មិនដូចជាអ្វីដែលព្រះអង្គបានប្រកាសជំហរម៉ឺងម៉ាត់ កាលពីដើមសប្តាហ៍នោះឡើយ ទីបំផុតទៅ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសុខចិត្តប្រកាសទ្រព្យសម្បត្តិ នៅចំពោះមុខអង្គភាពប្រឆាំងអំពើពុករលួយដើម្បីគេចផុតពីការប្រឈមនឹងផ្លូវច្បាប់។ លិខិតប្រកាសទ្រព្យសម្បត្តិ របស់ព្រះអង្គបានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយនៅចុងសប្តាហ៍នេះ ពោលគឺមួយថ្ងៃមុននឹងការផុតកំណត់។
អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតព្រមាន កាលពីថ្ងៃចន្ទ និងបានទុកពេលមួយសប្តាហ៍ដើម្បីឲ្យព្រះអង្គចូលខ្លួនទៅប្រកាសទ្រព្យសម្បត្តិ។ ប្រសិនបើមិនដូច្នោះទេ ព្រះអង្គនឹងត្រូវគេប្តឹងឡើងតុលាការ។ ភ្លាមៗក្រោយទទួលបានលិខិតព្រមាននេះ ព្រះអង្គម្ចាស់ ធម្មិកោ បានបដិសេធមិនព្រមទៅប្រកាសទ្រព្យសម្បត្តិឡើយ ដោយលើកហេតុផលថា រាជវាំងជាស្ថាប័នឯករាជ។ ប៉ុន្តែ ព្រះអង្គបានផ្លាស់ប្តូរព្រះទ័យវិញនៅនាទីចុងក្រោយ។
មិនត្រឹមតែយល់ព្រមប្រកាសទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែព្រះអង្គម្ចាស់ ធម្មិកោ ក៏បានលាឈប់ពីតួនាទីព្រះរាជលេខាផ្ទាល់របស់សម្តេចព្រះមហាក្សត្រីផងដែរ។ គឺជាតួនាទីដែលព្រះអង្គទើបតែទទួលបាន កាលពីខែមីនាកន្លងទៅបន្ទាប់ពីព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បានសោយទីវង្គត។ តួនាទីនេះហើយដែលធ្វើឲ្យព្រះអង្គជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនៅឯអង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះអង្គបានមានបន្ទូលប្រាប់វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃម្សិលមិញថា លិខិតលាលែងពីតួនាទីជាព្រះរាជលេខាផ្ទាល់របស់សម្តេចម៉ែនឹងត្រូវផ្ញើទៅព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងពេលឆាប់ៗនេះ។ ព្រះអង្គម្ចាស់ធម្មិកោបានពន្យល់ថា ការលាចេញពីតួនាទីនេះ គឺដោយសារតែព្រះអង្គមិនចង់ឲ្យអ្នកនយោបាយធ្វើអត្ថាធិប្បាយយកព្រះនាមសម្តេចម៉ែ និងព្រះមហាក្សត្រមកប្រឡាក់ប្រឡូកក្នុងបញ្ហានយោបាយដោយសារតែព្រះអង្គទេ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំទាស់យ៉ាងខ្លាំងទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ធម្មិកោ ដែលថា ព្រះអង្គជាអ្នកតំណាងសង្គមរាស្ត្រនិយមរបស់សម្តេចឪនរោត្តម សីហនុ។ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសការពារសម្តេចម៉ែ និងព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថា ព្រះអង្គទាំងពីរមិនបានជាប់ពាក់ព័ន្ធនឹងការធ្វើនយោបាយរបស់ព្រះអង្គម្ចាស់ធម្មិកោឡើយ៕

No comments:
Post a Comment