ភ្នំពេញ ៖ ប្រភពព័ត៌មានពីគ្រប់ច្រកល្ហកក្នុងខណ្ឌទាំង៩ នៃរាជធានីភ្នំពេញ រួមនិងប្រជាពលរដ្ឋនៅតាមបណ្តា ឃុំស្រុកជាច្រើន តាមបណ្តាខេត្តជុំវិញរាជធានីភ្នំពេញមាន ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ចាម ប្រមាណច្រើនជាង២ម៉ឺននាក់ នឹងមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមដង្ហែជាក្បួនបាតុកម្មអហិង្សាមួយ នៅថ្ងៃ អាទិត្យទី៩ ខែមិថុនាឆ្នាំ២០១៣ប្រឆាំងតវ៉ាទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញមកសុំទោសជាសាធារណៈ ចំពោះពាក្យសម្តីរបស់លោក ដែលបាននិយាយថា ទួលស្លែងជាគុក សិប្បនិម្មិត។
សំរាប់ថ្ងៃសុក្រទី០៧ខែមិថុនាឆ្នាំ២០១៣នេះ ប្រភពពីភ្នាក់ងារព័ត៌មាននានាបានរាយការណ៍ឲ្យដឹងថា គេបានឃើញនៅផ្ទះប្រជាពលរដ្ឋ ដែលរយៈពេលរស់នៅក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ជាងបីឆ្នាំ ត្រូវបានស្លាប់ដោយរបបដ៏ឃោរឃៅនេះ ដែលមានខ្លះបានសរសេរពាក្យស្លោករួចជាស្រេចនិងខ្លះទៀត កំពុងត្រៀមសរសេរនៅលើបដាក្រណាត់វែងនិងក្រដាសកាតុង បញ្ចេញកំហឹងមិនសុខចិត្តហើយមិនអាចទទួលយកបាននូវពាក្យសម្តីដែល លោកកឹម សុខា និយាយបំផ្លើសការពិតថាគុកទួលស្លែងគឺជាគុកសិប្បនិម្មិត។
លោកជុំ ម៉ី ជាប្រជាពលរដ្ឋម្នាក់ ដែលបានរស់រានរួចផុតពីការស្លាប់នៅក្នុងគុកទួលស្លែង បានដឹកនាំក្បួន បាតុកម្មនេះ ព្រោះលោកមានអារម្មណ៍ក្តុលក្តួលនិងពោរពេញទៅដោយសន្ទុះទាមទាររក ភាពយុត្តិធម៌ជូនដល់ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដែលបានជាប់គុកទួលស្លែង ហើយខ្លះត្រូវបានស្លាប់ក្នុងគុកនេះនិងខ្លះត្រូវចង ស្លាបសេកយកទៅវ៉ៃសម្លាប់នៅបឹងជើងឯក។
តាមប្រភពព័ត៌មានដែលលោកជុំ ម៉ី បានថ្លែងប្រាប់ដល់អ្នកកាសែតឲ្យដឹងថា ខាងអាជ្ញាធរក្រុងភ្នំពេញ បានយល់ព្រមអនុញ្ញាតឲ្យលោកដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម ហើយដោយបានកំណត់ពេលវេលាច្បាស់លាស់និងទីតាំងច្បាស់លាស់។ លោកជុំ ម៉ី បានឲ្យដឹងថា ទីតាំងដែលប្រជាពលរដ្ឋត្រូវមកជួបជុំគ្នាគឺនៅសួនសេរីភាពជិតវត្ត ភ្នំ ដង្ហែឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ មានន័យថាបាតុកម្មដែលលោកជុំ ម៉ី ត្រៀមធ្វើនៅថ្ងៃ អាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៣នេះ មានលក្ខណៈទ្រង់ទ្រាយធំគួរសមដែរ។ ព្រោះបាតុករមានទាំងព្រះសង្ឃ ផងជាង២ម៉ឺនគឺជារឿងមិនធម្មតា។
ដោយឡែក ក្រោយពេលដែលមានប្រតិកម្មបញ្ហាពាក្យសម្តីនេះឡើង លោកកឹម សុខា បាននិយាយដើម្បីដោះ ស្រាយកែរបៀបបដិសេធថា លោកមិនដែលបាននិយាយពាក្យដូច្នេះទេ។ ពាក្យសម្តីនិងសំឡេងនិយាយគឺ គណបក្សប្រជាជនកម្ពុជា យកទៅកាត់តខុសពីបរិបទដើមទាំងស្រុង។ ប្រការដែលលោកកឹម សុខា និយាយបដិសេធ នេះ ត្រូវបានគ្រប់មជ្ឈដ្ឋានវាយតម្លៃសន្និដ្ឋានថា លោកកឹម សុខា ដោះសាមិនសមហេតុផល ព្រោះពេលដែល លោកកឹម សុខា និយាយមានអ្នកស្តាប់ឮច្រើន ព្រមទាំងមានការផ្សព្វផ្សាយផង។ លោកកឹម សុខា ចង់គេចចេញ ពីពាក្យចាស់ដែលពោលថា រនាបបាក់យករនាបជួស តែបើសម្តីហួសគ្មានអ្វីយកមកជួសបានឡើយ។
លោក ជាម យៀប តំណាងរាស្ត្រមណ្ឌលព្រៃវែង មកពីគណបក្សប្រជាជនកម្ពុជា បានមាន ប្រសាសន៍ ប្រាប់ក្រុមអ្នកសារថា លោកចូលរួមធ្វើការ ប្រឆាំងតវ៉ា លោក កឹម សុខា នៅថ្ងៃទី៩ មិថុនា នេះ ពីព្រោះ ក្នុងនាមលោក ជាជនរងគ្រោះម្នាក់ ក្នុងរបបខ្មែរក្រហម ក៏ដូចជាបង ប្អូនសាច់ញាតិ របស់លោកជាច្រើននាក់ ត្រូវបាត់បង់ជីវិត នៅក្នុងរបបដ៏ខ្មៅងងឹតមួយនេះ។
លោកបានបញ្ជាក់ថា «ក្នុងនាមខ្ញុំជាជនរងគ្រោះខ្ញុំចូលរួម ក៏គ្មានអ្នកណាម្នាក់ធ្វើអ្វីខ្ញុំដែល នេះជាសិទ្ធិ សេរីភាពរបស់ខ្ញុំ ហើយក្នុងនាម ខ្ញុំជាពល រដ្ឋម្នាក់ ខ្ញុំនឹងចូលរួម ពុំមែនតំណាងរដ្ឋសភាទេ ហើយកូន ខ្ញុំបង្កើត បងបង្កើត ឪពុក-ម្តាយ បងថ្លៃ សរុបទាំងអស់៣៧នាក់បានស្លាប់ខ្ញុំមានការឈឺចាប់ណាស់»។
យ៉ាងណាក៏ដោយ លោក បានហៅការធ្វើបាតុកម្មនោះ ថាមិនមែនជាលក្ខណៈនយោបាយ ដូចការលើកឡើង របស់មតិ មួយចំនួន នៅក្នុងបណ្តាញ សង្គមហ្វ៊េសប៊ុក និងគណបក្សប្រឆាំង នោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបានកើតឡើងពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលមានសាច់ញាតិស្លាប់ក្នុងរបបប៉ុលពតហើយរឿងបង្កឡើងដោយបុគ្គល កឹម សុខា ខ្លួនឯងតែម្តងដោយសារតែលោ កឹម សុខា បាននិយាយថា ទួលស្លែងជាគុកសិប្បនិម្មិតនោះ ជាការមើលងាយមើលថោកដល់អ្នកស្លាប់ នៅក្នុងរបបប៉ុលពត ហើយលោក ក៏សុំថ្កោសទោសចំពោះលោក កឹម សុខា។
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ នៅវេលាម៉ោង ៧:៣០ ព្រឹកនៅទីលានប្រជាធិបតេយ្យនឹង មានមហាបាតុកម្មដ៏ធំកើតឡើង ដែលមានអ្នកចូលរួម ជាង២ម៉ឺននាក់ ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ មកសុំទោសជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបខ្មែរក្រហមដែលលោកកឹម សុខាបាននិយាយ ថា ទួលស្លែងជាកន្លែងសិប្បនិម្មិត ៕ដោយៈ ស្រីផល
No comments:
Post a Comment