Tuesday, June 4, 2013

បេស្បល​កម្ពុជា ត្រៀម​បើក​ឲ្យ​មាន​ការ​ប្រកួត​អន្តរជាតិ

130604_28b
លោក ​​Mick Rhodes ​Natividad​ (អាវ​ខ្មៅ)និង​ក្រុម​កីឡាករ​ជម្រើស​ជាតិ​បេស្បល​កម្ពុជា។ យឺន ពន្លក
ភ្នំពេញៈ ក្រោយ​ឆ្លង​កាត់​ការ​លំបាក​ស្មុគស្មាញ​ជា​ច្រើន​ឆ្នាំ​ដើម្បី​ដំណើរការ​ ពង្រឹង​ពង្រីក​និង​បង្ហាញ​សកម្មភាព​កីឡា​បេស្បល​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ កម្ពុជា​នោះ​នៅ​ពេល​នេះ​សហព័ន្ធ​កីឡា​បេស្បល​កម្ពុជា​កំពុង​តែ​ពង្រឹង​ការ​ ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​គ្រូ​បង្វឹក​មកពី​ប្រទេស​ហ្វីលីពីន នៅ​លើ​ទីលាន​ដ៏​ទំនើប​មួយ​ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១​ដង​ក្នុង​រយៈពេល​៣​ខែ។
លោក Mick Rhodes​Natividad​គ្រូ​បង្វឹក​មកពី​ប្រ​ទេស​ហ្វីលីពីន​បាន​ផ្តល់​បទសម្ភាស​ ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ទីលាន​ហ្វឹកហាត់ កាល​ពី​ចុង​សប្តាហ៍​មុន​ថា​៖​«សព្វ​ថ្ងៃ​នេះ ក្រុម​កីឡាករ​ជម្រើស​ជាតិ​ដែល​បាន​ជ្រើសរើស​ចេញ​ពី​ខេត្ត​ផ្សេង​ៗ​មក​ ហ្វឹកហាត់​ជា​ប្រចាំ​នៅ​ទី​នេះ មាន​ចំនួន​២១​នាក់​ហើយ​ពួកគេ​ត្រូវ​បាន​ផ្តល់​នូវ​ការ​ហូប​ចុក​ស្នាក់​នៅ​ជា ​លក្ខណៈ​ស្តង់ដារ ជា​កីឡាករ​បែប​អន្តរជាតិ​»។
លោក​បាន​ប្រាប់​បន្ថែម​ទៀត​ថា​៖​«​តាម​កម្មវិធី​នៃ​កិច្ចសន្យា​រយៈពេល​ ជិត​ពីរ​ឆ្នាំ សហព័ន្ធ​កីឡា​បេស្បល​កម្ពុជា​មាន​គម្រោង​រៀបចំ​ការ​ប្រកួត​ជាមួយ​ដៃ​គូ​មកពី ​បរទេស ដូចជា​កូរ៉េ​ជប៉ុន​អាមេរិក​ដើម្បី​ដកស្រង់​បច្ចេកទេស​គឺ​ឲ្យ​បាន​១​ដង​ក្នុង ​រយៈពេល​៣​ខែ​ហើយ​បើ​តាម​ការ​បង្វឹក​ផ្ទាល់​របស់​ខ្ញុំ​រាល់​ថ្ងៃ​នេះ គឺ​ខ្ញុំ​អាច​វាយ​តម្លៃ​បាន​ថា​កីឡាករ​បេស្បល​កម្ពុជា​អាច​មាន​កម្រិត​ បច្ចេកទេស​ឬ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ាន»។
កីឡាករ ហ៊ុល សុផូ និង​កីឡាករ​សេង​វ៉ុន​ដែល​ជា​កីឡាករ​បាន​ព្យាយាម​ហ្វឹកហាត់​បេស្បល​យូរ​ជាង​ គេ​នោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖​«​សព្វ​ថ្ងៃ​នេះ​យើង​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​មួយ​ថ្ងៃ​៤​ម៉ោង​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ទំនុក​បម្រុង​ពី​លោក​ញ៉ែម​ថ្ថាវី​ តំណាងរាស្ត្រ​ខេត្ត​កំពង់ធំ​ទាំង​ការ​ហូប​ចុក​និង​ការ​ស្នាក់​នៅ​ព្រម​ទាំង​ បាន​ជួល​គ្រូ​មកពី​ប្រទេស​ហ្វីលីពីន​មក​បង្វឹក​ផ្ទាល់​ជា​ប្រចាំ​ទៀត ហេតុ​នេះ​បើ​តាម​ខ្ញុំ​ពិនិត្យ​ទៅ​លើ​សមត្ថភាព​កីឡាករ​របស់​យើង នៅ​ពេល​នេះ​អាច​មាន​លទ្ធភាព​ប្រកួត​ជាមួយ​កីឡាករ​នៅ​តាម​បណ្តា​ប្រទេស​ អាស៊ាន ក្នុង​ភាព​ប្រហាក់ប្រហែល​គ្នា​មិនមែន​ដាច់​ឆ្ងាយ​ពី​គ្នា​នោះ​ឡើយ»។
ចំណែក​ឯ​លោក​វ៉ាត់​ចំរើន​អគ្គលេខាធិការ​នៃ​NOCC​បាន​ទទួល​ស្គាល់​ថា​កីឡា ​បេស្បល​កម្ពុជា​ពិតជា​ទទួល​រង​នូវ​ឧបសគ្គ​ច្រើន​មែន​ដោយសារ​ជា​ប្រភេទ​កីឡា ​ត្រូវ​ការ​ចំណាយ​ខ្ពស់​ទាំង​លើ​ខោអាវ​សម្ភារ​ហ្វឹកហាត់​និង​ទីលាន ​ព្រម​ទាំង​ទាមទារ​នូវ​អ្នក​ដឹកនាំ​មាន​បច្ចេកទេស និង​ធនធាន​ខ្ពស់​ទៀត ប៉ុន្តែ​មក​ដល់​ពេល​នេះ​អ្វី​ៗ​បាន​ដោះស្រាយ​ត្រួសត្រាយ​រួច​រាល់​អស់​ហើយ​។
លោក​បាន​បន្ថែម​ថា​៖​«​NOCC​បាន​កែទម្រង់​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​ នេះ ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ ហើយ​យើង​បាន​ប្រគល់​ជូន​លោក​ញ៉ែម​ថ្ថាវី​ជា​ប្រធាន​ស្តីទី​សហព័ន្ធ​កីឡា​ បេស្បល​កម្ពុជា ដោយសារ​លោក​មាន​សមត្ថភាព​និង​មាន​ធនធាន​អាច​ទ្រទ្រង់​សកម្មភាព​កីឡា​នេះ​ បាន។ ម្យ៉ាង​ទៀត​លោក​មាន​សេចក្តី​ក្លាហាន​តម្លាភាព​ក្នុង​ការ​ដឹកនាំ​និង​ គ្រប់គ្រង​ហេតុ​នេះ​ប្រសិន​បើ​មាន​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​ផ្លូវការ ​ណា​មួយ​នោះ បេស្បល​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​របស់​ខ្លួន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ ទំនុក​ចិត្ត​ខ្ពស់»។
គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​បី​យ៉ាង​ណា​សហព័ន្ធ​កីឡា​បេស្បល​កម្ពុជា បាន​ខិតខំ​ជំរុញ​ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​របស់​ខ្លួន​បង្កើន​ការ​ ហ្វឹកហាត់​រហូត​មាន​កម្រិត​បច្ចេកទេស​អាច​មាន​សមត្ថភាព​ប្រកួត​ក្នុង​កម្រិត ​អាស៊ាន​ក៏​ដោយ​ប៉ុន្តែ​វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ផង​ដែរ ដែល​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៧​នៅ​ប្រទេស​មីយ៉ាន់ម៉ា នា​ចុង​ឆ្នាំ​២០១៣​ខាង​មុខ​នេះ មិន​មាន​ដាក់​បញ្ចូល​ប្រភេទ​កីឡា​បេស្បល​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ឡើយ​៕ ​
By Phnom Penh Post

No comments:

Post a Comment