ភ្នំពេញ៖ ក្រុមការងាររៀបចំវេទិកាយុវជន និងយុវជនស្ម័គ្រចិត្តសម្រាប់សម័យប្រជុំពេញ អង្គលើកទី៣៧ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដោយសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា គណៈកម្មការជាតិសម្រាប់អង្គការយូណេស្កូ និងអាជ្ញាធរអប្សរា គ្រោងនឹងរៀបចំវេទិការយុវជនបេតិកភណ្ឌលោក ក្រោមប្រធានបទ«បេតិកភណ្ឌរស់៖ ប្រាសាទ បរិស្ថាន និងប្រជាជន» (Living Heritage: Temple, Environment and People “TEP”) ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ នៅសៀបរាបនិងរាជធានីភ្នំពេញ។

វេទិការនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់គណៈប្រតិភូយុវជនដែលចូលរួម ក៏ដូចជាយុវជនទូទៅអំពីតួនាទីជារួមរបស់យុវជនដែលជាអ្នកបន្តវេន ក្នុងការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក ព្រមទាំងទំនាក់ទំនងមិនអាចកាត់ផ្តាច់បាននៃ ប្រសាទ បរិស្ថាន និងសហគមន៍ដែលរស់នៅជុំវិញនោះ ។ ទន្ទឹមនឹងនេះ វេទិការនេះក៏នឹងចែករំលែកបទពិសោធន៍ការទទួលខុសស្គាល់ និងការឲ្យតម្លៃដល់ពហុភាព នៃវប្បធម៌នានាមកពីគ្រប់តំបន់នៃពិភពលោក ក្នុងការលើកកម្ពស់តម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់វេទិកាយុវជនបេតិកភណ្ឌពិភពលោកបង្ហាញថា វេទិកានេះនឹងមានការចូលរួមពីយុវជនមកពីប្រទេសចំនួន១៦ ជាមួយយុវជនកម្ពុជាដែលជាម្ចាស់ផ្ទះរួមមានសមាជិកចំនួន២០រូប និងប្រតិភូអន្តរជាតិចំនួន១៨រូប មកពីប្រទេសផ្សេងៗគ្នា ។ វេទិកា នេះគ្រោងនឹងរៀបចំធ្វើនៅខេត្តសៀមរាបចំនួន៥ថ្ងៃ និង២ថ្ងៃទៀតនៅរាជធានីភ្នំពេញ ។
សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា នៅខេត្តសៀបរាបប្រតិភូ យុវជននឹងបង្ហាញអំពីសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្លួន និងធ្វើការពិភាក្សាជាមួយអ្នកជំនាញក៏ដូចជាធ្វើទស្សនកិច្ចសិក្សានៅ តំបន់ឧទ្យានអង្គរ។ ជាមួយគ្នានោះគណៈប្រតិភូយុវជនទាំងអស់នឹងបង្ហាញនូវសេចក្តីថ្លែងការណ៍ ដល់គណៈប្រតិភូចូករួមក្នុងកម្មវិធីបើកសម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកឆ្នាំ២០១៣នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៣ខាងមុខនោះ។
សូមបញ្ជាក់ផងដែរថា វេទិការយុវជននេះនឹងប្រព្រឹត្តទៅនៅមុនពេលសម័យប្រជុំពេញអង្គ លើកទី៣៧ នៃគណៈកម្មការបេតិកភណ្ឌពិភពលោកពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៣ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណ្ត្តិឆ្នាំ ២០១២-២០១៣៕ដោយ៖ ស្រីផល
No comments:
Post a Comment