ភ្នំពេញ៖ ស្រី្តម្នាក់ឈ្មោះ ហាក់ ស៊ីណា អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានមកដាក់ពាក្យបណ្តឹងថាបាត់កូនស្រី ក្រោយមកក៏បានអះអាងថា សាកសពនារីដែលត្រូវបានគេសម្លាប់ច្រកបាវ ហើយយកទៅប្លុងចោលក្នុងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិបាគូរ ក្នុងភូមិសាស្ត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣នោះ ត្រូវសមត្ថកិច្ចអះអាងថា មិនមានជាកូនស្រីរបស់គាត់ទេ ព្រោះក្រយ៉ៅដៃរបស់គាត់ និងនារី ដែលត្រូវបានគេសម្លាប់នោះ មិនដូចគ្នា។
បន្ទាប់ពីថ្ងៃកើតហេតុ រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវ ដើម្បីវែកមុខឃាតករដៃដល់ពាក់ព័ន្ធនឹងករណីឃាតកម្មដែលសម្លាប់ហើយយក ទៅប្លុងចោលក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែបែរជាបំបែកបានសំណុំរឿងរបស់ស្ត្រីឈ្មោះ ហាក់ ស៊ីណា ដែលបានបាត់កូនស្រីរបស់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ទៅវិញ។ ដោយដំបូងឡើយករណីនេះ ស្រី្ត ឈ្មោះ ហាក់ ស៊ីណា បានយល់ច្រឡំ ថា សពនារីដែលត្រូវបានគេសម្លាប់ហើយយកទៅប្លុងចោលខាងលើនេះ គឺជាកូនស្រីរបស់ខ្លួន តែតាមការពិត កូនស្រីរបស់គាត់ បានរត់ចោលប្តីនិងកូនដែលមានអាយុទើបតែបាន៣ឆ្នាំ ទៅរួមរស់ជាមួយសាហាយឯណោះវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនឈានដល់ការបំបែកសំណុំរឿងនេះ គឺ កងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះធ្វើការស្រាវជ្រាវ ដោយឃាត់ខ្លួនបុរសឈ្មោះ ហ៊ុត តុលា ដែលត្រូវជាប្តីរបស់នារីឈ្មោះ ម៉ៅ ណាផា តែមិនមែនជានារីដែលត្រូវបានគេសម្លាប់ច្រកបាវយកទៅប្លុងចោលនៅ ក្នុងភូមិសាស្ត្រខណ្ឌដង្កោនោះទេ។ ដូច្នេះសមត្ថកិច្ចក៏សូមបញ្ជាក់នឹងបើករង្វង់ក្រចកថា ( នារីដែលត្រូវគេសម្លាប់ច្រកបាវនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ) ដោយសារនារីឈ្មោះ ម៉ៅ ណាផាពិតប្រាកដបាននៅរស់ កំពុងជាប់ពាក់ព័ន្ធនឹងករណីចុះចោលប្តីទៅស្ម័គ្ររួមរស់ជាមួយសាហាវ ។ ប្រភពដដែលបានបន្តថា មូលហេតុដែលបានគេដឹងថា នារីឈ្មោះ ម៉ៅ ណាផាពិតប្រាកដនៅរស់ គឺដោយសារសំណុំរឿងឃាតកម្មសម្លាប់ហើយយកទៅប្លុងចោល ជាប់ពាក់ព័ន្ធនឹងករណី ស្ត្រីឈ្មោះ ហាក់ ស៊ីណា ដែលបានមកដាក់ពាក្យបណ្តឹងបាត់កូនស្រី ក្រោយមកគាត់ក៏បានចេញមុខអះអាងថា សាកសពនារីដែលត្រូវគេសម្លាប់នោះជាកូនស្រីរបស់គាត់ ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនបុរសជាប្តីឈ្មោះ ហ៊ុត តុលាមកធ្វើការសាកសួរ។ បន្ទាប់មកទៀត ក៏ត្រូវមិត្តភក្តិរបស់ឈ្មោះ ហ៊ុត តុលាបាន និយាយថា រូបគេបានឃើញនារីឈ្មោះ ម៉ៅ ណាផា រត់តាមបុរសម្នាក់ឈ្មោះ ពិត សុភ័ក្រទៅរស់នៅជាមួយគ្នានៅឯខេត្តបាត់ដំបង។
បន្ទាប់ពីបានដឹងដំណើររឿងនឹងទទួលបានតម្រុយដូចការរៀបរាប់ខាងលើ សមត្ថកិច្ចក៏សម្រេចឃាត់ខ្លួន មនុស្សដែលពាក់ព័ន្ធទាំងអស់យកមកធ្វើការសាកសួរ ទើបដឹងថា នារីឈ្មោះ ម៉ៅ ណាផា បានរត់តាមបុរសឈ្មោះ ពិត សុភ័ក្រ ដោយលួចមានសាហាយស្មន់ជាមួយគ្នាក្នុងផ្ទះសំណាក់ជាច្រើនលើកច្រើន សារមកហើយ ក៏សម្រេចចិត្តបបួលគ្នាទៅរស់នៅផ្ទះជីដូនខាងបុរសឈ្មោះ ពិត សុភ័ក្រនៅឯខេត្តបាត់ដំបង ចុះចោលប្តី និងកូនដែលទើបនឹងមានអាយុបាន៣ឆ្នាំ ដោយគ្មានក្តីអាឡោះអាល័យអ្វីបន្តិចសោះ។
យ៉ាងណាមិញ ព្រោះតែយល់ដល់មនោសញ្ចេតនាជាប្តីប្រពន្ធ នឹងមិនចង់ឲ្យកូនកំព្រាម្តាយ បុរសជាប្តី ឈ្មោះ ហ៊ុត តុលា មិនបានដាក់ពាក្យបណ្តឹងអ្វីទាំងអស់ ទោះបីជាប្រពន្ធហ៊ានក្បត់ចិត្ត ទៅឱបទ្រូងប្រុសថ្មីក៏ដោយ។
ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ បានឃុំខ្លួនបុរស ឈ្មោះ ពិត សុភ័ក្រ ជាបណ្តោះអាសន្នសិន ដើម្បីបន្តធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីពង្រត់ប្រពន្ធគេចោលប្រពន្ធឯង។ ចំណែកសំណុំរឿងឃាតកម្មដែលត្រូវបានគេយល់ច្រឡំថា នារីដែលត្រូវបានគេសម្លាប់ច្រកបាវខាងលើឈ្មោះ ម៉ៅ ណាផា នោះពេលនេះ ប៉េអឹម កងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងបន្តស្រាវជ្រាវវែកមុខឃាតករដៃដល់៕ ជោគជ័យ
No comments:
Post a Comment