ភ្នំពេញ៖ បក្សពួកចោរប្លន់យ៉ាងសកម្មភាព និងកក្រើកពេញរាជធានីភ្នំពេញ ពេលនេះត្រូវអស់លក្ខណ៍ ដោយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការចាប់ក្របួចបាន២នាក់ ខណៈពេលដែលពួកគេបានរៀបគម្រោងនឹងចេញធ្វើសកម្មភាពប្លន់ ត្រូវនគរបាលដែលកំពុងដែលល្បាតនៅតាមមូលដ្ឋានផ្លូវព្រៃស ភូមិប្រកា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ ឃើញសង្ស័យ ក៏ឃាត់សួរនាំតែម្តង កាលពីវេលាម៉ោង ៥ នឹង ៣០ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៣។
អធិការខណ្ឌដង្កោ លោក យឹម សារ៉ាន់ បានឲ្យដឹងថាក្រុមចោរប្លន់ពីរនាក់ដែលនគរបាលឃាត់ខ្លួនខាងលើនេះ ទី១ ឈ្មោះ ឡាន ប៊ុនធឿន ភេទប្រុស អាយុ ២៥ ឆ្នាំ និងទី២ ឈ្មោះ ស៊ុក សក ហៅតូច ភេទប្រុស អាយុ ២៧ ឆ្នាំ។ ទាំងពីរនាក់នេះមានស្រុកកំណើតនៅភូមិបារាជ ឃុំព្រៃឈ្នេស ស្រុកមេសាន ខេត្តព្រៃវែង នឹងមានមុខរបរជាចោរប្លន់តែម្តង។ លោក បានបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវនគរបាលខណ្ឌដង្កោចាប់ខ្លួនបាន ខណៈពេលដែលពួកគេ បានរត់កាត់ព្រៃ ដោយខ្លួនប្រឡាក់សុទ្ធតែឈាមថែមទាំងមានដែកឆាបនៅជាប់នឹងខ្លួនថែម ទៀតផង ដោយសមត្ថកិច្ចក៏ឃាត់ខ្លួនពួកគេដើម្បីសួរនាំ ប៉ុន្តែពួកគេមិនព្រមឈប់ បែរជានាំគ្នារត់គេចខ្លួនពីសមត្ថកិច្ច ទើបកម្លាំងនគរបាលខណ្ឌដង្កោ ដាក់កម្លាំងដើម្បីធ្វើការព័ទ្ធចាប់ខ្លួនរបស់ពួកគេបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌតែម្តង ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការចាប់ខ្លួនរួច ជនសង្ស័យឈ្មោះ ឡាន ប៊ុនធឿន និង ស៊ុក សក បានឆ្លើយសារភាពថា កន្លងមកពួកគេបានធ្វើសកម្មភាពប្លន់យកម៉ូតូជាច្រើនលើកមកហើយ សុទ្ធតែបានសម្រេចទាំងអស់ ដោយពួកគេគ្រាន់តែយកដែកឆាប នឹងដំបងឈើជ្រុង មកវាយមនុស្សកំពុងជិះម៉ូតូតាមផ្លូវ ។ ក្រៅពីនេះទៀត ពួកគេទាំងពីរនាក់ធ្លាប់បានបន្លំហៅម៉ូតូឌុបជិះ ដើម្បីធ្វើដំណើរតាមផ្លូវព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស រួចធ្វើសកម្មភាព យកដែកឆាបចាក់ម្ចាស់ម៉ូតូ ដើម្បីប្លន់ នឹងធ្លាប់វាយនារីម្នាក់ប្លន់យកម៉ូតូអាយខុនមួយគ្រឿងផងដែរ នៅក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស។ ក្រៅពីរនេះ ពួកគេទាំងពីរនាក់នៅមានករណីជាច្រើនទៀតដែលពួកគេធ្លាប់វាយ នឹង ចាក់ មនុស្សប្លន់យកទ្រព្យសម្បត្តិ ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រុមចោរប្លន់ទាំងពីរនាក់ខាងលើនេះ គឺជាក្រុមចោរដែលល្បីល្បាយ និងបានប្រព្រឹត្តិនូវបទល្មើសលួចយ៉ាងសកម្មបំផុតនាពេលកន្លងមក ដូច្នេះបន្ទាប់ពីធ្វើការសាកសួររួចសមត្ថកិច្ចបានសម្រេចចិត្តកសាង សំណុំរឿងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ជោគជ័យ
No comments:
Post a Comment