ប្រវត្តិភាពយន្តខ្មែរ
ភាពយន្ត ឬកុន (ពាក្យ កុន នេះខ្មែរហៅតាមសៀមដែលសរសេរ កល
តែអានថា កុន) បានចូលមកស្រុកខ្មែរតាមរយៈអាណាព្យាបាលបារាំង។
រោងភាពយន្តទី១ ដំបូងគេនៅទីក្រុងភ្នំពេញមានឈ្មោះថា Brignon
ដែលបានសម្ពោធដាក់បញ្ចាំងនៅក្នុងឆ្នាំ១៩០៩
ដែលមានទីតាំងស្ថិតនៅម្តុំមាត់ទន្លេ។នៅឆ្នាំ១៩៥១ តាមកិច្ចព្រមព្រៀងផ្ទេរអំណាចពីអាណាព្យាបាលបារាំងមកព្រះរាជាណាចក្រ កម្ពុជា មានការបង្កើតការិយាល័យភាពយន្តក្នុងក្រសួងឃោសនាការ ដែលមានភារកិច្ចពិនិត្យមើលភាពយន្តនាំចូលពីបរទេស សំរាប់យកមកបញ្ចាំងជូនសាធារណជនទស្សនា ដែលភាគច្រើនជាខ្សែភាពយន្តបារាំង។ នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៥០ ទើបចាប់ផ្តើមមានភាពយន្តដែលនាំចូលមកពីឥណ្ឌា និងសៀមចូលមកស្រុកខ្មែរ។ ប៉ុន្តែ ភាពយន្តឥណ្ឌាមានប្រជាប្រិយភាពជាង ដោយសារតែសាច់រឿងមានទាក់ទងនឹងរឿងព្រេងបុរាណ មានស្តេច មានឥសី មានរបាំចំរៀងជាដើម ដែលខ្មែរយើងចូលចិត្តមើលណាស់។ គឺពេលនោះហើយ ដែលការកសាងខ្សែភាពយន្តខ្មែរដោយខ្មែរខ្លួនឯង បានចាប់កកើតឡើង។
ក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជាអ្នកថតភាពយន្តខ្មែរមុនដំបូងគេ គឺព្រះអង្គចាប់ផ្តើមថតភាពយន្តខ្លីៗ ដោយប្រើហ្វីល ១៦មីល្លីម៉ែត្រ តាំងពីចុងទសវត្សឆ្នាំ១៩៤០ មកម្ល៉េះ។
ក្រោយមក មានខ្មែរយើងបានទៅរៀនជំនាញបច្ចេកទេសថតភាពយន្តនៅស្រុកបារាំង ដូចជាលោក រឿម ផុន លោក អៀវ ប៉ុណ្ណាការ (កូនប្រុសលោក អៀវ កើស) និងលោក សោម សំអាល់ ជាដើម បានទៅរៀននៅសាលា Institut des Hautes Etudes Cinématographique ។ ក្រោយមក លោក សោម សំអាល់ ថតបានខ្សែភាពយន្តខ្នាតធំមួយរឿងមានចំណងជើងថា ផ្ការីកផ្ការោយ និងបានដាក់បញ្ចាំងជាលើកដំបូង នៅរោងភាពយន្តកាពីតូល នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៦០។

ការផ្សាយដំណឹងបញ្ចាំងកុនរឿង ផ្ការីកផ្ការោយ ក្នុងកាសែត La Dépêche du Cambodge ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៦០
មានអ្នកផលិតភាពយន្តមួយក្រុមទៀត ដែលភាគច្រើនមិនបានទៅរៀនសូត្រនៅសាលាកុនមួយណាទេ តែដោយសារពួកគេស្រឡាញ់កុន និងចង់ប្រកបអាជីវកម្មកុន ដែលកាលណោះ កុនមានប្រជាប្រិយភាព និងមានមនុស្សចូលចិត្តណាស់។ ក្នុងចំណោមអ្នកថតកុនទាំងនោះ មានលោក យី ប៊ុនយីម, លោក អ៊ី វ៉ង់ហែម…។ល។ ដែលក្រោយមក បានក្លាយទៅជាផលិតករភាពយន្តដ៍ល្បីល្បាញនៅទសវត្សឆ្នាំ១៩៦០ និង៧០។
សំរាប់លោក យី ប៊ុនយីម ពីដំបូងគាត់បានទិញម៉ាស៊ីនថតកុន និងហ្វីលកុន ក្នុងឳកាសដែលគាត់បានធ្វើដំណើរទៅក្រុងហុងកុង។ ប្រាក់ដែលគាត់យកទៅទិញសំភារៈកុនដំបូងនេះ គឺបានមកពីការលក់ហាង (ហាងលក់ថ្នាំ) របស់គ្រួសារគាត់។ បន្ទាប់មក គាត់បានលើកយីហោនៅមុខផ្ទះគាត់ និងផ្សព្វផ្សាយរកមនុស្សមកចូលសំដែងក្នុងកុនរបស់គាត់ ដែលថតជាលើកដំបូងមានចំណងជើងថា រន្ទះគ្រួសារ ។ កុននោះគ្មានសំលេងទេ មានតែភ្លេងកំដរថតលើខ្សែអាត់ផ្សេង ហើយនៅពេលបញ្ចាំងម្តងៗ មានមនុស្សប្រុសម្នាក់ និងស្រីម្នាក់ អង្គុយបញ្ចូលសំលេងនៅក្នុងរោងកុនផ្ទាល់តែម្តង។ ក្នុងចំណោមអ្នកបញ្ចូលសំឡេងទាំងនោះមានលោក ឳ ផូ, លោក ចែមសារុន, លោកស្រី សំអានណុល, លោកស្រី កែ វណ្ណចាន់ ជាដើម មានឈ្មោះល្បីល្បាញណាស់។
នៅឆ្នាំ១៩៦២ ក្នុងឳកាសថតកុនខ្នាតអន្តរជាតិរបស់លោក Marcel Carmus មានចំណងជើងថា បក្សីស្ថានសួគ៌ (L’oiseau de Paradis) ដោយដកស្រង់ និងកែសំរួលយកពីក្នុងរឿងរាមាយណៈ ដែលមានឈុតខ្លះតំរូវអោយផលិតករ មកថតដោយផ្ទាល់នៅស្រុកខ្មែរ។ ពេលនោះ លោក Carmus បានសំរេចជ្រើសរើសនារី ហែម ជាតួឯងស្រី។ ក្រោយមក លោក អ៊ី វ៉ង់ហែម បានសំរេចចិត្តប្រឹងប្រែងរៀនសូត្រវិធីថតកុននេះដោយខ្លួនឯង ហើយបានបង្កើតផលិតកម្មមួយមានឈ្មោះថា បក្សីស្ថានសួគ៌ភាពយន្ត ដោយយកតាមចំណងជើងកុនរបស់លោក Marcel Carmus តែម្តង។

សកម្មភាពថតកុនរបស់លោក Marcel Carmus រឿងបក្សីស្ថានសួគ៌ នៅប្រាសាទបុរាណ ទន្លេបាទី ក្នុងឆ្នាំ១៩៦៣
Khmer Cinema Hostory
Khmer Cinema Hostory
នៅដើមទសវត្សឆ្នាំ១៩៦០ លោក រឿម សុផុន បានទិញម៉ាស៊ីនភ្ជាប់ខ្សែអាត់សំឡេងជាមួយរូបភាពហ្វីលតែម្តង ដោយមិនចាំបាច់បញ្ចូលសំឡេងតាមខ្សែអាត់ផ្សេងដូចកាលពីមុនទៀតឡើយ ដែលធ្វើអោយកុនខ្មែរ កាន់តែជាក់ស្តែងឡើង ឯរូបភាពពណ៌ធម្មជាតិរឹតតែភ្លឺច្បាស់ ស្រស់ស្អាតឡើង ដែលធ្វើអោយអ្នកទស្សនា កាន់តែមានភាពរំភើបខ្លាំងឡើងៗដែរ។
នៅឆ្នាំ១៩៦៨ ក្រោមព្រះរាជតំរិះរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ មានការបង្កើតមហោស្រពភាពយន្តអន្តរជាតិមួយនៅទីក្រុងភ្នំពេញ។ មហោស្រពនេះបានប្រព្រឹត្តិទៅយ៉ាងអធឹកអធម ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។ ក្នុងឳកាសនោះ ខ្សែភាពយន្តរឿង ប្រជាកុមារ ដែលជាស្នាព្រះហស្តរបស់ព្រះករុណាសីហនុ ព្រមទាំងសំដែងដោយព្រះករុណាសម្តេចព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ននេះ បានជាប់ចំណាច់ថ្នាក់លេខ១ ទទួលបានពានរង្វាន់ អប្សរាមាស ។
ក្រោយមកមួយឆ្នាំ គឺនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៩ ក៍មានបើកមហោស្រពភាពយន្តថ្នាក់ជាតិម្តងទៀត នៅរោងមហោស្រពព្រះសុរាម្រឹត (រោងមហោស្រពទន្លេបាសាក់ ដែលឆេះអស់)។ បន្ទាប់មក នៅខែវិច្ឆិកាឆ្នាំដដែល រោងកុនមួយមានឈ្មោះថា រោងភាពយន្តរដ្ឋ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ដែលបច្ចុប្បន្នមានឈ្មោះថា រោងកុនចេនឡា នៅជិតភ្លើងស្តុបផ្សារដើម គ សព្វថ្ងៃនេះ។
រហូតមកដល់ដើមទសវត្សឆ្នាំ១៩៧០ ពេលដែលសង្គ្រាមរីករាលដាលពេញផ្ទៃប្រទេស ការថតកុនត្រូវជួបនូវការលំបាក ដោយមិនហ៊ានចេញទៅថតនៅខេត្តឆ្ងាយៗដូចមុនទៀតទេ។ នៅឆ្នាំ១៩៧៣-៧៤ កងទ័ពខ្មែរក្រហមសំរុកចូលក្រុងភ្នំពេញកាន់តែកៀកទៅៗ ហើយស្ថានភាពទូទៅកាន់តែតឹងតែង រហូតដល់មានការហាមឃាត់ និងបិទរោងកុនមិនអោយបញ្ចាំងតែម្តង ដោយសារតែមានការផ្ទុះ ឬបោកគ្រាប់បែកដៃក្នុងរោងកុនជាដើម។ ទាល់តែមកដល់ចុងឆ្នាំ១៩៧៤ និងដើមឆ្នាំ១៩៧៥ ទើបម្ចាស់រោងកុននីមួយៗ សំរេចឈប់បញ្ចាំងដោយខ្លួនឯងតែម្តង។ ពេលនោះ មនុស្សទូទៅលែងហ៊ានចេញពីផ្ទះ ហើយរង់ចាំខ្មែរក្រហមចូលក្រុងភ្នំពេញតែម្តង…។








No comments:
Post a Comment