Tuesday, June 4, 2013

គ.ជ.ប អំពាវនាវ​កុំ​ឲ្យ​ឃោសនា​រើស​អើង​សាសនា ជាតិ​សាសន៍


130604_08b
លោក​ ទេព នីថា អគ្គ​លេខា​ធិការ​ គ.ជ.ប​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត គ.ជ.ប បាន​អំពាវនាវ ដល់​គណបក្ស​នយោបាយ​ទាំង​អស់​កុំ​ឲ្យ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​ដែល​ធ្វើ​ឲ្យ​ មាន​ការ​រើស​អើង​សាសនា ឬ​ជាតិ​សាសន៍​និយម ជាមួយ​នឹង​ការ​ព្រមាន​ថា ប្រសិន​បើ​អ្នក​នយោបាយ​ណា​នៅ​តែ​រឹង​រូស​ធ្វើ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត បុគ្គល​នោះ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់។
លោក ទេព នីថា អគ្គ​លេខា​គ.ជ.ប បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​ការ​ឃោសនា​បោះឆ្នោត​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​តែ​គោរព​គោល​ការណ៍​ ច្បាប់ ក្នុង​ការ​ឃោសនា​ពី​គោល​នយោបាយ​របស់​ខ្លួន​។ រាល់​ពេល​ឃោសនា​ស្វែង​រក​សន្លឹក​ឆ្នោត គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ចៀស​វាង​កុំ​រើស​អើង​សាសនា និង​ជាតិ​សាសន៍ ព្រោះ​ថា វា​អាច​បង្ក​ឲ្យ​មាន​កំហឹង និង​អំពើ​ហិង្សា​។
លោក ទេព នីថា បាន​ថ្លែង​ថា៖ «​ឧទាហរណ៍ គណបក្ស [វៀតណាម] នេះ​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ គឺ​ដូច​អ្នក​បោះឆ្នោត​ឲ្យ [វៀតណាម] [វៀតណាម] នឹង​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ។ នេះ​ជា​ករណី​ហាម​ឃាត់​»។
លោក ទេព នីថា បាន​បន្ថែម​ថា ប្រសិន​បើ គ.ជ.ប រក​ឃើញ​ថា គណបក្ស​នយោបាយ​ណា​មួយ​បាន​ឃោសនា​គោល​នយោបាយ​របស់​ខ្លួន​បែប​នេះ​ក្នុង​ពេល​ យុទ្ធនាការ ឃោសនា​បោះឆ្នោត​ពួកគេ​នឹង​ត្រូវ​ណែ​នាំ​ឲ្យ​កែ​តម្រូវ ហើយ​ប្រសិន​បើ​ពួកគេ​មិន​កែ​តម្រូវ យើង​នឹង​បិទ​ការ​ឃោសនា​របស់​ពួកគេ។ លោក​បន្ថែម​ថា៖«ក្នុង​ករណី​មាន​ពាក្យ​បណ្តឹង យើង​នឹង​ដោះស្រាយ​ដោយ​ផ្តន្ទាទោស​តាម​ច្បាប់​បោះ​ឆ្នោត​»។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​មិន​ដែល​ធ្វើ​ការ​ឃោសនា​ដោយ​រើស​អើង ឬ​ជាតិ​សាសន៍​និយម​ឡើយ ចាប់​តាំង​ពី​គណបក្ស​នេះ​បាន​បង្កើត​ឡើង។
លោក សុវណ្ណ បាន​បន្ត​ថា៖ «​យើង​បាន​ធ្វើ​ការ​ឃោសនា ទៅ​តាម​គោល​នយោបាយ​ត្រឹម​ត្រូវ​របស់​យើង​។ យើង​ឃើញ​បែប​នេះ យើង​និយាយ​បែប​នេះ។ ទាល់​តែ​វា​ពិត ទើប​យើង​និយាយ​បើ​មិន​ពិត យើង​មិន​និយាយ​ទេ»។
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ អាណត្តិ​ទី ៥ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ដល់​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី ២៦ ខែ​កក្កដា ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨​ខែ​កក្កដា៕ TK:By Phnom Penh Post

No comments:

Post a Comment