ព្រះសីហនុ ៖ កម្មករនេសាទម្នាក់ដែលធ្លាក់ចូលទឹកសមុទ្របាត់៣យប់៤ថ្ងៃ តាំងពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ មកនោះ ត្រូវគេប្រទះឃើញសាក សពហើយកាលពីរសៀលថ្ងៃទី២៨ ខែមិថុនានេះ នៅខាងត្បូងកោះថាស ខេត្តព្រះសីហនុ ។
បើតាមការបញ្ជាក់ពីម្ចាស់ទូកឈ្មោះ ស្វាយ សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅម្តុំ រំដួលជើងភ្នំ ស្ថិតនៅក្នុងក្រុមទី១៦ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាន់ ភាព ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិស្រែចាមលើ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ថ្ងៃកើតហេតុ ជនរងគ្រោះ បានចុះទូកជាមួយអ្នកបើកទូកម្នាក់ ឈ្មោះ ថា និងកូនដៃទូកម្នាក់ទៀត ទាំងអស់មានគ្នា៣នាក់ ចេញទៅនេសាទត្រី ក្តាម បង្គាដូចធម្មតា នៅឯតំបន់កោះថាស ស្ថិតនៅខាងលិចកណ្តាលសមុទ្រ ក្រុងព្រះសីហនុ ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ២២និង៣០នាទី ទូករបស់គាត់ បានធ្វើដំណើរត្រឡប់មកផ្ទះវិញ ដោយមានកម្មករទូកម្នាក់ ស្ថិតនៅខាងមុខទូក ចំណែកជនរងគ្រោះ ស្ថិតនៅខាងក្រោយទូក ។ លុះមកដល់កំពង់ផែវិញ ស្រាប់តែមិនឃើញជនរងគ្រោះ មិនដឹងជាធ្លាក់ចូលទឹកសមុទ្រ តាំងពីពេលណានោះឡើយ ក៏ប្រញាប់ ប្រញាល់ចេញទៅស្វែងរកវិញតែមិនឃើញ ។
លុះស្អែកឡើង ក៏ឮដំណឹងថា មានទូកនេសាទផ្សេងទៀត រាយមង ទាក់ជាប់សពជនរងគ្រោះ ប៉ុន្តែកម្មករទូកនោះគ្នាខ្លាច ក៏កាត់ផ្តាច់ខ្សែមងនោះទៅ ។ ស្រាប់តែរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣នេះ មានទូកនេសាទផ្សេងទៀត បានប្រទះឃើញ ហើយក៏ប្រាប់មករូបលោក ក៏នាំគ្នាចេញទៅអូសសព មកគោកវិញ ។
ម្ចាស់ទូកខាងលើបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះនេះ ត្រូវបានគេឃើញអណ្តែត នៅខាងត្បូងកោះថាស ដែលមានចម្ងាយពីកន្លែងធ្លាក់ ខាងជើង កោះថាស ប្រមាណជា ១០គីឡូម៉ែត្រឯណោះ ។ នៅថ្ងៃរកឃើញសពនេះដែរ គាត់និងបងប្អូនជនរងគ្រោះគិតថា គ្មានសង្ឃឹមរកឃើញសពជន រងគ្រោះ នោះទេ គាត់ក៏បានប្រគល់ប្រាក់ ទៅឲ្យបងប្អូនជនរងគ្រោះ យកទៅធ្វើបុណ្យ ស្រាប់តែបានប្រហែល ជាពីរបីម៉ោងក្រោយមក ក៏ឮដំណឹងថា សពអណ្តែត ហើយក៏នាំគ្នា ត្រឡប់មកយកសពទៅធ្វើបុណ្យវិញ ។ ក្នុងនោះម្ចាស់ទូក បានឧប្ថម្ភប្រាក់ចំនួន ១,៨០០,០០០រៀល និងឧបត្ថម្ភការ ចំណាយផ្សេងៗចំនួន ៧០០,០០០រៀល បន្ថែម ៕ ដោយ៖ ស្រីផល
No comments:
Post a Comment