abcnonstop សូមណែនាំប្រិយមិត្តទៅកំសាន្តនៅរមណីយដ្ឋានថ្មរូង
នៅពេល ដែលគេនិយាយពីការធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤
គឺគេច្រើនសំដៅទៅកាន់ដំណើរកម្សាន្តទៅកាន់ខេត្តមួយ
ដែលមានឆ្នេរសមុទ្រដ៏សក្បស់ និងទឹកសមុទ្រដ៏ថ្លាឈ្វេង
នៃព្រះរាជាណាចក្រកម្ពុជា។ នោះគឺ ខេត្តព្រះសីហនុ។ យ៉ាងណាមិញ
ប្រសិនបើអ្នកទេសចរណ៍ចោលភ្នែកបន្តិច ងាកមើលទៅខាងស្តាំដៃ
ចម្ងាយប្រហែលជា១១៦ ទៅ១១៩គីឡូម៉ែតពីរាជធានីភ្នំពេញ
នៅអំឡុងពេលដែលពួកគាត់កំពុងធ្វើដំណើរនោះ។ ពួកគាត់
នឹងបានឃើញផ្លាកមួយ
ដែលបញ្ជាក់ប្រាប់ពីផ្លូវចូលទៅកាន់រមណីយដ្ឋានដ៏ស្រស់ត្រកាល
និងគួរជាទីទាក់ភ្នែក ទាក់អារម្មណ៍មួយ។ នោះគឺ
រមណីយដ្ឋាន“ថ្មរូង”។
“ថ្មរូង” គឺជារមណីយដ្ឋានទឹកធ្លាក់មួយ ដែលទើបតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងប្រហែលជាប៉ុន្មានឆ្នាំចុង ក្រោយនេះ។ រមណីយដ្ឋាន“ថ្មរូង”នេះ គឺស្ថិតនៅឃុំសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ កាលពីមុន តំបន់នេះ គឺជាព្រៃយ៉ាងក្រាស់ ដែលមានត្រឹមតែពួកព្រានព្រៃ និងអ្នកដើររកឈើតែប៉ុណ្ណោះ ដែលអាចចូលមកដល់បាន។
ប៉ុន្តែសព្វថ្ងៃ តំបន់នេះ បានក្លាយជារមណីយដ្ឋានទឹកធ្លាក់មួយដ៏ស្រស់បំព្រង និងនៅរុំព័ទ្ធជុំវិញទៅដោយព្រៃយ៉ាងក្រាស់។ ទឹកធ្លាក់ពីលើភ្នំនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ និងបានផ្តល់ជាមុខរបរដល់ប្រជាជន ដែលរស់នៅជុំវិញតំបន់នេះ។
លោក ឡាក់ ទី អាយុ៣៩ឆ្នាំ ដែលជាអាជីវករមួយរូប និងជាម្ចាស់តូប នៅរមណីយដ្ឋានទឹកធ្លាក់ “ថ្មរូង”នេះ បាននិយាយថា៖ “វាបានធ្វើឲ្យជីវភាពគ្រួសារបានប្រសើរ…ហើយដោយសារតែប្រជាពលរដ្ឋ នៅតំបន់នេះ ចេះជួយសាមគ្គីគ្នា និងមានការជ្រុំជ្រែងពីរាជរដ្ឋាភិបាលយ៉ាងខ្លាំងនោះ រមណីយដ្ឋានទឹកធ្លាក់នេះ មានការសំអាតអភិរក្សបានល្អ ដែលធ្វើឲ្យទីនេះកាន់តែមានភាពស្រស់ស្អាត និងរុំព័ទ្ធទៅដោយធម្មជាតិព្រៃយ៉ាងក្រាស់”។
រមណីយដ្ឋានទឹកធ្លាក់នេះ បានចែកជា៣ជាន់ ដែលគេហៅថា ទឹកធ្លាក់ជាន់ទី១ ទឹកធ្លាក់ជាន់ទី២ និងជាន់ទី៣។ អ្នកទេសចរណ៍ភាគច្រើន តែងនាំគ្នាលេងត្រឹមតែទឹកធ្លាក់ទី១ប៉ុណ្ណោះ ព្រោះថាទឹកធ្លាក់ជាន់ទី២ និងជាន់ទី៣ មានសភាពស្ងាត់ និងសំបូរទៅដោយព្រៃក្រាស់។ ប៉ុន្តែ ទឹកធ្លាក់ជាន់ទី២ និងទី៣នេះ មានសម្លេងទឹកហូរមិនដាច់ និងមានធម្មជាតិស្រស់បំព្រង។ ក្រៅពីនេះ នៅផ្នែកទាំងពីរនេះ មានរូងជាច្រើនកន្លែង ដែលអាចចុះទៅទៅកាន់រូងផ្សេងៗទៀត ហើយមានផ្ទាំងថ្មធំៗជាច្រើន។ ដូច្នេះ គេហៅថាតំបន់នេះថា “ថ្មរូង”។
មិនបាច់និយាយសំដៅដល់ជាន់ខាងលើនៃទឹកធ្លាក់ថ្មរូង ដែលស្តាប់មើលទៅធ្វើឲ្យយើងមានអារម្មណ៍អន្ទះសារចង់ទៅលេងទស្សនានោះ ទេ គឺត្រឹមតែជាន់ខាងក្រោម ដែលជាតំបន់កម្សាន្តធម្មតានោះ ក៏វាមានភាពទាក់ទាញណាស់ទៅហើយ។
ទីនេះ ផ្គួបផ្សំនូវទេសភាពដ៏ល្អវិចិត្រ នៃទឹកធ្លាក់ថ្លាឈ្វេងកំពុងហូររឹមៗលើផ្ទាំងសិលាភ្នំធំៗ ហើយអមទៅដោយរុក្ខធម្មជាតិមានពណ៌បៃតង ចាស់ ខ្ចី ព្រមទាំងមានខ្យល់បក់ទៅមកៗរវិចៗ រួមផ្សំនឹងសម្លេងសត្វយំ និងក្លិនឈ្ងុយឈ្ងុបនៃអាហារបែបខ្មែរ ដែលគេបានចំអិនផងនោះ។ ទាំងនោះ បានធ្វើឲ្យរមណីដ្ឋាន “ថ្មរូង” ក្លាយទៅជាទីកម្សាន្តមួយ ដែលផ្តល់នូវអារម្មណ៍សុភមង្គលដល់អ្នកដែលមកកម្សាន្ត។
នួម វណ្ណេត អាយុ២២ឆ្នាំ និស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម បាននិយាយថា៖ “ខ្ញុំ ធ្លាប់បានឮជាយូរហើយថាមានទឹកធ្លាក់ថ្មរូង នៅតាមផ្លូវទៅកាន់ខេត្តព្រះសីហនុ។ ប៉ុន្តែទើបតែពេលនេះ ទើបខ្ញុំមានពេលមកលេងកម្សាន្តជាមួយនឹងមិត្តភក្តិរបស់ខ្ញុំ។ ហើយប្រសិនបើមានឱកាស ខ្ញុំនឹងនាំក្រុមគ្រួសាររបស់ខ្ញុំមកកម្សាន្ត នៅកន្លែងដ៏រ៉ូមេទិកមួយនេះជាមួយគ្នាតែម្តង”។
លោកបានបន្តថា៖ “បរិយាកាសដ៏ស្រស់ថ្លា សម្រស់ទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានថ្មរូងធម្មជាតិនេះ ស្ទើរតែ ធ្វើឲ្យខ្ញុំលែងចង់ត្រលប់ទៅវិញហើយ ព្រោះនៅទីនេះមិនត្រឹមតែធ្វើឲ្យពួកយើងមានអារម្មណ៍ថា សប្បាយរីករាយនោះទេ តែវាបានជួយឲ្យយើងភ្លេចអស់នូវទុក្ខកង្វល់ផ្សេងៗបានយ៉ាងច្រើន ថែមទៀតផង”៕
No comments:
Post a Comment