Wednesday, June 5, 2013

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសំរាប់ឲ្យក្រុមយុវជនមកពី១៦ប្រទេស ដើម្បីមកនិយាយពីសម្បត្តិបេតិកភណ្ឌពិភពលោក


7 នាទីមុន | ដោយ ៖
Angkor wat.
ភ្នំពេញ​៖​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស្វាគមន៍​ក្រុម​យុវជន​៣៨​រូប​ ដែល​មក​ពី​១៦​ប្រទេស​ផ្សេងៗ​គ្នា​ ជុំវិញ​ពិភពលោក​ ដើម្បី​នាំ​គ្នា​លើក​ឡើង​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ក្រោម​ប្រធានបទ​«​បេតិកភណ្ឌ​រស់​៖​ ប្រាសាទ​ បរិស្ថាន​ និង​ប្រជាជន​»​ ដែល​មាន​រយៈពេល​ ៧​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០៩​ ដល់​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៣​។​
​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វេទិកា​យុវជន​បេ​តិ​ភណ្ឌ​ពិភពលោក​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​ បាន​លើក​ឡើង​ថា​ វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ យល់​ដឹង​របស់​គណៈប្រតិភូ​យុវជន​ចូលរួម​ ក៏​ដូច​ជា​យុវជន​ទូទៅ​ អំពី​តួនាទី​ជា​រួម​របស់​យុវជន​ ដែល​ជា​អ្នក​បន្តវេន​ ក្នុង​ការ​អភិរក្ស​ និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ និង​ពិភពលោក​។​ ជា​ពិសេស​ទំនាក់ទំនង​មិន​អាច​កាត់​ផ្តាច់​បាន​ នៃ​ប្រាសាទ​ បរិស្ថាន​ និង​សហគមន៍​ ដែល​រស់នៅ​ជុំវិញ​នោះ​ផង​ដែរ​។​
​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​ឲ្យ​ដឹង​ទៀត​ថា​ វេទិកា​យុវជន​ ដែល​ប្រព្រឹត្ត​មុន​ការ​ឈាន​មក​ដល់​ នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ៣៧​ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ពី​ថ្ងៃ​ទី​១៦-២៧​ ខែមិថុនា​ រៀបចំ​ឡើង​ដោយ​កម្ពុជា​នេះ​ មានការ​ ចូលរួម​ដោយ​ប្រតិភូ​យុវជន​កម្ពុជា​ ២០​រូប​ និង​ប្រតិភូ​យុវជន​អន្តរជាតិ​១៨​រូប​ មក​ពី​ ១៦​ប្រទេស​ផ្សេងៗ​គ្នា​។​
​ក្នុង​វេទិកា​ជំនួប​យុវជន​ នៃ​បណ្តា​ប្រទេស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នៅ​ក្នុង​ខេត្តសៀមរាប​ ប្រតិភូ​យុវជន​នឹង​ បង្ហាញ​អំពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ខ្លួន​ ក្នុង​វេទិកា​ ព្រមទាំង​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ ។​ ជាមួយ​គ្នា​នេះ​ ប្រតិភូ​យុវជន​ទាំងអស់​ នឹង​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ឧទ្យាន​អង្គរ​ ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ​នៅ​ កម្ពុជា​ផង​ដែរ​។​
​បន្ទាប់​ពី​ការ​ជួប​ពិភាក្សា​នៅ​ទីក្រុង​សៀមរាប​ ក្រុម​ប្រតិភូ​យុវជន​បេតិកភណ្ឌ​ពិភពលោក​ នឹង​ធ្វើ​បទ​បង្ហាញ​នូវ​សេចក្តី​ ថ្លែងការណ៍​របស់​យុវជន​ ដល់​គណៈប្រតិភូ​ចូលរួម​ក្នុង​កម្មវិធី​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៧​ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ឆ្នាំ​២០១៣​ នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​១៦​ ខែមិថុនា​។​
​វេទិកា​យុវជន​បេតិកភណ្ឌ​ពិភពលោក​ ក្រោម​ប្រធានបទ​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Living​ Heritage:​ Tem​ ple,​ Environment​ and​ People​ «TEP»​ រៀបចំ​ឡើង​ដោយ​ក្រុមការងារ​រៀបចំ​វេទិកា​យុវជន​ និង​យុវជន​ស្ម័គ្រចិត្ត​ សម្រាប់​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣៧​ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គណៈកម្មការ​ជាតិ​កម្ពុជា​ សម្រាប់​អង្គការ​យូ​ណេ​ស្កូ​ និង​អាជ្ញាធរ​អប្សរា​។​
​គួរ​បញ្ជាក់​ថា​ វេទិកា​រយៈពេល​៧​ថ្ងៃ​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀមរាប​អង្គរ​៥​ថ្ងៃ​ និង​រាជធានី​ភ្នំពេញ​២​ថ្ងៃនេះ​ ក៏​នឹង​ចែករំលែក​ បទ​ពិសោធន៍​ ការ​ទទួលស្គាល់​ និង​ការ​ឲ្យ​តម្លៃ​ដល់​ពហុភាព​ នៃ​វប្បធម៌​នានា​ មក​ពី​គ្រប់​តំបន់​ នៃ​ពិភពលោក​ក្នុង​ ការ​លើកកម្ពស់​តម្លៃ​ជាស​កល​ នៃ​សម្បត្តិ​បេតិកភណ្ឌ​ទាំងនេះ​ផង​ដែរ​៕​ សំណាង​

No comments:

Post a Comment