Thursday, July 18, 2013

ក្មេងស្រីសិស្ស​សាលាអាយុ១៧ឆ្នាំ​ បាត់ពីផ្ទះមួយសបា្តហ៏ហើយ​ គ្មានដំណឹង ខណៈក្រុមគ្រួសារ​ព្រួយបារម្ភ

ក្មេងស្រីម្នាក់ឈ្មោះ ថុន ស្រីពេជ្រ អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ C1 នៃវិទ្យាល័យព្រែកឯង បានចេញពីផ្ទះតំាងពីថ្ងៃទី១២ កក្កដា ២០១៣ រហូតមកទល់នឹងថ្ងៃទី១៨ កក្កដានេះ នៅមិនទាន់ឮដំណឹងថា នៅទីណា និងជាមួយអ្នកណានៅឡើយទេ ខណៈម្តាយ-ឪពុក និងក្រុមគ្រួសារអន្ទះសារ ទន្ទឹងរង់ចំាដោយក្តីព្រួយបារម្ភជាទីបំផុត ។
អ្នកស្រី ហ៊ិន សុភា អាយុ ៣៥ឆ្នាំ ជាម្តាយបង្កើត រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបរាប់ទំាងអួលដើមក លាយឡំនឹងដំណក់ទឹកភ្នែកបា្រប់កោះសន្តិភាពឲ្យដឹងថា នៅថ្ងៃចេញពីផ្ទះ( ព្រឹកថ្ងៃសុក្រទី១២ កក្កដា ) កូនស្រីរបស់អ្នកស្រីបាននិយាយសុំទៅចូលរួមខួបកំណើតមិត្តភក្តិម្នាក់ ( មិនស្គាល់ឈ្មោះ និង អាសយដ្ឋាន) ហើយអ្នកស្រីក៏មិនហាមឃាត់នោះដែរ ដោយគ្រាន់តែនិយាយថា ឆាប់ប្រញាប់ចូលផ្ទះវិញតែប៉ុណ្ណោះ ។
បើតាមស្រ្តីជាម្តាយបានបន្តថា កូនស្រីរបស់អ្នកស្រីចេញទៅមានកាន់កាបូបតូចពណ៌ផ្កាឈូកដែលគេ ( ថុន ស្រីពេជ្រ) ធ្លាប់យកតាមខ្លួនជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងថាមានលុយ ឬ យករបស់របរអ្វីខ្លះទៅជាមួយនោះទេ ដោយអ្នកស្រីមិនចាប់អារម្មណ៏និងរវល់លក់ដូរ ។ អ្នកស្រីបញ្ជាក់បន្ថែមទៀតថា ចាប់តំាងពីពេលនោះមក កូនស្រីរបស់អ្នកស្រីបានបាត់ដំណឹងសូម្បីតែទូរស័ព្ទក៏មិនអាចទាក់ទងបាន ។
អ្នកស្រី ហ៊ិន សុភា ក៏បានអំពាវនាវដល់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋណាដែលបានផ្តល់ដំណឹងនិងឃើញកូនស្រីអ្នកស្រីឈ្មោះ ថុន ស្រីពេជ្រ ដូចមានក្នុងរូបថត សូមមេត្តាទូរស័ព្ទមកកាន់លេខ ០៨៩ ២៩ ១៣ ៥២ អ្នកស្រីនិងស្វាមីឈ្មោះ ខៀវ ពេញ អាយុ៤៣ឆ្នាំ នឹងជូនសគុណ ៕
ដោយ ៖ វ៉ា វឌ្ឍនៈ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

No comments:

Post a Comment