Friday, June 7, 2013

ខេត្ត​មណ្ឌលគិរី​កាន់​តែ​អំណោយផល​ដល់​ទេសចរ


130607_21c
ភ្ញៀវ​ទេស​ចរជាតិ និង​អន្តរ​ជាតិ នាំ​គ្នា​ងូត​ទឹក​ជ្រោះ​ប៊ូស្រា​ ដែល​ជា​តំបន់​ទឹក​ជ្រោះ​ដ៏​ទាក់​ទាញ​មួយ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ រូបថត សេត គឹមសឿន
មណ្ឌលគិរីៈ ដោយ​មាន​អាកាសធាតុ​ត្រជាក់​ល្មម​នៅ​គ្រប់​រដូវកាល​និង ​មាន​ទេសភាព​ធម្មជាតិ​ផ្លាស់ប្តូរ​ទៅ​តាម​រដូវ គួរ​ឲ្យ​ចង់​គយគន់​មិន​ជិនណាយ​ផង​នោះ​ខេត្ត​មណ្ឌលគិរី​បាន​ក្លាយ​ជា​គោលដៅ​ ចាប់​អារម្មណ៍​ជាង​គេ ក្នុង​ចំណោម​ខេត្ត​នៅ​ភាគ​ឦសាន។ ដូចគ្នា​នោះ​ភ្ញៀវ​ទេសចរ​មកពី​គ្រប់​ជាតិសាសន៍​ដែល​មក​ទស្សនា​ ព្រះរាជាណាចក្រកម្ពុជា ពួកគេ​ក៏​កម្រ​នឹង​រំលង​ទេសភាព​ខេត្ត​ដែល​សម្បូរ​សក្តានុពល​ទេសចរណ៍​មួយ​នេះ ​ដែរ​។
លំហូរ​ភ្ញៀវ​មកពី​គ្រប់​ជាតិសាសន៍​ដែល​ងប់ងុល​នឹង​សម្រស់​ធម្មជាតិ​ ព្រៃភ្នំ និង​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្រ្ត​របស់​ខេត្ត​មណ្ឌលគិរី​ដែល​មិន​អាច​ឲ្យ​រំលង​ផុត​នោះ ត្រូវ​បាន​គេ​អះអាង​ថា​ទើប​តែ​កើត​មាន​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ប៉ុន្មាន​ ឆ្នាំ​ដែរ​ទេ​ក្រោយ​ពី​ខេត្ត​នេះ​ទទួល​បាន​ផ្លូវ​ជាតិ​លេខ​៧៦​A ដែល​បំបែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៧ ម្តុំ​ឃ្សឹម​ស្រុក​ស្នូល​។
ជាមួយ​គ្នា​នោះ​ក៏​មាន​ភ្ញៀវ​ជាច្រើន​ក្រោយ​ពី​បញ្ចប់​ដំណើរ​កម្សាន្ត​នៅ ​ខេត្ត​មណ្ឌលគិរី​នោះ ក៏​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​នៃ​ភាព​ទាក់ទាញ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ ខេត្ត​មណ្ឌលគិរី​នេះ​ដែរ​ដោយ​ពួក​គេ​បាន​និយាយ​ថា​៖​«ផ្លូវ​ជាតិ​លេខ​៧៦​A នោះ​មិន​ត្រឹម​តែ​សម្រួល​ដល់​ដំណើរ​របស់​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅ​ដល់​គោលដៅ​ដោយ​ សុខ​សុវត្ថិភាព​នោះ​ទេ តែ​វា​ក៏​ជា​ការ​ទាក់ទាញ​ទេសចរ​មួយ​ដែរ​»។
លោក ឈួន តារា ជា​និស្សិត​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ធ្លាប់​បាន​ទៅ​លេង​ខេត្ត​មណ្ឌលគិរី​ម្តង​ហើយ​បើ​ទោះ​ជា​ពេលវេលា​នោះ​ រំលង​ផុត​ជិត​មួយ​ឆ្នាំ​ក៏ដោយ​ប៉ុន្តែ​រូបភាព និង​ទេសភាព​ដ៏​ខៀវស្រងាត់ និង​ព្រៃភ្នំ​ខេត្ត​នោះ​នៅ​តែ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​លោក។ លោក​បាន​បន្ត​ថា​៖​«​ក្រៅ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត និង​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន​ដែល​មិន​អាច​ឲ្យ​ខ្ញុំ​បំភ្លេច​ នោះ ទេសភាព​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៧៦​A​ដែល​គេ​បាន​ធ្វើ​ការ​ពុះ​កាត់​ ភ្នំ​ឬ​ក្រឡឹង​តាម​ចង្កេះ​ភ្នំ​ឆ្ពោះ​ទៅ​ខេត្ត​មណ្ឌលគិរី​នោះ​ក៏​ជា​ផ្នែក​ មួយ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​យ៉ាង​សំខាន់​ដែរ​»។
ដោយសារ​មាន​ប្រព័ន្ធ​ចរាចរណ៍​ធ្វើ​ដំណើរ​យ៉ាង​ស្រួល​និង​ប្រកប​ដោយ​ ទេសភាព​ជា​ទី​ទាក់​ភ្នែក​ដិត​អារម្មណ៍​តាម​ដង​ផ្លូវ​និង​សម្បូរ​ទៅ​ដោយ​ រមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត និង​កន្លែង​កម្សាន្ត​ជាច្រើន​នោះ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​លេង​ខេត្ត​មណ្ឌលគិរី​មាន​ការ​កើនឡើង​ពី​ មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់​។ ព្រម​ជាមួយ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​មាន​ការ​កើនឡើង​នោះ ចំនួន​បន្ទប់​ស្នាក់នៅ​តាម​បណ្តា​សណ្ឋាគារ​ផ្ទះ​សំណាក់​និង​រមណីយដ្ឋាន​បែប​ អេកូ​ទេសចរណ៍ ត្រូវ​បាន​កែច្នៃ​និង​សាងសង់​បន្ថែម​ផង​ដែរ ដើម្បី​បំពេញ​ការ​បម្រើ​សេវា​ដល់​ភ្ញៀវ​នោះ​។
ថ្លែង​ក្នុង​ឱកាស​បើក​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន ម៉ាយូរ៉ា ហៀល ដែល​ទើប​ប្រសូត​ថ្មី​នៅ​លើ​ទឹកដី​ខ្ពង់រាប​នៃ​ខេត្ត​មណ្ឌលគិរី​កាល​ពី​ដើម​ ខែ​មិថុនា​នេះ លោក ងិន សុវិមាន ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​មណ្ឌលគិរី បាន​លើក​ឡើង​ឲ្យ​ដឹង​ថា​ចាប់​តាំង​ពី​ផ្លូវ​ជាតិ​លេខ​៧៦​A​ត្រូវ​បាន​ ស្ថាបនា​រួច​មក​ខេត្ត​មណ្ឌលគិរី​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​ អន្តរជាតិ​បាន​មក​លេង​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំ​ទៅ​ មួយ​ឆ្នាំ​មាន​ការ​កើនឡើង​ច្រើន។ ដូចគ្នា​នឹង​ការ​អះអាង​នោះ លោក​ប្រធានមន្ទីរ​ក៏​បាន​បង្ហាញ​ពី​តួលេខ​នៃ​កំណើន​ភ្ញៀវ​ចូល​មក​ទស្សនា​ កម្សាន្ត នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៣​នេះ​ដែរ​ថា​៖​«បើ​ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១២ ដើម​ឆ្នាំ​២០១៣​នេះ ភ្ញៀវ​ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​តាម​ទី​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​នេះ មាន​ការ​កើនឡើង ដល់​ទៅ​២២,៩៧​ភាគរយ​ឯណោះ ដែល​ក្នុង​នោះ​ភ្ញៀវ​ជាតិ​បាន​កើនឡើង​២៣,៨៦​ភាគរយ​ចំណែក​ភ្ញៀវ​អន្តរជាតិ​ កើនឡើង​៦,២៤​ភាគរយ​»។
កត្តា​ដែល​នាំ​ឲ្យ​ខេត្ត​មណ្ឌលគិរី​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ ចូល​ទៅ​កម្សាន្ត​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ ត្រូវ​បាន​គេ​សម្គាល់​ដោយសារ​ផ្លូវ​ល្អ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ធូរធារ​សេវាកម្ម​សណ្ឋាគារ​ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន​មាន​អនាម័យ​ល្អ​ប្រសើរ​ជាង​ពេល​មុន​។
ប្រធាន​មន្ទីរទេសចរណ៍​ឲ្យ​ដឹង​បន្ត​ថា​៖​«នោះ​មកពី​ខេត្ត​មណ្ឌលគិរី​មាន​ តំបន់​ទេសចរណ៍​ច្រើន មាន​ទឹក​ធ្លាក់​ប៊ូស្រា​ទឹក​ជ្រោះ​ដំណាក់​ស្តេច​ទឹកជ្រោះ​រមនា​ទឹក​រលក​ ប៉ូប្រះ​ភ្នំ​ក្រោល​ភ្នំ​ដោះក្រមុំ​សមុទ្រ​ឈើ​ឬ​ជិះ​ដំរី​ដើរ​លេង​តាម​ភូមិ​ ជនជាតិ​និង​ធ្វើ​ដំណើរ​គយគន់​ទេសភាព​ធម្មជាតិ​នៅ​តាម​បណ្តោយ​សង​ខាង​ផ្លូវ​ ជាតិ​។ គយគន់​មើល​ភ្នំ​ដែល​មាន​ស្មៅ​ដុះ​ខៀវស្រងាត់​គឺជា​ទេសភាព​ល្អ​បំផុត​ហើយ​ ភ្នំ​ទាំងនោះ​វា​បាន​ផ្លាស់ប្តូរ​ពណ៌​ទៅ​តាម​រដូវកាល​»។
លោក​ងិន សុវិមាន ប្រធាន​មន្ទីរទេសចរណ៍​ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹម​ផង​ដែរ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នឹង​មាន​ការ​កើនឡើង​កាន់​តែ​ច្រើន​ ថែម​ទៀត​នៅ​ពេល​ផ្លូវ​ថ្មី​ពី​មណ្ឌលគិរី​ទៅ​ខេត្ត​រតនគិរី​ដែល​ឆ្លងកាត់​ ស្រុក​កោះញែក​និង​លំផាត់​ធ្វើ​រួចរាល់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​»៕ ​By Phnom Penh Post

No comments:

Post a Comment