាយស្រួលធ្វើ។
បឹងបានបំពេញរួចហើយ ... ប៉ុន្តែ អ្នកមាន
និងអ្នកក្រត្រូវរស់នៅទាំងអស់គ្នា ក្នុងទីក្រុងតែមួយ»។
វិវាទដីធ្លីជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា
រាប់ទាំងនៅបឹងកក់
គឺពាក់ព័ន្ធនឹងក្រុមហ៊ុនដែលមានចំណងជាមួយនឹងគណបក្សប្រជាជន
កម្ពុជាដែលកាន់អំណាច។
យោងតាមអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា កត្តាដែលធ្វើឲ្យលោក
សម រង្ស៊ី មានប្រជាប្រិយភាព
គឺការសន្យារបស់គណបក្សសង្គ្រោះជាតិមុនការបោះឆ្នោត
ដែលថានឹងបញ្ចប់វិវាទដីធ្លី ដែលបានបណ្តេញមនុស្សជាង ១០ ភាគរយ
ក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ ២០០០ មក។
ជាការសម្តែងការគាំទ្រដល់លោក សម រង្ស៊ី កាលពីម្សិលមិញ
គឺលោកស្រី ផាន់ ឈុនរ៉េត ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីបឹងកក់ ១៣ នាក់
ដែលជាប់ពន្ធនាគារកាលពីឆ្នាំមុនបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា
ពេលលោក សម រង្ស៊ី ក្លាយជានាយករដ្ឋមន្រ្តី
ខ្ញុំនឹងបានកម្មសិទិ្ធដីធ្លី ហើយរស់នៅក្នុងតំបន់បឹងកក់
ដោយសន្តិភាព»។
ទោះជាបែបណាក្ដី រហូតមកទល់ ពេលនេះគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត នៅមិនទាន់បានប្រកាសនូវអាសនៈជា
បណ្ដោះអាសន្នណាមួយនៅឡើយទេ ខណៈដែលគណបក្សធំៗទាំងពីរ
គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អះអាងថា
ឈ្នះរៀងៗខ្លួន។
យោងតាមតារាងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ របស់គ.ជ.ប បង្ហាញថា
ក្នុងចំណោមអ្នកបោះឆ្នោតសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន
៩.៦៧៥.៤៥៣ នាក់ គឺមានអ្នកបោះឆ្នោតឲ្យគណបក្សនយោបាយប្រកួតប្រជែងទាំង
៨ សរុប ៦.៦១៦.១១០ នាក់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា
ទទួលការគាំទ្រលើគេបាន ចំនួន ៣.២២៧.៧២៩
សំឡេងបន្ទាប់គ្នាគឺគណបក្សសង្គ្រោះជាតិទទួលបាន ២.៩៤១.១៣៣ សំឡេង៕ TK By Phnom Penh Post
No comments:
Post a Comment