Wednesday, June 5, 2013

តុលាការ​បើក​សវនា​ការ​សំណុំ​រឿង​និស្សិត​ស្រី បើក​រថ​យន្ត​បុក​រះ​ស្លាប់​ និង​របួស​មុខ​ក្រសួង​មហា​ផ្ទៃ​


រាជធានីភ្នំពេញ ៖ សំណុំរឿង និស្សិតស្រីវ័យក្មេងម្នាក់ ដែលបើករថយន្តបុក ក្មេង៣នាក់ស្លាប់ និងមនុស្សចាស់ ៦នាក់ទៀតរងរបួសធ្ងន់ នៅចំណុចមុខក្រសួងមហាផ្ទៃ ក្នុងខណ្ឌចំការមន កាលពីដើមខែមីនា ២០១៣ ត្រូវបានសាលាដំបូងរាជធានី លើកយកមកជំនុំជម្រះជាសា ធារណៈនៅថ្ងៃទី៦ មិថុនា បន្ទាប់ពីចៅក្រមស៊ើបសួរ បិទការសើុបអង្កេត ។ អង្គសវនាការនឹងបានធ្វើឡើង ចំពោះមុខជនត្រូវចោទ និងមេធាវីការពារក្តី ។
ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងសុខាភិបាល មានអាសយដ្ឋាន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា ត្រូវបានតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបើកបរបង្ក ឱ្យមានគ្រោះថ្នាក់ស្លាប់ និងរបួសដល់អ្នកដទៃ ដោយអចេតនាប្រព្រឹត្តនៅ លើដងមហាវិថីព្រះនរោត្តមមុខ ក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាល្ងាចថ្ងៃទី១  មីនា ។
ហេតុការណ៍បុករះគួរឱ្យ រន្ធត់នោះបានបង្ក ឱ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ សាធារណជនទូទៅ ពិសេសការស្លាប់របស់កុមារប្រុស-ស្រី៣នាក់ និងរបួស៦នាក់ផ្សេងទៀត ។ ការបុករះនោះ គឺបណ្តាលមកពីការស្លន់ស្លោ របស់និស្សិតស្រីវ័យក្មេង ដែលបើករថយន្តនោះក៏បណ្តាល ឱ្យបុករះនៅតាមដងផ្លូវដែល មានចរាចរណ៍យា៉ងមមាញឹក ។ ជនត្រូវចោទឈ្មោះ គាម ពិសិដ្ឋណារីតា អាយុ២៣ឆ្នាំ ជាកូនស្រីរបស់លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរ សុខាភិបាលខេត្តកណ្តាល ។ នៅថ្ងៃកើតហេតុខាងលើ នាងបានបើកបររថយន្ត ម៉ាកកាមរីបាឡែន ពណ៌ស្ករ មួយគ្រឿង ដឹកប្អូនប្រុស២នាក់ ចេញពីសាលាក្នុងគោលបំណង ទៅផ្ទះនៅក្រុងតាខ្មៅ ។
លុះបើកមកដល់ភ្លើង ស្តុបក្បែរក្រសួងមហា ផ្ទៃបានបើករេចង្កូតទៅប៉ះម៉ូតូអ្នក ដំណើរ២គ្រឿង បណ្តាលឱ្យដួលនិងម្ចាស់ ក៏ត្រូវមានរងរបួសស្នាម ។ បើទោះជាមាន ហេតុការណ៍យ៉ាងនេះក្តី ក៏នាងនៅតែមិនព្រមឈប់រថយន្ត ចុះមើលគេទេ ហើយថែមទាំងបន្ថែមល្បឿន ទៅមុខទៀត ក្នុងគោលបំណងគេចខ្លួន រហូតបើកដល់មុខ ខ្លោងទ្វារក្រសួងមហាផ្ទៃក៏បានទៅបុកក្មេង ៣នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ គួរឱ្យអាណោចអាធ័មបំផុត និងមនុស្ស៦នាក់ទៀត រងរបួសបន្តបន្ទាប់ជាទម្ងន់ ហើយរថយន្តបានជ្រុលចង្កូត ទៅបុករបងក្រសួងមហាផ្ទៃ ទើបទៅមុខលែងរួច ។
ពេលនោះនាង និងបងប្អូនប្រុសទាំងពីរនាក់មិនបាន ចុះពីក្នុងរថយន្តឡើយ ខណៈអ្នកដំណើរបានទៅចោមរោមជុំជិត ដោយភ្លើងកំហឹង ។ ដោយខ្លាចកើតមាន អំពើហិង្សា បន្តិចក្រោយមកត្រូវបាន សមត្ថកិច្ចនាំនាងចូលទៅក្នុងក្រសួង មហាផ្ទៃ ដើម្បីការពារសនិ្តសុខដល់នាង ។ នាង គាម ពិសិដ្ឋណារីតា ស្ថិតក្នុងសភាពស្លេកស្លាំង និងបន្ទាប់មកត្រូវបាន សមត្ថកិច្ចនាំខ្លួននិងរថយន្តទៅកាន់ ការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីចាត់ការតាមផ្លូវច្បាប់ ។ នាង គាម ពិសិដ្ឋណារីតា ត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារប៉េហ្ស៊ី ជាបណ្តោះអាសន្ន ចាប់តាំងពីពេលនោះមក ដោយរង់ចាំសវនាការផ្តន្ទាទោស តាមច្បាប់កំណត់ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

No comments:

Post a Comment