Saturday, May 25, 2013

លោកស៊ូបែឌី​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ភាពធូរស្រាល​ជាង​មុន

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ
25/05/2013 by ប៉ែន បូណា
នៅក្នុង​សេចក្តីថ្លែងការណ៍​បញ្ចប់​ទាស្ស​ន​កិច្ច​លើក​ទី៩របស់ខ្លួន​នៅ​ថ្ងៃ​នេះ លោក សុរិយា ប្រាសាទ ស៊ូ​បែ​ឌី បានបញ្ជាក់​ជាបឋម​ថា លោក​មាន​សេចក្តី​រីករាយ​ជាខ្លាំង​ដែល​បាន​ជួប​សន្ទនា​ជាមួយ​តួអង្គសំខាន់ៗជាច្រើន​ជាពិសេស​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល។ កិច្ចសន្ទនា​ទាំងនោះ​ត្រូវបាន​លោក​ស៊ូ​បែ​ឌី​អះអាងថា បាន​ប្រព្រឹត្តទៅ​ដោយស្មោះ​ត្រង់ ស្និទ្ធស្នាល និង​ក្នុងន័យ​ស្ថាបនា។

មន្ត្រី​រដ្ឋាភិបាល​ដែល​លោក​ជួប​ជាមួយ​​មាន​ដូច​ជា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ជាដើម។ នៅ​ក្នុង​ជំនួប​ទាំង​នោះ លោក ស៊ូ​បែឌី អះអាង​ថា លោក​បានទទួល​ព័ត៌មានសំខាន់ៗជាច្រើន ជាពិសេស​មន្ត្រី​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ចំណុច​ខ្វះខាត​ ​ហើយ​ត្រៀមខ្លួន​ដើម្បី​បំពេញ​ការងារ​ជាមួយ​រូបលោក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ។

ក៏​ដូច​ជា​បេសកកម្ម​លើក​ទី៨ កាល​ពី​ខែធ្នូ​ឆ្នាំ ២០១២ ដែរ ការ​មក​ដល់​កម្ពុជា​លើក​នេះ​របស់​លោក ស៊ូ​បែ​ឌី គឺមាន​គោលដៅ​តាមដាន​អនុសាសន៍​របស់​លោក​ដែល​បាន​ដាក់ជូន​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​កន្ល​ង​ទៅ។ អនុសាសន៍​ទាំង​នោះ​ផ្តោតលើ​កំណែទម្រង់​ស្ថាប័ន​មួយចំនួន​ដូចជា តុលាការ រដ្ឋសភា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​កំណែទម្រង់​ការបោះឆ្នោត។ ជា​បឋម លោក​បាន​កត់សម្គាល់​ថា អនុសាសន៍​ទាក់ទង​នឹង​វិស័យ​តុលាការ​មាន​ភាពយឺតយ៉ាវ​យ៉ាង​ខ្លាំង ខណៈ​ដែល​ការកែទម្រង់​រដ្ឋសភា លោក​បាន​ទទួល​ការលើកទឹកចិត្ត​តាម​រយៈ​ការ​ប្តេជ្ញា​​យ៉ាង​មោះមុត​របស់​មន្ត្រី​រដ្ឋសភា។ ចំណែក​ឯ​ការបោះឆ្នោត​វិញ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​អះអាងថា លោក​បាន​ដឹង​ពី​ការព្រួយបារម្ភ​អំពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត។

លោក​ជំរុញ​ឲ្យលើក​បញ្ហាទាំងនោះទៅ​ដោះស្រាយ​ប្រសិន​បើ​គេ​រក​ឃើញ​ថា​មាន​បញ្ហា​មែន​។ ទាក់ទង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច លោក ស៊ូ​បែ​ឌី ក៏​បាន​កត់សម្គាល់​ចំណុច​វិជ្ជមាន​ក្នុង​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែរ។ លោក​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​បន្ត និង​ព​ន្លឿ​ន​កិច្ចការ​នេះ។ ដោយសារ​តែ​បេសកកម្ម​លើក​នេះ​ចំ​ពេល​ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត លោក ស៊ូ​បែ​ឌី បាន​អំពាវនាវ​ឲ្យ​គណបក្សនយោបាយ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ធ្វើ​យ៉ាង​ណា​ឲ្យ​ការបោះឆ្នោត​មាន​ភាពសេរី យុត្តិធម៌ និង​ជាពិសេស ឲ្យ​មាន​ការ​ចូលរួម​ដោយ​សមធម៌​ពី​សំណាក់​បក្សនយោបាយ​ដោយ​ចៀសវាង​ដាច់ខាត​ការប្រើប្រាស់​មធ្យោបាយ​រដ្ឋ​ដើម្បី​បម្រើ​បក្សនយោបាយ។

លោក​ក៏​ចង់ឃើញ​អ្នកនយោបាយ​ខ្មែរ​មាន​ភាពចាស់ទុំ និង​ចេះ​ជជែក​គ្នា​ដោយ​ចៀសវាងឲ្យ​បាន​នូវ​ការប្រមាថ​មើលងាយ​គ្នា​ផងដែរ។ សារសំខាន់​មួយ​ទៀត​របស់លោក ស៊ូ​បែ​ឌី គឺ​លោក​បាន​អំពាវនាវ​កុំ​ឲ្យ​គណបក្សនយោបាយ​លើក​ឡើង​អំពី​ការរើសអើង​ពូជសាសន៍​ដើម្បី​កេង​ចំណេញ​នយោបាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត។ ទាក់ទង​នឹង​បាតុកម្ម​របស់​ក្រុម​និស្សិត និង​អ្នករត់ម៉ូតូឌុប​ប្រឆាំង​នឹង​រូប​លោក​វិញ លោក ស៊ូបែឌី អះអាង​ថា ព្រឹត្តិការណ៍​នោះ​មិន​បាន​ធ្វើ​ឲ្យ​លោក​បាក់មុខ ឬ​ក៏​ងាករេ​ចេញពី​បេសកកម្ម​​របស់​ខ្លួន​ឡើយ៕
TAGS: កម្ពុជា - បោះឆ្នោត - សិទ្ធិមនុស្ស

No comments:

Post a Comment