Tuesday, June 4, 2013

ចាប់​ខ្លួន​៨នាក់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​រោងចក្រ​សាប្រ៊ីណា

130604_01
យុវ​ជន​ម្នាក់​គប់​ដុំ​ថ្ម ទៅ​លើ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​រាប់​ស៊ឹប​នាក់ ដែល​ចុះ​ទៅ​ធ្វើ​ការ​បង្ក្រាប​ការ​តវ៉ា​​របស់​កម្មករ​នៅ​រោង​ចក្រ Sabrina ក្នុង​ខេត្ត​កណ្តាល​កាល​ពី​ម្សិល​មិញ​​​។ រូបថត Reuters
កំពង់ស្ពឺៈ មាន​ការ​ប៉ះទង្គិច​ក្នុង​កូដកម្ម​តវ៉ា​នៅ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា​កាល​ពី​ព្រឹក​ម្សិលមិញ បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​សមាជិក​សហជីព​ចំនួន ៨ នាក់ និង​បង្ក​របួស​ដល់​ភាគី​ទាំង​សង​ខាង​ជាច្រើន​នាក់​ទៀត។
កូដកម្ម​នៅ​រោងចក្រ​ផ្គត់​ផ្គង់​ផលិត​ផល Nike នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បាន​ក្លាយ​ជា​បាតុកម្ម​ហិង្សា​ជា​លើក​ទី២ នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​កន្លង​ទៅ​នេះ នៅ​ពេល​ក្រុម​អ្នក​តវ៉ា​បាន​ចូល​ទៅ​ក្នុង​រោងចក្រ និង​គប់​គ្នា​ជាមួយ​និយោជិត ដែល​កំពុង​ធ្វើ​ការ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​នគរបាល​និង​កង​រាជ​អាវុធហត្ថ ត្រូវ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍។​
លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ថា៖ «​អ្នក​ធ្វើ​កូដកម្ម​បាន​ប្រឈម​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​រោងចក្រ ហើយ​បាន​ប្រើ​ដុំ​ថ្ម និង​ដំបង​គប់​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​រោងចក្រ។ លោក​បន្ថែម​ថា មន្រ្តី​នគរបាល ៩ នាក់ បាន​រង​របួស​ធ្ងន់ ខណៈ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ។
លោក​បន្ត​ថា៖ «​យើង​បាន​ចាប់​ខ្លួន​សមាជិក​សហជីព ៨ នាក់ ដែល​ញុះញង់​កម្មករ​ឲ្យ​ប្រើ​អំពើ​ហិង្សា។ តែ​ឥឡូវ​យើង​បាន​ប្រគល់​ពួកគេ​ទៅ​ឲ្យ​នគរបាល​ដើម្បី​ចាត់​ការ​លើ​បញ្ហា នេះ​ហើយ»។
យោង​តាម​លោក ពេជ្រ ពណ្ណរាយ អ្នក​នាំ​ពាក្យ​សហជីព​សេរី​កម្មករ​ឲ្យ​ដឹង​ថា នគរបាល និង​មន្រ្តី​កង​រាជ​អាវុធហត្ថ​ប្រហែល ១​ពាន់​នាក់​បាន​អន្តរាគមន៍​នៅ​រោងចក្រ​សាប្រ៊ីណា ដែល​ជួល​កម្មករ​បម្រើ​ការ​ប្រមាណ​ជាង​៥ពាន់​នាក់​។
លោក​បន្ថែម​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា តើ​កម្មករ​កម្មការិនី​ប៉ុន្មាន​នាក់​រង​របួស​ព្រោះ​ពួកគេ​ភាគ​ច្រើន​ត្រូវ​ បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខណៈ​ស្ថាន​ការណ៍​មាន​លក្ខណៈ​កាន់​តែ​ អាក្រក់​ខ្លាំង​នៅ​ពេល​នោះ»។
លោក​បន្ត​ទៀត​ថា ការ​ប៉ះទង្គិច​គ្នា​បាន​ចាប់​ផ្តើម​ពេល​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​អត្ថ​ ប្រយោជន៍ និង​ប្រាក់​ឈ្នួល​ប្រសើរ​ជាង​មុន បាន​ចូល​ទៅ​ក្នុង​រោងចក្រ​ដើម្បី​ជួយ​កម្មករ​ម្នាក់ ដែល​ត្រូវ​គេ​វាយ​ដំ និង​ឃុំ​ខ្លួន​នៅ​ទី​នោះ​ហើយ​កម្មករ​ដែល​មិន​បាន​ចូល​រួម​កូដកម្ម បាន​ប្រើ​ដំបង និង​បំពង់​ពន្លត់​អគ្គិភ័យ​មក​បណ្តេញ​ពួកគេ​ឲ្យ​ចេញ។
លោក ឡេង ប្រុស ជា​កូដករ​ម្នាក់ បាន​ប្រាប់​ថា៖ «​ខ្ញុំ​បាន​ជួយ​កម្មការិនី​ពីរ​នាក់​ដែល​សន្លប់ បន្ទាប់​ពី​កម្មករ​ក្នុង​រោងចក្រ​បាន​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ លើ​ពួក​គេ។ ឯ​នគរបាល ក៏​បាន​វាយ​លើ​កម្មករ​ដែរ»។
លោក ខេន លូ អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​បាន​ឃើញ​ការ​ប៉ះទង្គិច​នោះ បាន​រៀប​រាប់​ផ្សេង​គ្នា​អំពី​ព្រឹតិ្តការណ៍​នៅ​រោងចក្រ​សាប្រ៊ីណា​នោះ។
កម្មករ​ធ្វើ​កូដកម្ម​បាន​ចូល​មក​ប្រើ​ដំបង​ឈើ​គប់​ដុំ​ថ្ម​ទៅ​លើ​បង្អូច​ និង​មនុស្ស​។ លោក​បន្ត​ថា វត្ថុ​ទាំង​នោះ​បាន​បង្ក​របួស​លើ​មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្នុង​ហេតុ​ការណ៍ ​ប៉ះទង្គិច​គ្នា​ម្សិលមិញ​នេះ។
លោក​បញ្ជាក់​ថា៖ «​ជា​ការ​ពិត រោងចក្រ​បាន​ត្រៀម​រៀប​ចំ​សេចក្តី​ព្រាង​នីតិវិធី​ច្បាប់​ប្រឆាំង​នឹង​អំពើ​ ហិង្សា​ដែល​បង្ក​ការ​ខូច​ខាត​លើ​រោងចក្រ ជាមួយ​នឹង​រដ្ឋាភិបាល»។
កូដករ​បាន​ថ្លែង​ថា កូដកម្ម​របស់​ពួកគេ​នឹង​បន្ត​កើត​មាន​ជា​ថ្មី​ទៀត។
លោក ហុង លុយ អ្នក​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល​នៅ​រោងចក្រ​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ពី​ការ​ប៉ះទង្គិច​គ្នា​នេះ​ទេ៕ TK
រាយការណ៍​បន្ថែមៈ ជាង សុខា និង Justine Drennan
By Phnom Penh post 

No comments:

Post a Comment