ភ្នំពេញៈ
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានបង្ហោះវីដេអូខ្លីមួយលើ
បណ្តាញ សង្គម ហ្វេសប៊ុក ដោយចោទប្រកាន់ក្រុមហ៊ុនសាំង តូតាល់ កម្ពុជាថា
បានរើសអើងនយោបាយ បន្ទាប់ពីបុគ្គលិកស្ថានីយមិនលក់សាំងឲ្យពួកគេ
ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
កាលពីថ្ងៃទី២១ កក្កដា
កន្លងមកក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិបាននាំគ្នាជិះម៉ូតូ
ស្រែកគាំទ្រគណបក្សប្រឆាំងមួយនេះនៅតាមផ្លូវ។
ខណៈក្បួនដង្ហែគណបក្សប្រជាជនកម្ពុជាហែតាមមហាវិថីសហព័ន្ធ
រុស្ស៊ីដល់មុខវិមាន សន្តិភាព
ក៏បានជួបគ្នានឹងក្រុមយុវជនបក្សប្រឆាំង
ជាហេតុធ្វើឲ្យក្រុមយុវជនគណបក្សសង្គ្រោះជាតិ
ឈប់កកកុញនៅឯម្ខាងផ្លូវរហូតពេញស្ថានីយសាំង តូតាល់ មួយនៅម៉ោងជាង
៦ល្ងាច។
មានយុវជនជាច្រើនបានប្រើទូរស័ព្ទ និងម៉ាស៊ីនថតរូប ថតវីដេអូពីសកម្មភាពរបស់ពួកគេនៅនឹងស្ថានីយ តូតាល់ មួយនោះ។
ខ្សែវីដេអូជិត ៣នាទី ត្រូវពួកគេបង្ហោះនៅ ហ្វេសប៊ុក
ឈ្មោះខ្មែរអមតៈសាមគ្គី បានរិះគន់ក្រុមហ៊ុនសាំង តូតាល់
ពីការមិនព្រមលក់សាំងឲ្យពួកគេដោយចាត់ទុកថា
ជាការរើសអើងនយោបាយ។
តាមរយៈខ្សែវីដេអូនេះគេមិនឃើញមានបុគ្គលិកក្រុមហ៊ុន តូតាល់
ឈរលក់សាំងទេ
ទើបធ្វើឲ្យក្រុមយុវជនដែលម៉ូតូពួកគេអស់សាំងរអ៊ូរទាំថា៖
«មានលុយទិញសាំងហើយគេមិនលក់ឲ្យទៀត។ សាហាវហ្មង។
វាបញ្ជាកូនចៅវា មិនឲ្យលក់សាំងឲ្យយើង។
វាសុខចិត្តឲ្យយើងបណ្តើរម៉ូតូ»។
រហូតមកដល់ល្ងាចថ្ងៃអង្គារម្សិលមិញមានអ្នកលេង ហ្វេសប៊ុក
រាប់ពាន់
នាក់បានបន្តផ្ញើវីដេអូនេះចែកគ្នាមើលនិងបញ្ចេញទស្សនៈផ្សេងៗគ្នា
តែភាគច្រើនបានប្រើពាក្យរិះគន់ធ្ងន់ៗទៅលើក្រុមហ៊ុននេះ
ក៏ដូចជាគណបក្សកាន់អំណាច។
អ្នកលេង ហ្វេសប៊ុក ម្នាក់បានសម្តែងមតិថា៖ «គេខ្លាចថា បើ CNRP
ជាប់ឆ្នោតនោះសាំងនឹងចុះថោកហ្នឹងណា៎! មានអីទៅពិបាកគិត
ម្យ៉ាងទៀតជញ្ជក់ឈាមអ្នកក្រចង់ស្លាប់ហើយ»។
ម្នាក់ទៀតយល់ឃើញថា ៖ «យើងឃើញក្នុងរូបហើយ
ថាវារញ៉េរញ៉ៃប៉ុនណា ក្រុមហ៊ុនគេអន្តរជាតិ គេខ្លាចពីសុវត្ថិភាព
ទើបគេបិទស្ថានីយ។ មិនមែនមិនលក់ឲ្យនោះទេ»។ ប៉ុន្តែ អ្នកលេង
ហ្វេសបុក ម្នាក់ទៀតតបថា៖«ទោះជារញ៉រញ៉ៃក៏ដោយ
ក្នុងនាមយើងជាអ្នកលក់ត្រូវតែលក់ បើមិនលក់បិទតែម្ដងទៅ»។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន
តូតាល់ កម្ពុជា អ្នកនាង ស៊ន សុវត្តី បញ្ជាក់ថា
ក្រុមការងារក្រុមហ៊ុនកំពុងតែស្រាវជ្រាវពីករណីនេះ។
លើសពីនេះខាងបុគ្គលិកលក់សាំងនៅស្ថានីយ តូតាល់
ដែលរងការចោទនោះបាន ពន្យល់ថា ល្ងាចនោះមានមនុស្សច្រើនពេក
នៅស្ថានីយ ហើយអ្នកលក់សាំងមានតែបីនាក់។ ដូច្នេះលក់មិនទាន់ទេ។
បុគ្គលិកស្ថានីយនោះបន្តថា៖«ជាអ្នកលក់យើងមិនប្រកាន់ថា
ជាបក្សណាទេ គឺលក់ឲ្យទាំងអស់ តែពេលនោះមនុស្សនិងម៉ូតូពេញ។
យើងខ្លាចមានបញ្ហាភ្លើងកើតឡើង»។
លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្រ្ត មណ្ឌល ភ្នំពេញ
អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិនៅភ្នំពេញ បានប្រាប់ថា
លោកមិនទាន់ឃើញវីដេអូនោះទេ ប៉ុន្តែ លោកគិតថា
បើសិនគេមានចេតនាមិនលក់ឲ្យនោះវាជាការសម្រេចចិត្តរបស់អ្នក
គ្រប់គ្រងនៅស្ថានីយ។ វាមិនពាក់ព័ន្ធទៅនឹងក្រុមហ៊ុនមួយនេះទេ
ព្រោះវាជាក្រុមហ៊ុនរបស់បារាំង។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា៖
«រឿងរើសអើងនយោបាយវាមាននៅរាជធានីភ្នំពេញ
តែចំពោះរឿងគេមិនចាក់សាំងឲ្យនោះ
ប្រហែលជាការសម្រេចចិត្តរបស់បុគ្គលថ្នាក់ក្រោមទេ»។
បេក្ខជន តំណាងរាស្ត្រ ហូរ វ៉ាន់ បានឲ្យដឹងដែរថា
នៅភ្នំពេញគណបក្សសង្គ្រោះជាតិមានករណីមិនប្រក្រតីកើតឡើងជាង ៦០
ករណី ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារ ការហែកស្លាក
ការរំខានពេលហែក្បួន និងការរើសអើងផ្សេងៗទៀត៕ By Phnom Penh Post
No comments:
Post a Comment