Wednesday, June 5, 2013

រក​ឃើញ​ថ្មី! ប្រើ​ទឹកខ្មេះ​តេស្ត​រក​ជំងឺ​មហារីក​មាត់ស្បូន


130605_21b
កា​រ​សិក្សា​ថ្មី​រក​ឃើញ​ថា ទឹក​ខ្មេះ​អាច​យក​មក​ធ្វើ​តេស្តជំងឺ​មហារីក​មាត់​ស្បូន។
ក្រុងញូវយ៉ក : ការ​ប្រើប្រាស់​ទឹកខ្មេះ​ដើម្បី​ពិសោធ​រក​មើល​កោសិកា​មហារីក​មាត់ស្បូន អាច​ស្រោចស្រង់​ជីវិត​ស្ត្រី​រាប់ម៉ឺន​នាក់​ដែល​កំពុង​រស់​នៅ​បណ្ដា​ប្រទេស​ ក្រីក្រ​ជុំវិញ​ពិភពលោក។
ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ដែល​ធ្វើការ​ពិសោធ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​នេះ​ អស់​ជាច្រើន​ឆ្នាំ បាន​បង្ហាញ​លទ្ធផល​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​សុខភាព​ក្នុង​ទីក្រុង​ ឈីកាហ្គោ កាល​ពី​ថ្ងៃ​អាទិត្យ​មុន។
អ្នក​ជំនាញ​ទាំងនោះ​បាន​ចាត់​ទុក​ការ​រក​ឃើញ​ថ្មី​នេះ​ថា​«អស្ចារ្យ» ដោយសារ​តែ​វា​ជា​វិធីសាស្ត្រ​ដ៏​ថោក និង​ងាយស្រួល​ក្នុង​ការ​ពិនិត្យ​រក​កោសិកា​មហារីក​មាត់ស្បូន ជា​ពិសេស​ចំពោះ​ស្ត្រី​ក្រីក្រ ដើម្បី​ឲ្យ​ពួកគេ​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន ក៏​ដូចជា​ការ​បង្ការ និង​ព្យាបាល​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ស្រាល​ឲ្យ​ទាន់​ពេលវេលា ចៀសវាង​ការ​បណ្ដោយ​ឲ្យ​កោសិកា​មហារីក​រាលដាល​ធ្ងន់ធ្ងរ​។
ជាទូទៅ ការ​ពិនិត្យ​អាងត្រគាក និង​ការ​ធ្វើ​តេស្ត​រក​មេរោគ HPV​គឺជា​វិធីសាស្ត្រ​ដែល​អាច​វិភាគ​ពី​អាការ​រោគ​មហារីក​មាត់ស្បូន។ យោងតាម​លោក​សាស្ត្រាចារ្យ ស៊ូរិនត្រា សាសទ្រី មកពី​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​បុមបៃ ប្រទេស​ឥណ្ឌា វិធីសាស្ត្រ​ទំនើប​ទាំង​២​ខាង​លើ​បាន​ជួយ​ជីវិត​ស្ត្រី​អាមេរិក​ដែល​ប្រឈម​ នឹង​រោគ​មហារីក​មាត់ស្បូន​ជាច្រើន​នាក់ ប៉ុន្តែ​វិធីសាស្ត្រ​នេះ​មិន​អាច​អនុវត្ត​នៅ​ប្រទេស​ក្រីក្រ​បាន​ទេ ព្រោះ​តែ​វា​ទាមទារ​ឧបករណ៍​វេជ្ជសាស្ត្រ​ថ្លៃ​ៗ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។
ដូច្នេះ​លោក​ក៏​បាន​ធ្វើការ​សាកល្បង​វិធីសាស្ត្រ​ដែល​ងាយ ហើយ​ថោក ដែល​អាច​អនុវត្ត​ដោយ​ប្រជាជន​ក្នុង​ស្រុក ដោយ​គ្រាន់​តែ​ធ្វើការ​ហ្វឹកហ្វឺន​រយៈពេល​តែ​២​សប្ដាហ៍ និង​មិន​ចាំបាច់​ប្រើ​ឧបករណ៍​ពេទ្យ​ទំនើប​ឡើយ។
វិធីសាស្ត្រ​ដ៏​សាមញ្ញ​នោះ​គឺ​ការ​ប្រើ​ទឹកខ្មេះ​លាយ​ទឹក​បន្តិច រួច​យក​ទៅ​ជូត​បរិវេណ​មាត់ស្បូន ហើយ​រង់ចាំ​ពិនិត្យ​មើល​ការ​ប្រែប្រួល​ពណ៌​សាច់​ម្ដុំ​នោះ។ ក្នុង​ករណី​មាន​រោគ​មហារីក​មាត់ស្បូន កោសិកា​នឹង​ប្រែ​ពណ៌​ជា​មិន​ខាន។
ការ​សិក្សា​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​ប៉ាន់ស្មាន​ថា វិធីសាស្ត្រ​ធ្វើ​តេស្ត​រក​ជំងឺ​មហារីក​មាត់ស្បូន​នេះ​អាច​កាត់​បន្ថយ​អត្រា ​ស្លាប់​បាន​៣១​ភាគរយ និង​ស្រោចស្រង់​ជីវិត​មនុស្ស​បាន​ជាង​៧​ម៉ឺន​នាក់​ទូទាំង​ពិភពលោក​រៀងរាល់​ ឆ្នាំ។
បច្ចុប្បន្ន​រដ្ឋាភិបាល​ឥណ្ឌា គ្រោង​ពង្រីក​ការ​ធ្វើ​តេស្ត​មហារីក​មាត់ស្បូន​ដោយ​ប្រើ​ទឹកខ្មេះ​នេះ​ទូទាំង​ប្រទេស៕ PR: By Phnom Penh Post

No comments:

Post a Comment