ភ្នំពេញ: បណ្តាញទូរទស្សន៍ក្នុងស្រុកស៊ីធីអិន បានប្រកាសពីការទទួលបានសិទ្ធិនៃការធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ FIFA World Cup ឆ្នាំ២០១៤ ពីប្រទេសប្រេស៊ីល។
បណ្តាញទូរទស្សន៍មួយនេះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Group និងត្រូវបានប្រតិបត្តិដោយសេវាផ្សព្វផ្សាយកម្ពុជា (CBS) បានផ្តួលស្ថានីយទូរទស្សន៍ផ្សេងទៀតដើម្បីឈ្នះសិទ្ធិជាលើកទី២ជាប់ៗគ្នារបស់ពួកគេដើម្បីធ្វើការផ្សាយផ្ទាល់យុទ្ធនាការដែលមានរយៈពេលបួនឆ្នាំម្តងមួយនេះ ក្រោយពីព្រឹត្តិការណ៍ឆ្នាំ២០១០នៅប្រទេសអា្រហ្វិកខាងត្បូង។
លោក Bernard Anthony អ្នកចាត់ការទូទៅរបស់ CBS បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ចំនួនទឹកប្រាក់សរុបជាដុល្លារអាមេរិកមានចំនួនខ្ពស់ជាងព្រឹត្តិការណ៍ World Cup កាលពីមុន ប៉ុន្តែ ទោះបីជាយ៉ាងណា ស៊ីធីអិនមិនអាចប្រាប់ពីតម្លៃលម្អិតបានឡើយ។ កំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍របស់ស៊ីធីអិននៃការធ្វើការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍កីឡាដ៏ធំៗបានជួយឲ្យមានកិច្ចសន្យា FIFA World Cup នេះឡើង»។
លោកបានប្រាប់បន្តថា៖ «ការទទួលបានបទពិសោធ [ក្នុងការផ្សាយ] World Cup របស់យើង បានបង្រៀនយើងពីសារៈសំខាន់នៃសេចក្តីលម្អិតផ្សេងៗនៅពេលផ្សាយព្រឹត្តិការណ៍ FIFA ព្រោះ FIFA តឹងរ៉ឹងណាស់លើសេចក្តីលម្អិត។ ការរំពឹងទុកគឺថា យើងបន្តនូវកម្រិតស្តង់ដារទាំងមូលរបស់ពួកគេ»។
លោក Anthony បានបញ្ជាក់ថា ការផ្សាយការប្រកួត World Cup ដែលនឹងត្រូវដំណើរទាំងនៅលើប៉ុស្តិ៍ស៊ីធីអិន និងម៉ាយធីវី ដែលជាសាខានោះ នឹងពង្រីកបន្ថែមទៅលើយុទ្ធនាការដ៏ធំនេះជាមួយនឹងព្រឹត្តិការណ៍កីឡាបាល់ទាត់របស់ FIFA អំឡុងនៅពេលព្រឹត្តិការណ៍នារដូវក្តៅក្រោយដែលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់ផ្នែកខ្លះ ឬទាំងស្រុងដោយស្ថានីយមួយនេះ។
ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រកួត Confederations Cup ឆ្នាំ២០១៣ និង World Cupអាយុក្រោម២០ឆ្នាំ ឆ្នាំ២០១៣ ដែលកំពុងតែដំណើរការ ព្រឹត្តិការណ៍ World Cup លើឆ្នេរខ្សាច់ឆ្នាំ២០១៣ នៅខែកញ្ញា និង World Cup អាយុក្រោម១៧ឆ្នាំ ឆ្នាំ២០១៣ក្នុងខែវិច្ឆិកា និងខែធ្នូខាងមុខ។
បើយោងទៅតាមអ្នកចាត់ការទូទៅរបស់ CBS «ដំណើរឆ្ពោះទៅកាន់កម្មវិធី FIFA World Cup នឹងចាប់ផ្តើមក្នុងអំឡុងត្រីមាសទីពីរក្នុងឆ្នាំ២០១៤ រួមជាមួយនឹងអ្នកអធិប្បាយ និងអ្នកជំនាញផ្នែកកីឡារបស់ទូរទស្សន៍ស៊ីធីអិន ក៏ដូចជាអ្នកអធិប្បាយថ្មីមួយចំនួន។
លោក Anthony បានឲ្យដឹងថា៖ «វានឹងមានកម្មវិធីព្យាករដ៏រំភើបមួយនៅមុនការប្រកួត ហើយក្រុមកីឡារបស់ស៊ីធីអិននឹងប្រើប្រាស់ចំណេះដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេក្នុងកីឡាបាល់ទាត់ដើម្បីផ្តល់ការវិភាគ និងព្យាករផ្សេងៗ»។
ការផ្សាយបន្តផ្ទាល់ពីការប្រកួតព្រឹត្តិការណ៍ World Cup ត្រូវបានគ្រោងធ្វើការផ្សព្វផ្សាយពីចន្លោះម៉ោង១១យប់ និង៧ព្រឹក (ម៉ោងនៅកម្ពុជា) ដែលជាម៉ោងដែលលោក Anthony លើកឡើងថា នឹងជះឥទ្ធិពលភាគច្រើនទៅលើអ្នកគាំទ្រ និងសិស្សនិស្សិត។
លោកបានបញ្ជាក់ប្រាប់ថា៖ «យើងសង្ឃឹមថា អ្នកទស្សនាកាន់តែច្រើនអាច អាចមើលការផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ស៊ីធីអិន និងម៉ាយធីវី។ ពិតណាស់ អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាអាចនឹងជួបភាពរំភើបជាច្រើនទៀតជាមួយនឹងស៊ីធីអិន និងម៉ាយធីវីនៅពេលនេះ។ CBS កំពុងតែធ្វើការជាមួយនឹងដៃគូឧបត្ថម្ភលើសេចក្តីលម្អិតផ្សេងៗ ក្នុងនោះរាប់បញ្ចូលទាំងការបញ្ជូនអ្នកគាំទ្រម្នាក់ទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រនៅក្នុងប្រទេសប្រេស៊ីល»៕ IS Phnom Penh Post
No comments:
Post a Comment